ក្រសួងកសិកម្ម បង្ហាញស្នាដៃទី១ លើសៀវភៅ «កេសរកូលព្រៃនៅកម្ពុជា» និង«ឈើនៅកម្ពុជា»

10/07/2021 4:18 pm ភ្នំពេញ


ដោយ៖ ផាត ដាណេ

ភ្នំពេញ៖ ដើម្បីអបអរសាទររុក្ខទិវា ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញសៀវភៅរុក្ខជាតិចំនួន២ក្បាលជាសាធារណៈ ដែលរៀបរាប់អំពីប្រភេទកេសរកូល និងឈើប្រណិតនៅកម្ពុជា។


 
បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម សៀវភៅទី១ មានចំណងជើងថា កេសរកូលព្រៃនៅកម្ពុជា (Wild Orchids of Cambodia 2021) និងសៀវភៅទី២ មានចំណងជើងថា ឈើនៅកម្ពុជា (Timbers of Cambodia 2021)។ សៀវភៅទាំង២នេះ រដ្ឋបាលព្រៃឈើបានចំណាយពេលជិត១០ ឆ្នាំសិក្សាស្រាវជ្រាវ​ និងរៀបរៀងឡើង។
 
«កេសរកូលព្រៃ» ជាសៀវភៅទី១របស់កម្ពុជា មាន២២៣ទំព័រ ដែលបង្ហាញឱ្យអ្នកអានបានស្គាល់នូវប្រភេទកេសរកូលព្រៃខ្មែរ មានជាង២០០ប្រភេទទូទាំងប្រភេទកម្ពុជា។ បើតាមអ្នកស្រី ណៃ ស៊ីខឿន មន្រ្តីក្រសួងកសិកម្ម និងជាអ្នករៀបរៀងសៀវភៅនេះ បានលើកឡើងដូច្នេះ៖«សៀវភៅកេសរកូលនឹងមានវត្តមានដាក់តាំងនៅបណ្ណាល័យជាតិ បណ្ណាល័យធំៗជាច្រើន ស្ថាប័នរដ្ឋ និងបណ្ដាសាកលវិទ្យាល័យនានា ដើម្បីជាមគ្គុទេសក៍សម្រាប់កូនចៅជំនាន់ក្រោយងាយស្រួលក្នុងការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ពីកេសរកូលព្រៃនៅកម្ពុជា»។

រូបភាពពីហ្វេសប៊ុកលោក វេង សាខុន

អ្នកស្រី បន្តថា សៀវភៅនេះ រៀបរៀងឡើងជាភាសាខ្មែរ ប៉ុន្តែក្រសួងនឹងសរសេរជាភាសាអង់គ្លេស។ កន្លងមក ពលរដ្ឋខ្មែរមួយចំនួននៅមិនទាន់ស្គាល់ប្រភេទកេសរកូលខ្មែរ និងមានការយល់ច្រឡំថា ជារុក្ខជាតិនាំចូលពីបរទេស។
 
ចំពោះសៀវភៅ«ឈើនៅកម្ពុជា» ក៏ជាស្នាដៃទីមួយ ដែលបង្ហាញពីរូបភាពឈើសំខាន់ៗចំនួន១២២ប្រភេទ រាប់ចាប់ពីចំណាត់ទី១,ទី២​,ទី៣ និងឈើក្រៅលំដាប់ ដែលសុទ្ធតែជាឈើប្រណិតៗ។ តាមរយៈសៀវភៅនេះ ប្រជាពលរដ្ឋ នឹងអាចយល់បានអំពីសាច់ឈើបានច្បាស់ ហើយក៏អាចប្រៀបធៀបបានផងដែរ៕

 

ព័ត៌មានទាក់ទង