ភូមិអណ្ដូងឫស្សី និងភូមិចំបក់ ទីតាំងផលិតក្អមឆ្នាំងដ៏ល្បីល្បាញប្រចាំខេត្តកំពង់ឆ្នាំង

20/02/2022 11:00 am កំពង់ឆ្នាំង

ដោយ៖ ហុង ស្រីណា

ភូមិអណ្តូងឫស្សី និងភូមិចំបក់ ក្នុងស្រុករលាប្អៀរ គឺជាភូមិដែលផលិត ចង្ក្រាន ក្អម ឆ្នាំង ពាង និងសម្ភារធ្វើពីដីជាច្រើនទៀតដ៏ល្បីល្បាញប្រចាំខេត្តកំពង់ឆ្នាំង។ នៅទីនោះគេធ្វើក្អមឆ្នាំង ដោយប្រើដីឥដ្ឋ ដែលយកដីពីភ្នំ«ក្រាំងដីមាស» ដើម្បីកែច្នៃ និងផលិតក្អម ឆ្នាំង និងចង្ក្រានផងដែរ។



សៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ថា ប្រជាជនជាច្រើនក្នុងភូមិ ឃុំ ស្រុក នៃតំបន់ទំនាបជុំវិញបឹងទន្លេសាប បាននាំគ្នាធ្វើសិប្បកម្មស្មូនដី។ ពេលផលិតឧបករណ៍ទាំងនោះរួចស្រេច គេបានដាក់លក់នៅកំពង់ទឹក ដែលជាប់នឹងដងទន្លេសាប។ ក្រៅពីលក់ក្នុងខេត្ត គេក៏បានលក់ពាសពេញប្រទេសតាមផ្លូវគោកនិងផ្លូវទឹកផងដែរ។ កំពង់ទឹកនេះ បានក្លាយជាកន្លែងលក់ដូរឧបករណ៍ប្រើប្រាស់ធ្វើអំពីដីដុតដ៏សំខាន់ក្នុងខេត្តនេះ។ គេបានដាក់ឈ្មោះកំពង់ទឹកនោះថា កំពង់ឆ្នាំង។ បន្ទាប់មក គេបានដាក់ឈ្មោះខេត្តនេះថា ខេត្តកំពង់ឆ្នាំងតែម្ដង។

ក្រៅពីនេះ ខេត្តដែលនៅជាប់បឹងទន្លេសាបមួយនេះ ក៏ជាកំពង់ផែនេសាទ ផែទូកកាណូតដឹកទំនិញ និងដឹកអ្នកដំណើរដ៏ធំមួយ លើផ្លូវទឹកពីភ្នំពេញទៅសៀមរាប។ ខេត្តដែលមានចម្ងាយ៩១គីឡូមែត្រពីក្រុងភ្នំពេញនេះ ក៏ជាជង្រុកស្រូវសម្រាប់កម្ពុជាផងដែរ ព្រោះប្រជាជនអាចធ្វើស្រូវវស្សា ស្រូវប្រាំង និងស្រូវឡើងទឹក។ លើសពីនេះ គេក៏បានដាំសណ្តែកបាយ ឪឡឹក និងបន្លែ នៅតាមច្រាំងទន្លេទៀងផង។ តំបន់នេះ ក៏ជាកន្លែងនេសាទដ៏សកម្ម ហើយគេក៏មានចិញ្ចឹមត្រីផងដែរ។

ចំណែក ព្រៃ៦០ភាគរយនៃផ្ទៃដីខេត្តកំពង់ឆ្នាំង គឺជាជម្រកសត្វជាច្រើនប្រភេទ។ នៅជិតក្រុង មានអាកាសយានដ្ឋានធំមួយ សាងសង់នៅឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ក្រោមរបបផ្តាច់ការខ្មែរក្រហម។ សព្វថ្ងៃ គេមិនប្រើទៀតឡើយ ព្រោះសំណង់មិនទាន់ចប់សេ្រចនៅឡើយ។ 
ជាងនេះទៅទៀត បើគេជិះទូកឆ្លងទៅត្រើយខាងជើង គេអាចទស្សនាប្រាសាទបុរាណមុនសម័យអង្គរ និងស្ថានីយបុរេប្រវត្តិសំរោងសែននៅលើដីទួលមួយនៅទំនាបបឹង។

ឯកសាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ឈ្មោះខេត្តកំពង់ឆ្នាំង កើតចេញពីឈ្មោះមាត់កំពង់ទឹកមួយ ដែលជាកន្លែងមនុស្សសម័យមុនលក់ដូរសម្ភារប្រើប្រាស់ធ្វើពីដី។ កាលនោះ គេមិនទាន់រកឃើញលោហៈធាតុ ដើម្បីកែច្នៃជាឧបករណ៍ប្រើប្រាស់នៅឡើយទេ ហើយមានតែដីប៉ុណ្ណោះ ដែលអាចគេយកច្នៃជាសម្ភារប្រើប្រាស់ដូចជា ចង្ក្រាន, ក្អម, ឆ្នាំង សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ៕ 

 

ព័ត៌មានទាក់ទង