លោក ពន្លឺចិត្តករុណា សម្រុកដាំម្នាស់ទឹកឃ្មុំ ក្រោយវិនិយោគិនបរទេស ទទួលស្គាល់រសជាតិ និងគុណភាព

20/07/2021 5:00 pm ស្ទឹងត្រែង

ដោយ៖ អ៊ូ សុខមាន​

ភ្នំពេញ៖ លោក សាយ ពន្លឺចិត្តករុណា  ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំមួយកន្លែង ដែលស្ថិតនៅក្នុងឃុំអូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នកសិករវ័យ៣៧ឆ្នាំ លោក ករុណា ដាំម្នាស់ទឹកឃ្មុំបានចំនួន២០ម៉ឺនដើម ហើយក៏គ្រោងពង្រីកការដាំដុះ ឱ្យកើនដល់៤៥ម៉ឺនដើម នៅលើផ្ទៃប្រមាណ១០ហិកតា នាដំណាច់ឆ្នាំ២០២១នេះ។ ការសម្រុកដាំម្នាស់ទឹកឃ្មុំនេះ  គឺបន្ទាប់ពីមានឈ្មួញមកពីក្រុងឌូបៃ (ប្រទេសអារ៉ាប់រួម) និងអ៊ីស្រាអែល បានស្គាល់រសជាតិ និងគុណភាពម្នាស់របស់ខ្លួន ខណៈតម្រូវការទីផ្សារ នៅតែមានភាពល្អប្រសើរ។



កន្លងមកមានឈ្មួញមកពីបរទេសជាច្រើន បានទទួលស្គាល់អំពីរសជាតិ និងគុណភាពនៃផ្លែម្នាស់ទឹកឃ្មុំ ដែលចេញពីចម្ការរបស់ លោក ពន្លឺចិត្តករុណា ហើយឈ្មួញទាំងនោះ ក៏មានផែនការបញ្ជាទិញផ្លែម្នាស់ ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនផងដែរ។ ប៉ុន្តែដោយសារតែលទ្ធភាពនៃការដាំម្នាស់ទឹកឃ្មុំរបស់កសិកររូបនេះ នៅមានទំហំតូច រួមផ្សំនឹងវិបត្តិកូវីដ-១៩ថែមទៀត បានធ្វើឱ្យការវិនិយោគ ឬការបញ្ជាទិញពីបរទេសនោះ ត្រូវបានពន្យារពេលរហូតមកដល់សព្វថ្ងៃ។ នេះជាការលើកឡើងរបស់អតីតនិស្សិតកសិកម្ម លើជំនាញកែច្នៃផលិតផលកសិកម្មរូបនេះ។ 
 

ចម្ការម្នាស់ទឹកឃ្មុំរបស់លោក សាយ ពន្លឺចិត្តករុណា។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី២៣ មិថុនា លោក ពន្លឺចិត្តករុណា បាននិយាយដូច្នេះ៖«ឈ្មួញខាងឌូបៃ និងអ៊ីស្រាអែល បានយកម្នាស់របស់ខ្ញុំទៅប្រទេសគេ ដើម្បីតេស្តរសជាតិ និងគុណភាព ហើយគេប្រាប់ខ្ញុំវិញថា ម្នាស់ខ្ញុំក៏ល្អឥតខ្ចោះ និងមានរសជាតិឆ្ងាញ់»។ ម្ចាស់កសិដ្ឋានម្នាស់ទឹកឃ្មុំរូបនេះ បន្តរៀបរាប់ថា៖«ពាក់ព័ន្ធនឹងតម្លៃនោះ ខ្ញុំក៏បញ្ចុះឱ្យគេថោកមែនទែនផងដែរ ដើម្បីឱ្យឈ្មួញមានលទ្ធភាពទិញម្នាស់ពីយើង ប៉ុន្តែវាទាមទារឱ្យយើងមានការវិនិយោគបន្ថែម ដើម្បីអាចដាំម្នាស់ចាប់ពី១លានផ្លែឡើងទៅ ទើបអាចលក់បានក្នុងតម្លៃទាបណាមួយ ជូនឈ្មួញបរទេសទាំងនោះ»។ 
 
អស់រយៈពេល១៣ឆ្នាំមកហើយ ដែល លោក ពន្លឺចិត្តករុណា ដាំម្នាស់ទឹកឃ្មុំ នៅលើផ្ទៃដីជាង១០ហិកតា ទៅតាមបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ ដោយធានាបាននូវសុវត្ថិភាព។ បច្ចុប្បន្ន ក្រោយមានការទទួលរសជាតិ និងគុណភាពពីឈ្មួញបរទេសនោះ លោក ពន្លឺចិត្តករុណា បានខ្ចីប្រាក់ចំនួន៩ម៉ឺនដុល្លារ ពីធនាគារឯកជន ដើម្បីពង្រីកការរីកដាំដុះម្នាស់ទឹកឃ្មុំ ដោយសម្រេចបាន២០ម៉ឺនដើម ហើយត្រៀមពង្រីកការដាំដុះនេះ ឱ្យបានដល់៤៥ម៉ឺនដើម នៅបំណាច់ឆ្នាំ២០២១។  


 លោក សាយ ពន្លឺចិត្តករុណា​ (រូបមុខ) ម្ចាស់កសិដ្ឋានម្នាស់ទឹកឃ្មុំ នៅខេត្តស្ទឹងត្រែង។

«ប្រសិនបើយើងដាំតិចជាងហ្នឹង នៅពេលដែលមានការវិវត្តល្អ ពិសេសចប់កូវីដ-១៩ ហើយដៃគូគេមកសហការជាមួយយើង គឺវាអាចយឺតការងារ។ អ៊ីចឹង! ខ្ញុំចាប់ធ្វើពីឥឡូវ ទម្រាំដល់ដំណាច់ឆ្នាំ២០២១ ទាំងផលិតកម្មនៃការដាំដុះ និងបញ្ជាទិញពីបរទេស វានឹងដំណើរការដោយរលូន»។  លោក សាយ ពន្លឺចិត្តករុណា បានរៀបរាប់បន្ថែមដូច្នេះ។
 
ក្រៅពីមានសុទិដ្ឋិនិយមនៅទីផ្សារបរទេស ម្ចាស់កសិដ្ឋានម្នាស់ទឹកឃ្មុំរូបនេះ ក៏សំឡឹងឃើញថា ទីផ្សារក្នុងស្រុកក៏មានភាពល្អប្រសើរដែរ  ទឹកម្នាស់(កែច្នៃ) និងទាំងផ្លែម្នាស់ស្រស់ បើទោះបីជា ជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅកម្ពុជា ក៏ដោយ។ ម្ចាស់កសិដ្ឋានម្នាស់ទឹកឃ្មុំរូបនេះ ក៏មានសិប្បកម្មកែច្នៃទឹកម្នាស់មួយកន្លែង ដែលមានលទ្ធភាពផលិតទឹកម្នាស់បានពី៣,០០០ ទៅ៤,០០០ដប ក្នុងមួយថ្ងៃដែរ។ សព្វថ្ងៃលោកកំពុងស្វែងរកដៃគូវិនិយោគលើការផលិតកម្មកែច្នៃម្នាស់ និងបង្កើតសហគមន៍អ្នកដាំម្នាស់នេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅបរទេស៕


 

ព័ត៌មានទាក់ទង