កម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់ និងទំនិញបង្កកពីឥណ្ឌាវិញ តែភ្ជាប់លក្ខខណ្ឌ២យ៉ាង

23/06/2021 9:00 am ភ្នំពេញ

កម្ពុជា សម្រេចលើកលែងបម្រាមលើការនាំចូលសាចបង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌ មានសភាពធូរស្រាល ហើយសាច់បង្កក និងទំនិញបង្កកពីប្រទេសនេះកន្លងមកមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩។ នេះបើតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៩ មិថុនា។

​តាមលិខិតដដែល ដ្បិតតែរដ្ឋាភិបាលដកចេញបម្រាមនាំចូល ប៉ុន្តែ​កម្ពុជាក៏តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមថាទំនិញទាំងនោះគ្មានកូវីដ-១៩ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ។ បន្ថែមពីនេះ នៅពេលទំនិញទាំងនោះមកដល់កម្ពុជា ត្រូវយកសំណាកធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រ មុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

លិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បញ្ជាក់ដែរថា លក្ខខណ្ឌទាំង ២ខាងលើនេះ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញតែម្តង ផ្អែកលើស្ថានភាពធូរស្រាលនៃការរាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងបើសិនជាលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កក ទាំងនោះ អវិជ្ជមាន ជាបន្តបន្ទាប់នោះ។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ឧសភាមក​ កម្ពុជា បាន​ផ្អាកនាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ជា​បណ្តោះអាសន្ន​ ដោយសារ​​ ​គ្រានោះ​ជំងឺ​កូ​វីដ​-១៩ បានរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេស​ឥណ្ឌា៕

\\


 

ព័ត៌មានទាក់ទង