របត់អាជីវកម្មផ្សារទំនើបនៅកម្ពុជា! តើម្ចាស់ផ្សារទំនើប និងអាជីវករគួរផ្លាស់ប្ដូរការលក់បែបណា?

22/06/2021 5:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី 

ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យលក់ទំនិញបែបឌីជីថល ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ម្ចាស់មុខជំនួញនៅក្នុងវិស័យនេះ បានខ្នះខ្នែងស្វែងរកដំណោះស្រាយ ក្នុងការពង្រឹង និងបង្កើតឱកាសថ្មីជានិច្ច។ ម្ចាស់អាជីវកម្មផ្សារទំនើប អាជីវករ អ្នកពាក់ពន្ធ័ទាំងអស់ សុទ្ធតែត្រូវបត់បែនរៀនរស់នៅក្នុងគន្លងថ្មី នៃមុខជំនួញមួយនេះ។ មិនថាបច្ចុប្បន្ន និងទៅថ្ងៃមុខ តើគំរូអាជីវកម្មប្រភេទនេះ នឹងវិវត្តន៍បែបណា?


 
កូវីដ-១៩ បានធ្វើឱ្យអាជីវកម្មជាច្រើន ជួបបញ្ហា ដោយខ្លះប្រឈមបិទអាជីវកម្ម ឬកាត់បន្ថយបុគ្គលិកជាដើម។ ទន្ទឹមនឹងនេះ អាជីវកម្មផ្សារទំនើបនៅកម្ពុជាវិញ ក៏បានផ្លាស់ប្ដូរវិធីសាស្រ្តនៃការលក់ ដើម្បីរក្សាប្រភពចំណូល និងជំរុញការលក់ផងដែរ។ 

លោកស្រី ជា សុខហៀក អគ្គនាយិកាផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍  បានបង្ហាញនូវទស្សនវិស័យ និងយុទ្ធសាស្រ្តសម្រាប់ជំរុញវិស័យលក់រាយ តាមរយៈការបង្កើតទម្រង់អាជីវកម្មថ្មី ដែលច្របាច់បញ្ចូលគ្នា នូវការលក់ទំនិញតាមហាងក្នុងផ្សារទំនើប និងលក់តាមអនឡាញ។ បើតាមលោកស្រី ជា សុខហៀក ដើម្បីជំរុញការលក់ឱ្យមានប្រសិទ្ធភាព ត្រូវសិក្សាពីទម្រង់អាជីវកម្មរបស់ខ្លួនឡើងវិញ។ ជាមួយគ្នានេះ អ្នកដឹកនាំត្រូវដឹងថា អ្វីគួរបន្ត បន្ថែម បន្ថយ និងមានការកែប្រែ ទាំងបច្ចុប្បន្ន និងបន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយ។ 



អគ្គនាយិកាផ្សារទំនើបសូរិយា លើកឡើងយ៉ាងដូច្នេះ៖ «គួររៀបចំទីតាំងបត់បែនច្នៃប្រឌិតបង្កើតថ្មី ហើយឌីជីថលបានដើរតួនាទីយ៉ាងសំខាន់សឹងតែមិនអាចខ្វះបាន ដែលរឹតតែចាំបាច់។ ម្ចាស់អាជីវកម្មត្រូវចេះត្រៀមខ្លួនជានិច្ច ទាំងខ្នាតតូច និងខ្នាតធំ តាមរយៈប្រពន្ធ័គ្រប់គ្រង និងពង្រឹងធនធានមនុស្ស ដែលមានស្រាប់ តាមរយៈវគ្គសិក្សាអនឡាញ»។

បន្ថែមលើនេះ ផែនការនិរន្តរភាពអាជីវកម្ម ម្ចាស់អាជីវកម្មត្រូវត្រៀមជាមុន និងបត់បែនឱ្យទាន់ ប្រសិនបើយឺតយ៉ាវ អាចប្រឈមមុខនឹងការបិទទ្វាតែម្តង។ ម្ចាស់អាជីវកម្ម ក៏ត្រូវសិក្សាពីស្ថានភាព និងធ្វើការច្រើនជាងមុន ដោយប្រើបច្ចេកវិទ្យា App ផ្សារភ្ជាប់ជាមួយតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និង ប្រពន្ធ័ QR កូដ ផងដែរ។



លោកស្រី ជា សុខហៀក បន្តថា ចំណុចទាំងនេះ បានជំរុញវិស័យឌីជីថលនៅកម្ពុជាឱ្យកាន់តែលេចធ្លោ ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា ជួយដល់ធនធានខ្មែរឱ្យកាន់តែមានចំណេះដឹងច្បាស់លាស់ ក្នុងបរិបទថ្មី ដែលកំពុងតែមានភាពពេញនិយម និងវិវត្តន៍ទៅមុខឥតឈប់ឈរ៕ 

ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី ជាមួយលោកស្រី ជា សុខហៀក អគ្គនាយិកាផ្សារទំនើបសូរិយា ក្នុងកម្មវិធី «អាជីវកម្មជំនាន់ថ្មី» ស្តីពី របត់អាជីវកម្មផ្សារទំនើបក្នុងស្ថានភាពកូវីដ! ដូចតទៅ៖ 
 


 

 

ព័ត៌មានទាក់ទង