លោក ហុង ម៉េងលី៖ យុវជន មិនគួរមើលរំលងការងារកំប៉ិកកំប៉ុក នៅក្នុងបរិបទកូវីដ-១៩ឡើយ

01/09/2021 1:00 pm ភ្នំពេញ


ដោយ៖ អ៊ុត រស្មី

ភ្នំពេញ៖ លោក ហុង ម៉េងលី ជាបុគ្គលិកហាងកាហ្វេឈៀងម៉ៃ ដែលស្ថិតនៅតាមចិញ្ចើមផ្លូវ ៤៧៤ សង្កាត់បឹងត្របែក រាជធានីភ្នំពេញ។ បញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ យុវជនវ័យ២៣ឆ្នាំ រូបនេះ មិនបានរើសអើងការងារតាមចិញ្ចើមផ្លូវឡើយ។ ផ្ទុយទៅវិញ លោកយល់ថា ការងារអ្វីក៏ដោយ សុទ្ធតែមានតម្លៃ។ ក្រៅពីផ្ដល់ប្រាក់កម្រៃ ការងារនេះ បានផ្ដល់បទពិសោធន៍ជាច្រើនដល់រូបលោក។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាង លោក ហុង ម៉េងលី ជាបុគ្គលិកហាងកាហ្វេឈៀងម៉ៃ ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

ក្នុងបរិបទជំងឺកូវីដ-១៩ បុគ្គលិក ជាច្រើនជួបវិបត្តិហិរញ្ញវត្ថុ ដោយសារបាត់បង់ការងារ។ សម្រាប់លោក ហុង ម៉េងលី យុវជន មិនគួរមើលរំលងការងារកំប៉ិកកំប៉ុក ឡើយព្រោះការងារនេះ អាចជួយដោះស្រាយជីវភាពក្នុងគ្រាលំបាកបាន។ ការងារប្រចាំថ្ងៃរបស់ ម៉េងលី គឺលក់កាហ្វេនៅហាងផ្ទាល់ ជួយការងារគណនេយ្យបិទបញ្ជីប្រចាំថ្ងៃ និងត្រូវដឹកជញ្ជូនកាហ្វេ ឱ្យអតិថិជនដល់កន្លែងផងដែរ។ ទោះត្រូវធ្វើការងារច្រើនបន្តិច និងប្រឈមជំងឺកូវីដ ដោយសារជួបអតិថិជនច្រើន តែយុវជនរូបនេះ មិនរួញរា និងបានអះអាងថា ខ្លួនបានការពារវិធានការសុវត្ថិភាពយ៉ាងខ្ជាប់ខ្ជួន។

«ខ្ញុំគិតថា ការងារធ្វើនៅក្នុងហាង និងធ្វើខាងក្រៅនេះ មានភាពស្រដៀងគ្នា។ គ្រាន់តែធ្វើការនៅក្នុងហាង មានម៉ាស៊ីនត្រជាក់។ ប៉ុន្តែសម្រាប់ខ្ញុំវិញ ធ្វើការក្រោមកម្ដៅថ្ងៃពិតមែន ប៉ុន្តែខ្ញុំធ្វើការទាំងក្ដីស្រលាញ់ ហើយបានធ្វើការជាមួយអ្នកជំនាញ ដែលខ្ញុំចង់រៀនពីគាត់បន្តទៀត»។ នេះជាការបញ្ជាក់របស់ លោក ម៉េងលី។ 

មានបទពិសោធន៍ឆុងកាហ្វេ រយៈពេល៣ឆ្នាំ ទៅថ្ងៃខាងមុខ លោក ម៉េងលី មានបំណងបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញឆុងកាហ្វេ និងបើកហាងកាហ្វេ។ យុវជនវ័យ ២៣ឆ្នាំ ម៉េងលី បានផ្ដាំផ្ញើដល់យុវជន ដែលប្រឈមបញ្ហាការងារដោយសារកូវីដ-១៩ កុំមើលរំលងការងារកំប៉ិកកំប៉ុក ព្រោះការងារនេះ អាចជួយដោះស្រាយជីវភាពក្នុងស្ថានភាពលំបាកនេះបានដែរ៕ 
 

ព័ត៌មានទាក់ទង