លោក សិរីរតនា បង្រៀនជំនាញចម្លាក់ស្បែកដល់ជនពិការ និងកុមារកំព្រា ដើម្បីមានរបរសម្រាប់អនាគត

25/02/2022 12:00 pm សៀមរាប

ដោយ៖ ឡុង តូន 

សៀមរាប៖ សិប្បកម្មចម្លាក់ស្បែកដែលស្ថិតនៅទល់មុខប្រាសាទព្រះគោក្នុងភូមិឳឡោក ឃុំបាគង ជាមណ្ឌលបណ្ដុះបណ្ដាលតូចមួយ ដែលលោក ញឹក សិរីរតនា ជាស្ថាបនិក កំពុងបន្តផ្ទេរជំនាញដល់យុវជនជាច្រើនចាប់តាំងពីឆ្នាំ២០០២។ មិនត្រឹមតែជាកន្លែងដែលផ្ដល់ចំណេះនិងជំនាញ  ថែមទាំងផ្ដល់នូវប្រាក់កម្រៃដែលបានពីការលក់វត្ថុសិល្បៈ កន្លែងស្នាក់នៅ និងអាហារប្រចាំថ្ងៃថែមទៀត។


ផ្ដើមចេញពីស្ថានភាពជាក្មេងកំព្រាឪពុកម្ដាយ លោក ញឹក សិរីរតនា បានតស៊ូរៀនសូត្រអស់រយៈពេល៤ឆ្នាំលើជំនាញផលិត គូរ និងដាប់ឆ្លាក់វត្ថុសិល្បៈ ដែលផលិតអំពីស្បែកសត្វ នៅក្នុងខេត្តសៀមរាប។ មានបទពិសោធជាង៥ឆ្នាំ លោក សិរីរតនា បានសម្រេចចិត្តបើកសិប្បកម្មផ្ទាល់ខ្លួននៅចុងឆ្នាំ២០០១។ បច្ចុប្បន្ន លោក សិរីរតនា កំពុងបន្តអាជីពចម្លាក់ស្បែកនេះ សម្រាប់លក់ និងតាំងបង្ហាញជូនភ្ញៀវទេសចរ។

ការបើកកន្លែងបណ្ដុះបណ្ដាលជំនាញផលិតចម្លាក់ស្បែកនេះ ដើម្បីបន្សល់ទុកស្នាដៃនៃមរតកវប្បធម៌មួយនេះ ដល់មនុស្សជំនាន់ក្រោយ។ លោក សិរីរតនា បានសម្រេចចិត្តបណ្ដុះបណ្ដាលដល់យុវជន៥នាក់ដំបូង ដែលពួកគាត់ទាំងនោះមកពីគ្រួសារក្រីក្រ។ រយៈពេល ៣ឆ្នាំ ក្រោយ សិប្បកម្មនេះ បានបណ្ដុះបណ្ដាលយុវជនចំនួន ២៥នាក់ និងកំពុងបណ្ដុះបណ្ដាលយុវជនបន្ថែមទៀត។ 
 

ក្នុងចំណោមយុវជនដែលមានអាទិភាពដើម្បីបានចូលមកទទួលចំណេះផ្នែកសិល្បៈចម្លាក់ស្បែក យុវជន អៀម ណារ៉ុង ជាជនពិការដែលទទួលបានជំនាញឆ្លាក់ស្បែកអស់រយៈពេលជាងដប់ឆ្នាំមកហើយ នៅតែមានចិត្តតស៊ូបន្តរៀនសូត្របន្ថែមលើផ្នែកនេះឲ្យបានកាន់តែស្ទាត់។ ក្នុងការងារចម្លាក់ស្បែកគោ ក្របី អ្នកសិក្សានៅទីនេះត្រូវទទួលជំនាញបួនប្រភេទ រួមមាន ការគូរ ការដាប់ឆ្លាក់ ការផលិតស្បែក និងការផលិតសម្ភារសម្រាប់ដាប់ឆ្លាក់។ សម្រាប់ជំនាញទាំងបួន តាមការរៀបរាប់របស់យុវជន អៀម ណារ៉ុង បានឲ្យដឹងថា៖ «ពិបាកជាងគេ គឺការគូរ។ ទោះបីជាវៀចមាត់បន្តិច ក៏មិនយកដែរ។ ១០ឆ្នាំហើយ តែខ្ញុំមិនទាន់ចេះគូរអស់ទៀត»។ 

យុវជន ដែលសិប្បកម្មចម្លាក់ស្បែកទទួលមកបណ្ដុះបណ្ដាល សុទ្ធសឹងតែអ្នកដែលមកពីគ្រួសារក្រី។ គោលការណ៍របស់សិប្បកម្មនេះ ពិតជាអំណោយផល ចំពោះអ្នកដែលជាសិស្ស និស្សិត ឬអ្នកដែលរៀនជំនាញផ្សេងៗ ដ្បិតថា ពួកគេអាចទៅបន្តការសិក្សារបស់ពួកគេតាមធម្មតា វៀរលែងតែពេលទំនេរទើបពួកគេមកបន្តចាប់យកជំនាញឆ្លាក់ស្បែក។

យុវសិស្សថ្នាក់ទី១១ លោក ពាង វណ្ណា ដែលរៀនដាប់ឆ្លាក់បាន៥ឆ្នាំ បានឲ្យដឹងថា ពេលចប់ការរៀនសូត្រពីសាលា ក៏ស្រូតរូត ឆ្លៀតពេលពី២ទៅ៣ម៉ោងដើម្បីការងារសិល្បៈមួយនេះ។ ក្រៅពីការបង្ហាត់បង្រៀនដោយផ្ទាល់ពីលោកគ្រូ ញ៉ឹក សិរីរតនា ក៏មានយុវជនដែលបានរៀនសូត្រច្រើនឆ្នាំ ឬហៅថា”សិស្សច្បង” ជាអ្នកជួយសម្រាលបន្ទុកដោយធ្វើការណែនាំ កែតម្រូវនូវអ្វីដែលចន្លោះប្រហោងពេលគូរឬឆ្លាក់។ 

«ពួកមកក្រោយៗ ដាប់មិនសូវត្រង់ ឬដាប់ខុស យើងជួយប្រាប់គាត់។ កែអ៊ីចេះ ឬធ្វើបែបនោះទើបត្រូវជាដើម»។ នេះជាសម្ដីអះអាងរបស់យុវជន អៀន អុន និស្សិតឆ្នាំទី៤នៃសាកលវិទ្យល័យឯកជនមួយ និងជាសិស្សច្បងដែលបានទទួលការហ្វឹកហាត់អស់រយៈពេល៨ឆ្នាំ។

ដ្បិតតែស្ថិតនៅក្នុងពេលហាត់រៀនក៏ដោយ ប្រសិនណាមានអតិថិជនទិញវត្ថុសិល្បៈពីសិប្បកម្មចម្លាក់ យុវជនដែលជាជាងចម្លាក់ទាំងអស់តែងទទួលបាននូវប្រាក់កម្រៃជាភាគរយពីរបស់ដែលខ្លួនផលិត។ «កម្រៃបានពីការឆ្លាក់ យើងបានយកទៅរៀនបន្ថែម, សាំងម៉ូតូ និងចំណាយបន្តិចបន្តួចផ្សេងៗទៀត។ ការឆ្លាក់ គឺធ្វើនៅពេលទំនេរមួយភ្លែតៗពីការរៀនសូត្រ។ ថ្ងៃណារវល់រៀន អត់បានឆ្លាក់។ ទាល់ថ្ងៃសៅរ៍ អាទិត្យទើបឆ្លៀតបាន។ អាហារ និងកន្លែងស្នាក់នៅលោកគ្រូ ញ៉ឹក សិរីរតនា គាត់ផ្ដល់ឲ្យ»។ នេះជាការបន្ថែមរបស់យុវនិស្សិត អៀន អុន។

ពាក់ព័ន្ធនឹងការសិក្សា យុវសិស្ស ដឿន ណារ៉ុង សិស្សថ្នាក់ទី១០ ដែលសិក្សាអំពីចម្លាក់នៅទីនេះបាន៨ឆ្នាំដែរនោះ ក៏បានរៀបរាប់ថា ៖«វាមិនប៉ះពាល់អីដល់ការសិក្សាឡើយ។ ធ្វើនេះដើម្បីយកលុយទៅរៀន។ ពេលទំនេរទើបយើងធ្វើវា»។

ទោះបីត្រូវឈប់រៀនពាក់កណ្ដាលទី ដោយខ្លួនមិនអាចជិះរទេះទៅសាលាបន្តទៀតបានដូចអ្នកឯទៀត យុវជន អៀម ណារ៉ុង ក៏បានសម្រេចចិត្តជ្រើសរើសជំនាញចម្លាក់ស្បែកនេះជាអាជីពប្រចាំជីវិត។ អៀម ណារ៉ុង ជាអតីតកុមារកំព្រាដែលស្នាក់នៅមណ្ឌលមួយក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រោយពីបានរៀនសូត្រផ្នែកសិល្បៈដាប់ស្បែក យុវជនពិការរូបនេះតែងស្រមៃចង់បានកន្លែងអាជីវកម្មផ្ទាល់ខ្លួន នៅពេលដែលបានបញ្ចប់ជំនាញជាមួយលោកគ្រូ ញ៉ឹក សិរីរតនា។ 

«អនាគតទៅ ពេលចេញពីលោកគ្រូ ខ្ញុំចង់មានតូបតូចមួយ។ ទៅរកទីតាំងដែលមានភ្ញៀវ លក់របស់ដោយខ្លួនឯង។ ការស្រមៃរបស់ខ្ញុំ មានតាំងពីយូរមកហើយ។ ខ្ញុំចង់ធ្វើដូចលោកគ្រូ គឺចង់ជួយអ្នកផ្សេងៗទៀតដែរ»។ នេះជាការរៀបរាបទាំងទឹកមុខញញឹមរបស់យុវសិស្ស អៀម ណារ៉ុង។

ច្រើនឆ្នាំមកនេះ ធនធានមនុស្សដែលធ្លាប់បានចំណេះផ្នែកចម្លាក់ស្បែករួចហើយ កំពុងចេញប្រកបអាជីពរបស់ពួកគេនៅកន្លែងផ្សេងៗ និងខ្លះទៀតក៏នៅតែជាបន្ទុករបស់សិល្បៈខ្មែរ-ចម្លាក់ស្បែកមួយនេះដដែល។ យុវជនជាច្រើនដែលបានបណ្ដុះចំណេះជំនាញ ពិតជាបានទទួលមរតកវប្បធម៌ដែលជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជាតិ ហើយក៏ជាចលករមួយសម្រាប់រុញមនុស្សជំនាន់ក្រោយបន្តទៀត៕

 

ព័ត៌មានទាក់ទង