អាជ្ញាធររកឃើញ អាល់កុលក្លែងក្លាយ ជាង១២តោនទៀត ក្នុងខណ្ឌបឹងកេងកង

14/05/2021 5:30 pm ភ្នំពេញ

ភ្នំពេញ៖ អាល់កុលក្លែងក្លាយ ឬមេតាណុល ជាង១២តោនទៀត ត្រូវបានអាជ្ញាធរបង្ក្រាបបាន នៅទីតាំងស្តុកទុកមួយកន្លែង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អាល់កុលដែលបានរឹបអូសនេះ ត្រូវបានអគ្គនាយកដ្ឋានក.ប.ប យករក្សាទុកបណ្ដោះអាសន្ន។



អាល់កុល ក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ និងអាជ្ញាធរ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភព ឲ្យបានត្រឹមត្រូវ មិននឹងទិញយកមកប្រើប្រាស់។ 
សូមជម្រាបថា កាលពីថ្ងៃទី១២ឧសភា មន្ត្រីនៃអគ្គនាយកដ្ឋាន បានរឹបអូស និងបំផ្លាញចោល អាល់កុលក្លែងក្លាយ ប្រមាណជិត១២តោន ដែលបានរកឃើញពីទីផ្សារ ឃ្លាំងស្តុក និងឱសថស្ថាននានា ក្នុងក្រុងភ្នំពេញ៕



 

ព័ត៌មានទាក់ទង