កម្ពុជារកឃើញសត្វល្មូនថ្មីមួយប្រភេទ ក្នុងឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង 

13/05/2021 10:00 am ស្ទឹងត្រែង

កម្ពុជាប្រទះឃើញពស់ខ្សែគោពណ៌ស ដែលជាប្រភេទថ្មីមួយក្បាល ក្នុងឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ស្ថិតក្នុងខេត្តរតនគិរី-ស្ទឹងត្រែង ប៉ុន្តែមិនអាចទាន់សន្និដ្ឋានបានថា ជាប្រភេទកម្រ ឬសម្បូរនៅឡើយទេ។



លោក នេត្រ ភក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការប្រទះឃើញពស់ខ្សែគោពណ៌សនេះ បង្ហាញពីភាពសម្បូរបែប នៃជីវៈចម្រុះ ដែលមានវត្តមាន នៅក្នុងឧទ្យានជាតិវ៉ឺនសៃ។  លោក នេត្រ ភក្ត្រា បញ្ជាក់ដូច្នេះថា៖ «នៅក្នុងការកំណត់ជាកំណត់ត្រាថ្មី គឺធ្វើការប្រៀបធៀបនៅក្នុងតំបន់ផ្សេង ថាតើមានប្រភេទសត្វហ្នឹង ឬអត់ ឬសម្បូរអត់? ចំពោះកំណត់ត្រាជាប្រភេទសត្វយ៉ាងដូចម្ដេច យើងនឹងធ្វើសិក្សាបន្ថែមទៀត»។ 

បើតាមលោក នេត្រ ភក្ត្រា មន្ត្រីជំនាញក្រសួង នឹងបន្តការសិក្សាស្រាវជ្រាវ ចំពោះប្រភេទសត្វល្មូន និងប្រភេទសត្វផ្សេងៗទៀត ដើម្បីកត់ត្រាទុក។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធផ្សេងៗ នឹងរៀបចំផែនការការពារ និងអភិរក្ស ក៏ដូចជាការបន្តស្រាវជ្រាវ អំពីជីវៈចម្រុះទាំងនោះបន្ថែមទៀត។

កម្ពុជា ត្រូវបានគេចាត់ទុកជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វជិតផុតពូជ ឬកម្រ នៅក្នុងពិភពលោក។ បើតាមលោក នេត្រ ភក្ត្រា កម្ពុជាមានប្រភេទថនិកសត្វប្រមាណ ១២៣ប្រភេទ ,សត្វស្លាប ៥៤៥ប្រភេទ, ឧរងសត្វ៨៨ប្រភេទ ,រុក្ខជាតិតូចៗ ២,៣០៨ប្រភេទ, ត្រី ៨៧៤ប្រភេទ, ផ្កាថ្មរឹង ២៤ប្រភេទ, ផ្កាថ្មទន់ ១៤ប្រភេទ, ស្មៅសមុទ្រ ១០ប្រភេទ, ថលជលិក ៦៣ប្រភេទ។ 

ក្រៅពីនេះ ក៏មានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលនៅមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ និងប្រភេទខ្លះទៀត ស្ថិតក្នុងបញ្ជីក្រហម នៃអង្គការIUCN (សហភាពអន្តរជាតិ និងដើម្បីការអភិរក្សធនធានធម្មជាតិ)។

សូមជម្រាបថា ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ស្ថិតក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ត្រូវបានសម្រេចបង្កើតឡើងតាំងពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្ទៃដីប្រមាណ ៥៧,៤៦៩ហិកតា។ ការបង្កើតឡើងនេះ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕





 

ព័ត៌មានទាក់ទង