ចិន ផ្ដល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ២០ម៉ឺនដូសទៀតដល់កម្ពុជា

22/04/2021 4:00 pm ភ្នំពេញ

ភ្នំពេញ៖ ប្រទេសចិន បានផ្ដល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ២០ម៉ឺនដូសដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺសាទឹក និងអ៊ុតក្ដាម ដែលបានកើតមាននៅកម្ពុជា។ នេះបើតាមគណនីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបង្ហោះនៅថ្ងៃទី ២២ មេសានេះ។



នេះជាដំណាក់កាលទី២ហើយ ដែលប្រទេសចិនបានផ្ដល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ដល់កម្ពុជា ខណៈដំណាលទី១ ប្រទេសចិនបានវ៉ាក់សាំងប្រភេទនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ចំនួន ១០ម៉ឺនដូស ហើយដំណាក់កាលទី២ ចិនបានផ្ដល់នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ចំនួន ១០ម៉ឺនដូស។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន លើកឡើងថា៖«វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនេះ ត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះយើងមានជំនឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនេះ នឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក»។ 



លោក វេង សាខុន ក៏បានអរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្ដល់ជំនួយវ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ចំនួន
២០ម៉ឺនដូសមកក្រសួងកសិកម្មកម្ពុជា ដើម្បីចូលប្រយុទ្ធប្រឆាំងនឹងជំងឺសាទឹក និងអ៊ុតក្តាម(FMD) ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីកសិកម្ម បន្ថែមថា រហូតមកដល់ពេលនេះវ៉ាក់សាំងជំងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់ និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករអស់ចំនួន ៤៧ ០០០ដូស រួចហើយ៕

ដោយ៖ ខន ណារី

ព័ត៌មានទាក់ទង