ចុងភៅ រតនៈ ចំណាយពេលជាង២ឆ្នាំចងក្រងម្ហូបខ្មែរជាង៨០មុខ ព្រោះចង់បង្ហាញប្រពៃណីធ្វើម្ហូបខ្មែរ

18/01/2021 11:00 am ភ្នំពេញ

អ្នកស្រី រស់ រតនៈ ជាស្ថានិករបស់ Rotanak Food Media បានលើកកម្ពស់មុខម្ហូបខ្មែរ តាមរយៈការចងក្រងសៀវភៅកម្រាស់ ២០០ទំព័រ មានមុខម្ហូបខ្មែរ និងបង្អែម សរុបប្រមាណ៨០មុខ ដែល មានឈ្មោះថា«ញ៉ាំ»។ អ្នកស្រី រតនៈ ដែលជាចុងភៅចំណានមួយរូបផង បានចំណាយជាង២ឆ្នាំ ដើម្បីចងក្រងសៀវភៅមុខម្ហូបខ្មែរមួយក្បាលនេះ ព្រោះចង់អភិរក្ស អភិវឌ្ឍ និងលើកស្ទួយប្រពៃណីធ្វើម្ហូបខ្មែរ ឲ្យពិភពលោកបានស្គាល់។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 និងអ្នកស្រី រស់ រតនៈ ស្ថានិក Rotanak Media ដូចតទៅ៖


ស្ថានិកនៃ Rotanak Media រូបនេះបានប្រាប់ថា ការបង្កើតស្នាដៃនេះឡើង វាមិនមែនជារឿងងាយនោះទេ ហើយត្រូវចំណាយពេលយូរជាង ២ឆ្នាំ ក្នុងការចងក្រងសៀវភៅមួយក្បាលនេះ ព្រោះទាមទារការកត់ត្រាមុខម្ហូបនីមួយៗ ឲ្យលម្អិត តាមរូបមន្ត និងត្រឹមត្រូវតាមក្បួនខ្នាត។ ដ្បិតអ្នកស្រីមិនមានមូលដ្ឋានគ្រឹះពីសាលាធ្វើម្ហូបពិតមែន តែអ្នកស្រីបានប្រាប់សារព័ត៌មានThmeyThmey25 ថា ការស្រឡាញ់ចូលចិត្តម្ហូបខ្មែរ ជំរុញឲ្យអ្នកស្រី បង្ហាញពីរបៀប និងប្រពៃណី ធ្វើម្ហូបខ្មែរ ទៅកាន់ពិភពលោក។

«ខ្ញុំស្រលាញ់ម្ហូបខ្មែរ ខ្ញុំចង់ឲ្យពិភពលោកស្គាល់ម្ហូបខ្មែរ និងចង់អោយអ្នកបរិភោគ មានអារម្មណ៍លើសពីឆ្អែត។ ចង់មានន័យថា អ្នកដែលទទួលទានអាហារ មិនមែនគ្រាន់តែដើម្បីឆ្អែតនោះទេ ព្រោះ«ម្ហូប»បានបង្ហាញពី ប្រពៃណី ទំនៀមទម្លាប់ និងបង្ហាញពីបរិបទនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ម្យ៉ាងតាមរយៈម្ហូប ក៏ជាផ្នែកមួយជួយទាក់ទាញអ្នកទេសចរ បង្កើតការងារ ដល់ពលរដ្ឋកម្ពុជាផងដែរ»។

សម្រាប់សៀវភៅមុខម្ហូបខ្មែរមានឈ្មោះថា«ញ៉ាំ» មានពីរប្រភេទ សម្រាប់ភាសាខ្មែរមានតម្លៃ ២៩ដុល្លារ និងសម្រាប់ភាសាអង់គ្លេសមានតម្លៃ ៣៩ដុល្លារ។ ស្ថាបនិកស្រ្តីវ័យ ៣៦ឆ្នាំរូបនេះ បានប្រាប់ថា៖«វាជាការលះបង់ខ្លាំង ដោយត្រូវចំណាយពេល និងថវិកាច្រើនផង ដើម្បីធ្វើសៀវភៅ ម្យ៉ាងនៅពេលដែលយើងមិនចូលចិត្តសរសេរផងនោះ តែដោយយល់ថាការចែករំលែកមួយនេះវាមានសារៈប្រយោជន៍ចំពោះសង្គម»។ 

ដោយមានមហិច្ឆតា ចង់ឲ្យពិភពលោកកាន់តែស្គាល់ពីមុខម្ហូបខ្មែរ អ្នកស្រី រតនៈ មានបំណងចងក្រងសៀវភៅមុខម្ហូបខ្មែរបន្ថែម ក៏ដូចជាបន្តផ្សព្វផ្សាយតាមរយៈការបង្កើតវីដេអូបង្ហាញពីរបៀបធ្វើម្ហូប នៅតាមបណ្ដាញអ៊ីនធឺណិតបន្តទៀត។ ទោះបីធ្លាប់រងការរិះគន់ពីតម្លៃសៀវភៅ និងការចែករំលែករបស់អ្នកស្រី ដែលធ្វើឲ្យអ្នកស្រីធ្លាប់បាក់ទឹកចិត្តក្ដី តែមិនបានធ្វើឲ្យស្ថាបនិកស្រ្តីខ្មែររូបនេះ រាថយឡើយ ផ្ទុយទៅវិញមានតែពង្រីកមហិច្ឆតាបន្ថែម ខណៈបច្ចុប្បន្នសៀវភៅ«ញ៉ាំ»អ្នកស្រីបានលក់លើទីផ្សារ ប្រមាណ ៤០ប្រទេសរួចហើយ៕
 

ព័ត៌មានទាក់ទង