ទឹកភ្លៀងបានជន់លិច ស្រូវ និងដំណាំរួមផ្សំ ជិត១៩ម៉ឺនហិកតា

15/10/2020 4:34 pm ពោធិ៍សាត់

ដំណាំស្រូវ និងដំណាំរួមផ្សំ សរុប ១៨៦ ៦៨៩ហិកតា ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានដំណាំសរុបជិត ១៣ពាន់ហិកតាបានខូចខាត។ តាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី១៥ ខែតុលា មានរាជធានី-ខេត្តចំនយន ១៩បានរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងនោះ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ រងគ្រោះខ្លាំងជាងគេ។

ដំណាំកសិកម្មចំនួន ១៨៦ ៦៨៩ហិកតា ត្រូវបានទឹកភ្លៀងជន់លិចគិតចាប់ពីថ្ងៃទី ១ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា។ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក្នុងចំណោមដំណាំទាំងអស់ ដំណាំស្រូវរងគ្រោះច្រើនជាងគេ ដោយមានសរុប ១៣១ ៣២៩ហិកតា ក្នងនោះខូចខាតអស់ជាង៦.៦ពាន់ហិកតា និងដំណាំរួមផ្សំដែលជន់លិចមានសរុប ៥៥ ៣៦០ហិកតា ក្នុងនោះខូចខាតអស់ជាង៦.៣ហិកតា។

បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានរាជធានី-ខេត្ត សរុបចំនួន១៩ ដែលបានរងប៉ះពាល់ ក្នុងនោះខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ រងគ្រោះខ្លាំងជាងគេ។ បន្ទាប់មកមានខេត្តប៉ៃលិន ,កណ្តាល,ភ្នំពេញ,សៀមរាប,ព្រះសីហនុ និងខេត្តកំពង់ធំ។ ខេត្តផ្សេងទៀតរួមមាន ស្វាយរៀង,ឧត្តរមានជ័យ,តាកែវ,,មណ្ឌលគិរី,កោះកុង,ព្រះវិហារ,ស្ទឹងត្រែង,កំពង់ចាម និងកំពង់ឆ្នាំង។

បើតាមមន្ទីរកសិកម្មខេត្តពោធិ៍សាត់គិតត្រឹមថ្ងៃទី១៥ ខែតុលា នេះផ្ទៃដីដំណាំស្រូវប្រមាណ២៦ ៩៥០ហិកតា ត្រូវបានទទួលរងផលប៉ះពាល់ និងផ្ទៃដីប្រមាណ ៦ ១៤៣ហិកតា ត្រូវបានខូចខាតទាំងស្រុង។ ដោយឡែកដំណាំរួមផ្សំមានការប៉ះពាល់ចំនួន ១០ ០៨២ហិកតា និងផ្ទៃដីប្រមាណ ២ ៤៩៤ហិកតាត្រូវខូចទាំងស្រុង។ រីឯខេត្តបាត់ដំបងវិញបានប៉ះពាល់ដំណាំស្រូវប្រមាណ ៨២ ៤៧៦ ហិចតា និងប៉ះពាល់ដំណាំគួបផ្សំប្រមាណ ៤៩ ៦១៦ ហិចតា។

ខណៈកម្ពុជាកំពុងជួបគ្រោះទឹកជំនន់វិស័យកសិកម្មក៏រងផលប៉ះពាល់ ក្នុងនោះក្រសួងកសិកម្មក៏បានប្រាប់ឲ្យអង្គភាពក្រោមឱវាទ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ និង ត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ វាយតម្លៃផលប៉ះពាល់នៃការខូចខាតដំណាំកសិកម្ម ដើម្បីត្រៀមលក្ខណៈបញ្ចេញគ្រាប់ពូជស្រូវ និងពូជដំណាំផ្សេងៗ សម្រាប់ការស្ដារការខូចខាតឡើងវិញតាមស្ថានភាពជាក់ស្ដែង៕


ទិន្នភាពកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះជួយច្រូតស្រូវពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់


រូបភាពពីហ្វេសប៊ុកកងពលតូចថ្មើរជើងលេខ៥១

ព័ត៌មានទាក់ទង