ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​នា​ខែវិច្ឆិកា​ខាងមុខ នៅ​ខេត្តមណ្ឌលគិរី​, រតនគិរី និង​ព្រះវិហារ ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​

20/10/2020 8:00 am មណ្ឌលគីរី

​ភ្នំពេញ​៖ ដើម្បី​ជួយ​ជំរុញ និង​លើកកម្ពស់​ផលិត​ក្នុងស្រុក​ឲ្យ​មានការ​ទទួលស្គាល់ និង​ចូលរួម​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ទូទាំងប្រទេស​ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ «​ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​» នៅ​ខេត្តមណ្ឌលគិរី​, រតនគិរី និង​ខេត្តព្រះវិហារ​។ នេះ​បើតាម​ក្រ​សេចក្តីជូនដំណឹង​ក្រសួងពាណិជ្ជកម្ម​។


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការបង្កើត​ពិព័រណ៍​នេះ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​គ្រប់​ប្រព័ន្ធ​រវាង​រាជធានី​-​ខេត្ត​ទូទាំងប្រទេស និង​ដើម្បី​រួមចំណែក​ដល់​ដំណើរការ​អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ចជាតិ​ឡើងវិញ បន្ទាប់ពី​ជួប​វិបត្តិ​កូ​វីដ​-១៩​។ ក្រសួងពាណិជ្ជកម្ម នឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរ​ដែលមាន​គុណភាព​ខ្ពស់ សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ និង​មានការ​វេច​ខ្ចប់​បានល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​មក​ដាក់តាំង​បង្ហាញ និង​ស្វែងរក​ដៃគូរ​យកទៅលក់​បន្ត​។​

​ពិព័រណ៍​ផលិតផល​ខ្មែរ​នេះ រៀបចំ​ចាប់ពី​ថ្ងៃទី ០៥-០៨ ខែវិច្ឆិកា នា​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។  ចំណែក ខេត្តរតនគិរី ចាប់ពី​ថ្ងៃទី​០៦-០៩ ខែវិច្ឆិកា នា​ក្រុង​បាន​លុង និង​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃទី​២៣-២៦ ខែវិច្ឆិកា នា​ក្រុង​ព្រះវិហារ​។ បើតាម​ក្រសួងពាណិជ្ជកម្ម ការរៀបចំ​ពិព័រណ៍​នេះ នឹង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​អនាម័យ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ 

​ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​ពាណិជ្ជករ ផលិតករ សមាគម​អាជីវកម្ម និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម ដែលមាន​បំណង​ចង់​ចូលរួម​ក្នុង​ព្រឹ​តិ្ត​ការណ៍ «​ពិព័រណ៍​ផលិតផល​ខ្មែរ​» ត្រូវ​ទៅ​បំពេញបែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​ឲ្យ​បាន​មុន​ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០២០ ជា​កំណត់​៕

ព័ត៌មានទាក់ទង