អ្នកស្រី នុន ចាន់នី បង្កើតបានយីហោចេកឆាប«រាជិនី»ដ៏ល្បី ចេញពីបញ្ហាចេកគ្មានទីផ្សារ

06/10/2020 9:00 am បាត់ដំបង

ភ្នំពេញ៖ អ្នកស្រី នុន ចាន់នី ជាម្ចាស់សិប្បកម្មចេកឆាប«រាជិនី» ដែលមានឈ្មោះ បោះសំឡេងមួយ មានទីតាំងនៅស្រុកសំឡូត ខេត្តបាត់ដំបង។  អ្នកស្រី ចាន់នី បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា អ្នកស្រីផ្ដើមកែច្នៃចេកឆាប និងបង្កើតយីហោ«រាជិនី»នេះ នៅអំឡុងចុងឆ្នាំ២០១៧ ដោយពេលនោះ តម្លៃចេកណាំវ៉ាខ្លួន និងកសិករផ្សេងទៀតនៅសំឡូតបានធ្លាក់ចុះ និងរហូតគ្មានអ្នកទិញតែម្តង។ ដើម្បីរកដំណោះស្រាយបញ្ហានេះ អ្នកស្រី ចាន់នី បានចាប់ច្នៃចេកឆាប ដោយប្រមូលទិញចេកនៅក្នុងតំបន់ ពិសេសនៅស្រុកសំឡូតមកកែច្នៃ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 អ្នកស្រី ចាន់នី បានប្រាប់ថា បច្ចុប្បន្ន ចេកឆាប«រាជិនី» មាន៤រសជាតិ គឺរសជាតិដើម, រសជាតិជូរហឹរ, រសជាតិផ្អែម និងរសជាតិប្រៃស្លឹកក្រូច។

 

ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី អ្នកសារព័ត៌មាននៃ ThmeyThmey25 ជាមួយអ្នកស្រី នុន ចាន់នី ម្ចាស់អាជីវកម្មចេកឆាប «រាជិនី» ដូចតទៅ៖
 

ចេកឆាប«រាជិនី» ជាម៉ាកចេកឆាបដ៏ល្បីមួយ ដែលជាស្នាដៃកែច្នៃរបស់ អ្នកស្រី នុន ចាន់នី។ ស្ត្រីរូបនេះ ក៏ធ្លាប់ជាកសិករដាំចេកដែរ ប៉ុន្តែនៅចុងឆ្នាំ២០១៧ ចេកណាំវ៉ារបស់ខ្លួន និងកសិករផ្សេងទៀត គ្មានអ្នកទិញ ទើបអ្នកស្រី ចាន់នី មានគំនិតកែច្នៃ ចេកដែលគ្មានទីផ្សារទាំងអស់នោះ ទៅជាចេកឆាប។ អ្នកស្រី ចាន់នី រៀបរាប់ដូច្នេះប្រាប់ Thmeythmey25៖ «ឃើញចេកខ្លួនឯងសល់ គ្មានអ្នកទិញ ក៏សាកមួយស្ទង់ធ្វើចេកឆាប ហើយចែកឲ្យអ្នកស្រុកសាកហូប។ គាត់សរសើរថាឆ្ងាញ់ និងបានណែនាំឲ្យអ្នកភូមិ កម្ម៉ង់សម្រាប់ពិធីបុណ្យ។ ក្រោយមក ក៏មានការកម្ម៉ង់ នៅពេលមានបុណ្យផ្សេងៗទៀត»។

ក្រោយមានការគាំទ្រពីអ្នកភូមិ អ្នកស្រី ចាន់នី ក៏ចាប់ពង្រីកការកែច្នៃចេកឆាបរបស់ខ្លួន ដោយបង្កើតឈ្មោះ ចេកឆាប«រាជិនី» និងបានប្រមូលទិញផលចេករបស់កសិករក្នុងសំឡូតប្រមាណ ២០ហិកតា ក្នុងតម្លៃខ្ពស់ជាងទីផ្សារផងដែរ។ កេរ្តិ៍ឈ្មោះចេកឆាបរបស់ខ្លួន កាន់តែរីកសាយទៅៗ អ្នកស្រី បានជួបប្រឹក្សាយោបល់ជាមួយអ្នកជំនាញគីមីចំណីអាហារ និងសម្រេចកែច្នៃ ការវេចខ្ចប់បង្កើនភាពទាក់ទាញបន្ថែម ដើម្បីឈានទៅលក់តាមផ្សារម៉ាត និងតាមហាងកាហ្វេមួយចំនួននៅភ្នំពេញ។ បច្ចុប្បន្ន ចេកឆាប«រាជិនី» មាន៤រសជាតិ គឺរសជាតិដើម, រសជាតិជូរហឹរ, រសជាតិផ្អែម និងរសជាតិប្រៃស្លឹកក្រូច ដែលជាការបង្កើតរសជាតិផ្ទាល់ខ្លួន ហើយវាលក្ខណៈពិសេសដែលធ្វើចេកឆាប«រាជិនី» រក្សាបាននូវកេរ្តិ៍ឈ្មោះ និងគុណភាពចេកឆាបដែលរសជាតិឆ្ងាញ់ ខុសពីគេ៕

ព័ត៌មានទាក់ទង