COVID-19៖ អាមេរិក នឹងផ្តល់កម្ចីប្រាក់ទាបដល់SMEនៅកម្ពុជា 

26/09/2020 12:59 pm ភ្នំពេញ

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក(DFC) នឹងផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាបដល់វិស័យឯកជននៅកម្ពុជា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម(SME) ។ នេះជាលើកឡើងរបស់លោក Parick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុស្តីពីជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣កញ្ញា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា ការផ្តល់កម្ចីរបស់អាមេរិកដែលមានអត្រាការប្រាក់ទាបដល់SMEកម្ពុជានេះ គឺ ដើម្បីជួយសម្រាលការលំបាករបស់កម្ពុជាក្នុងពេលកំឡុងប្រឈមវិបត្តិកូវីដ-១៩(COVID-19)។ បើតាមលោក Parick Murphy ក្រៅពីផ្តល់កម្ចីការប្រាក់ទាបដល់SEMនៅកម្ពុជានេះ  សហរដ្ឋអាមេរិក ក៏ជំរុញនិងលើកទឹកចិត្តដល់ធុរជនអាមេរិក ឱ្យបោះទុនវិនិយោគនៅកម្ពុជា ផងដែរ។ 

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ដូច្នេះ៖«ដោយមើលឃើញពីបរិស្ថានវិនិយោគនៅកម្ពុជាមានភាពទាក់ទាញ ហើយអ្នកវិនិយោគអាមេរិកជាច្រើនកំពុងមានចំណាប់អារម្មណ៍ដាក់ទុនវិនិយោគនៅកម្ពុជា។ ដូច្នេះ អាមេរិកនឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគអាមេរិកឱ្យមកវិនិយោគនៅកម្ពុជាក្នុងគោលបំណង ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ រួមចំណែកជួយដល់ជីវភាពរបស់ប្រជាជនកម្ពុជា»។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានរបស់អាមេរិកបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ពិសេសក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងអភិបាលកិច្ច។ លោកបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក ក៏ដូចដៃគូអភិវឌ្ឍដទៃទៀតបានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

បច្ចប្បន្ន រដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តវិធានការអន្តរាគមន៍សំដៅរក្សាលំនឹងសេដ្ឋកិច្ច សង្គម និងការជំរុញសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងប្រែក្លាយបញ្ហាប្រឈមនៃវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពក្នុងការធ្វើកំណែទម្រង់ និងត្រៀមខ្លួនសម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះ ដោយអះអាងថា៖«កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ បានដំណើរការយ៉ាងរលូន និងប្រកបដោយវឌ្ឍនភាពគួរឱ្យកត់សម្គាល់»។

សូមជម្រាប កាលពីទី២១ឧសភា ឆ្នាំ២០២០ អាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណង់៧,៥លានដុល្លារ ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងប៉ះពាល់ពីពីជំងឺរាតត្បាតជាសកលនេះ៕ 
 

ព័ត៌មានទាក់ទង