តើ «រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ កំពង់ភ្លុក» នឹងទៅជាយ៉ាងណា បើអស់ព្រៃលិចទឹក?

រូបភាពពីលើអាកាសនេះ គឺបង្ហាញពីភូមិអ្នកនេសាទ និងអតីតដីព្រៃលិចទឹកក្នុងបឹងទន្លេសាបរាប់សិបហិកតា ដែលត្រូវបានប្រែក្លាយទៅជាដីកសិកម្ម ស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប។ តំបន់នេះ ត្រូវបានគេស្គាល់ជាទូទៅថា៖ «រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ កំពង់ភ្លុក»។

ផ្ទះជើងសសរខ្ពស់ៗ ផុតពីដី ដែលអ្នកភូមិសង់ឡើងដើម្បីសម្របទៅនឹងស្ថានភាពទឹកជំនន់ជាប្រចាំឆ្នាំក្នុងរដូវវស្សា ជីវភាពរស់នៅប្រចាំថ្ងៃ និងព្រៃលិចទឹកបឹងទន្លេសាបក្នុងតំបន់ គឺជាសក្តានុពលទេសចរណ៍ដ៏សំខាន់ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិទៅលម្ហែកម្សាន្តនៅទីនោះ។

ដើមឡើយ អ្នកភូមិនេះ ពឹងផ្អែកស្ទើរទាំងស្រុង លើរបបនេសាទត្រីក្នុងបឹងទន្លេសាប។ ប៉ុន្តែ ពីមួយឆ្នាំទៅមួយឆ្នាំ ផលចាប់ត្រីក្នុងបឹងទន្លេសាប ធ្លាក់ចុះជាលំដាប់។ ការប្រែប្រួលរបបទឹកពីទន្លេមេគង្គ ការបាត់បង់ទីជម្រកពង-កូន និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗ អាចជាកត្តាចម្បងនៃការធ្លាក់ចុះនេះ។ អ្នកភូមិភាគច្រើន បាត់បង់ចំណូលប្រចាំថ្ងៃពីការនេសាទត្រី ហើយក៏ផ្លាស់ប្តូរមុខរបរជាអ្នកដឹកភ្ញៀវទេសចរដោយទូក ជិះកម្សាន្តតាមព្រៃលិចទឹកក្នុងបឹងទន្លេសាបវិញ។

ប៉ុន្តែ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រៃលិចទឹករាប់សិបហិកតា ត្រូវបានអ្នកភូមិកាប់ និងដុតបំផ្លាញ ក្នុងរដូវប្រាំង ដើម្បីប្រែក្លាយទៅជាដីកសិកម្មវិញ។ ថ្ងៃអនាគត តើភូមិនេសាទ និង «រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ កំពង់ភ្លុក» មួយនេះ នឹងទៅជាយ៉ាងណា បើអស់ព្រៃលិចទឹក? សូមជួយចែករំលែករូបភាព និងអត្ថបទ ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃលិចទឹក៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

