ស្វែងយល់ពីជំងឺមួយចំនួន ដែលងាយកើតលើសត្វជ្រូក

26/09/2020 11:00 am ភ្នំពេញ

សត្វជ្រូក ជាសត្វដែលពលរដ្ឋខ្មែរនិយមចិញ្ចឹម ប៉ុន្តែអ្នកចិញ្ចឹមជ្រូក គួរគម្បីស្វែងយល់ពីជំងឺមួយចំនួន ដែលកើតមានលើសត្វជ្រូក។ ជំងឺទាំងនោះ មានដូចជា ជំងឺប៉េស្តជ្រូក,ជំងឺត្រចៀកខៀវ, ជំងឺរាកកូនជ្រូក និងជំងឺផ្លូវដង្ហើមជាដើម។ នេះបើតាមសៀវភៅបច្ចេកទេសកសិកម្ម ក្នុងការចិញ្ចឹមជ្រូក របស់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល។

នៅក្នុងសៀវភៅដដែលនេះ បានបញ្ជាក់ឲ្យអ្នកចិញ្ចឹមជ្រូក គួរត្រួតពិនិត្យ និងតាមដានសុខភាពជ្រូករបស់ខ្លួន ឲ្យបានត្រឹមត្រូវ។ មិនត្រឹមប៉ុណ្ណោះ អ្នកចិញ្ចឹមក៏គួរមានវិធានការ និងកិច្ចការប្រចាំថ្ងៃ ដើម្បីការពារជំងឺកើតមានលើសត្វជ្រូករបស់ខ្លួន ដោយរៀបចំកសិដ្ឋានឲ្យមានអនាម័យល្អ។ 

ដើម្បីសម្រួលដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា សារព័ត៌មានថ្មីៗ នឹងដកស្រង់រោគសញ្ញា និងលក្ខណៈនៃជំងឺមួយចំនួនដែលតែងកើតមានលើសត្វជ្រូក សៀវភៅបច្ចេកទេសកសិកម្មក្នុងការចិញ្ចឹមជ្រូក របស់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ មកមកបង្ហាញជូន។

១. ជំងឺប៉េស្តជ្រូក៖ ប៉េស្តជ្រូក ជាជំងឺដែលបង្កឡើងដោយវីរុស ហើយវាអាចកើតឡើងចំពោះជ្រូកគ្រប់អាយុទាំងអស់។ ហើយប្រសិនបើជំងឺនេះ កើតលើកូនជ្រូក នោះ ១០០ភាគរយកូនជ្រូកនឹងងាប់។ រោគសញ្ញានៃជំងឺនេះ គឺជ្រូកនឹងកើនកម្ដៅពី ៤០-៤១ អង្សាសេ ហើយលាមករបស់វាអាចរាគ និងក្ដៀន និងមានពណ៌ខ្មៅតូចៗ។ នៅលើខ្លួនរបស់វា មានស្នាមកន្ទួលតូចៗ ដូចមូសខាំ ឯត្របកភ្នែកភ្នែកជ្រូកមានសភាពហើម និងគ្រាប់ភ្នែកប្រែពណ៌ទៅជាក្រហម។ ដ្បិតជំងឺប៉េស្តជ្រូក គ្មានថ្នាំព្យាបាល តែគេអាចប្រើអង់ទីប៊ីយូទិក ដែលមានសកម្មភាពទូលាយដូចជាអាម៉ុកស៊ីលីន អុកស៊ីតេត្រាស៊ីគ្លីន។ ប្រសិនបើជ្រូកមានអាការដូចដែលរៀបរាប់ខាងលើ គេអាចប្រើថ្នាំបញ្ចុះកំដៅ និងវីតាមីន ដើម្បីឲ្យប្រព័ន្ធការពារជ្រូកប្រសើរឡើង និងត្រូវចាក់ថ្នាំបង្ការឲ្យបានទៀងទាត់។

២. ជំងឺត្រចៀកខៀវ៖ ជំងឺដែលនេះ បង្កឡើងដោយវីរុស ហើយអាចកើតលើជ្រូកគ្រប់អាយុ ពិសេសលើមេជ្រូក និងបាជ្រូក។ ជំងឺត្រចៀកខៀវ អាចឲ្យមេជ្រូករលូតកូន និងធ្វើឲ្យបាជ្រូកបាត់បង់សមត្ថភាពបន្តពូជ។ ចំពោះរោគសញ្ញា៖ គុម្ពត្រចៀកជ្រូកមានពណ៌ខៀវ ហើយវាបាត់ចំណង់ចំណី ហៀរសំបោរ ពិបាកដកដង្ហើម និងក្អកតិច រាក ឬរាកឈាម ព្រមទាំងមានស្នាមជាំក្រហមនៅលើខ្លួន។ ជំងឺប្រភេទនេះ ក៏គ្មានថ្នាំព្យាបាលដែរ តែអាចប្រើអង់ទីប៊ីយូទិក ដូចជាផ្លរហ្វេនីកុល ឬអុកស៊ីតេត្រាស៊ីគ្លីន ដើម្បីប្រឆាំងនឹងការជ្រៀតចូលជំងឺផ្សេងទៀត ដូចជាសារទឹក មីកូប្លាស្មា ស្រ្តិបតូកុកកូស។

៣. ជំងឺរាកកូនជ្រូក៖ វាបណ្ដាលមកពីកត្តាជាច្រើន រួមមាន ការរាតត្បាតដោយមេរោគ កត្តាចំណី និងអាកាសធាតុ។ ជំងឺនេះ កើតលើកូនជ្រូកមានអាយុពី ៥-៧ថ្ងៃ។ រោគសញ្ញា នៃជំងឺនេះគឺកូនជ្រូក មានលាមកពណ៌លឿង ខ្សោះជាតិទឹក និងស្រកគីឡូលឿន។ ត្រូវព្យាបាលជាបន្ទាន់ ព្រោះបើកូនជ្រូករាក លើសពី ២-៣ម៉ោង អាចនឹងពិបាកសង្គ្រោះជីវិត។ 

៤. ជំងឺផ្លូវដង្ហើម៖ វាកើតឡើងដោយ សារការផ្លាស់ប្ដូរអាកាសធាតុ និងការរស់នៅមិនស្អាតរបស់ជ្រូក។ ចំពោះរោគសញ្ញានៃជំងឺនេះ គឺធ្វើឲ្យជ្រូកឡើងកម្តៅជិត ៤០អង្សាសេ ក្អកខ្លាំង ពិបាកដកដង្ហើម និងហៀរសំបោរ។ ជំងឺនេះអាចព្យាបាលដោយប្រើអង់ទីប៊ីយូទិក ដូចជាអុកស៊ីតេត្រាស៊ីគ្លីន ឬអង់រ៉ូហ្លុកសាស៊ីន ឬផ្លរហ្វេនីកុល រយៈពេល ៥ថ្ងៃជាប់គ្នា។ ចំពោះកូនជ្រូកមានអាយុ ២អាទិត្យបន្ទាប់ពីផ្ដាច់ដោះ អាចប្រើ ដុកស៊ីស៊ីគ្លីន ឬផ្លរហ្វេនីកុល លាយជាមួយចំណី៕



ព័ត៌មានទាក់ទង