ពិបាករកទីផ្សារត្រី និងបង្គា អ្នកស្រី មុល្លិកា ចិញ្ចឹមក្ដាមថ្មវិញ

02/08/2020 2:59 pm ព្រះសីហនុ

អ្នកស្រី អ៊ុង ពុធមុល្លិកា ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធម្មជាតិ ដែលមានទីតាំងស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់  ខេត្តព្រះសីហនុ។ អ្នកស្រី កំពុងជោគជ័យក្នុងការចិញ្ចឹមក្ដាមថ្មធម្មជាតិ ដោយ អាចទទួលបានចំណូលប្រមាណ ១៥០ដុល្លារ ក្នុងមួយថ្ងៃ។

អ្នកស្រី  អ៊ុង ពុធមុល្លិកា ម្ចាស់កសិដ្ឋានក្ដាមថ្មធម្មជាតិ នៅខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០  អ្នកស្រីចាប់ផ្តើមចិញ្ចឹមត្រី និងបង្គា តាំងពីឆ្នាំ២០១៣មក ប៉ុន្តែអ្នកស្រីពិបាករកទីផ្សារ គាត់ក៏ចាប់ចិញ្ចឹមក្ដាមធម្មជាតិដោយទិញកូនក្ដាមពីគេយកមកចិញ្ចឹម។ កាលពីពេលថ្មីៗនេះ អ្នកស្រី ក៏ចាប់ផ្តើមភ្ញាស់កូនក្តាមដោយខ្លួនឯង និងសម្រាប់លក់ផងដែរ។ 

ក្ដាមថ្មមានតម្រូវការខ្ពស់ និងមានតម្លៃថ្លៃ ប៉ុន្តែអ្នកស្រី បច្ចុប្បន្ន កសិដ្ឋានអ្នកស្រី អាចផ្គត់ផ្គង់បានតិចតួចប៉ុណ្ណោះ ទៅកាន់ទីផ្សារ។ កសិកររូបនេះ ថាក្នុងមួយថ្ងៃ គាត់អាចប្រមូលផលក្តាម បានប្រមាណ១០គីឡូក្រាមប៉ុណ្ណោះ ហើយក្នុងមួយគីឡូក្រាម លក់បាន១០ដុល្លារ ទៅ ១៥ដុល្លារ។ ទៅថ្ងៃមុខ អ្នកស្រី នឹងពង្រីកការចិញ្ចឹមបន្ថែម ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ក្តាមធម្មជាតិទៅកាន់ទីផ្សារបានកាន់តែច្រើន។

ក្រៅពីការលក់ក្ដាមថ្ម អ្នកស្រីក៏មានការភ្ញាស់កូនក្ដាមលក់ដែរ។ កូនក្ដាមមាន២តម្លៃ គឺក្តាមដែលទើបភ្ញាស់ ១ក្បាល ៣០០រៀល  និងមួយក្បាល ១ ០០០ រៀល សម្រាប់កូនក្ដាមដែលបានដាក់ក្នុងស្រះ។ អ្នកស្រី ក៏បង្រៀនពីរបៀបចិញ្ចឹមក្តាមធម្មជាតិ ទៅដល់អតិថិជន ដែលមកទិញកូនក្ដាមពីអ្នកស្រីទៅចិញ្ចឹមដែរ។ អ្នកស្រី ពុធមុល្លិកា រៀបរាប់ថា៖ «ការចិញ្ចឹមក្ដាមថ្ម មិនខុសគ្នាប៉ុន្មានឡើយទៅនឹងការចិញ្ចឹមបង្គាទេ ទាំងបច្ចេកទេសចិញ្ចឹម និងការថែទាំង។ តំបន់ទឹកសាបក៏អាចចិញ្ចឹមក្តាមបានដែរ ដោយគ្រាន់តែយើងត្រូវការយកទឹកប្រៃទៅលាយ ឬអាចយកអំបិលលាយជាមួយទឹកក៏បាន។ នេះបើតាមម្ចាស់កសិដ្ឋានក្ដាមថ្មធម្មជាតិ ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្ដាមថ្មធម្មជាតិ របស់អ្នកស្រី ពុធមុល្លិកា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ និងបានជំរុញឲ្យអ្នកស្រី បន្ថែមការចិញ្ចឹមក្ដាមឲ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស ពិសេសពីប្រទេសថៃ និងវៀតណាម៕

លោក គួច ចំរើន នាឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្ដាមថ្ម ខេត្តព្រះសីហនុ
អ្នកស្រីពុធមុល្លិកា ម្ចាស់កសិដ្ឋានក្ដាមថ្ម
កន្លែងចិញ្ចឹមក្ដាមថ្មរបស់អ្នកស្រី ពុធ មុល្លិកា
ក្ដាមថ្ម រូបភាពបានពីអ្នកស្រី ពុធ មុល្លិកា

ព័ត៌មានទាក់ទង