សហគមន៍ព្រៃឈើភ្នំព្រះ តំបន់សក្តានុពលទេសចរណ៍តាមព្រៃភ្នំ ក្នុងខេត្តបន្ទាយមានជ័យ

31/07/2020 10:59 am បន្ទាយមានជ័យ

ភ្នំពេញ៖ សហគមន៍ព្រៃឈើភ្នំព្រះ ជាតំបន់សក្តានុពលទេសចរណ៍តាមព្រៃភ្នំដ៏ទាក់ទាញមួយ ដែលមានទីតាំងនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ធម្មជាតិដ៏ស្ងប់ស្ងាត់ ធនធានព្រៃឈើ រូងភ្នំ និងតំបន់សក្ការរបស់ប្រជាពលរដ្ឋក្នុងតំបន់ គឺទីចំណុចទាក់ទាញនៃសហគន៍ព្រៃឈើភ្នំព្រះ។ សហគមន៍ព្រៃឈើភ្នំព្រះ មានផ្ទៃដីចំនួន១,២៦៧ហិកតា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ គ្របដណ្តប់ឃុំចំនួន៤ ក្នុងស្រុកថ្មពួក។ 

សហគមន៍ព្រៃឈើភ្នំព្រះ មិនត្រឹមតែជាទីជម្រករបស់សត្វព្រៃ និងធនធានព្រៃឈើនោះទេ តែក៏ជាតំបន់ធម្មជាតិដែលអាចទាក់ទាញទេសចរផងដែរ។ លោក អាន ឡាញ់ ប្រជាជនក្នុងសហគមន៍ព្រៃឈើភ្នំព្រះ ប្រាប់សារព័ត៌មាន thmeythmey25 តាមទូរសព្ទបន្ថែមថា សក្តានុពលនៅតំបន់ទេសចរណ៍ភ្នំព្រះនេះគឺមាន៣សំខាន់ៗ គឺទី១ជាកន្លែងសក្ការ ដែលមានតំណាលពីបុរាណមក មានរបស់សក្ការបុរាណខ្មែរយើងតែងគោរពបូជា ហើយមានអាងទឹកធម្មជាតិមួយមានទំហំប្រមាណ២ទៅ៣ម៉ែត្រ មិនដែលរីងនោះទេ។ ទី២ រូងភ្នំជាកន្លែងកម្សាន្ត និងជាទីគោរពបូជា ហើយចំណុចទី៣ គឺសក្តានុពលព្រៃឈើ និងសត្វព្រៃ»។  

ក្រៅពីនេះ អ្នកទេសចរអ្នកបោះតង់សម្រាកនៅទីនោះបានដែរ។ បើតាមលោក អាន ឡាញ់ នៅសហគមន៍ព្រៃឈើភ្នំព្រៃ។ 

ទោះជាមានសក្តានុពលទេសចរណ៍ក្តី ប៉ុន្តែលោក អាន ឡាញ់ អះអាងថាតំបន់នេះ មិនសូវមានអ្នកស្គាល់ច្រើននោះទេ ដោយសារស្ថានភាពផ្លូវចូលមិនទាន់ល្អ ហើយការផ្សព្វផ្សាយក៏មិនទូលំទូលាយ។ ខណៈដែលនៅទីនោះ នៅមិនទាន់សេវាកម្មច្រើននៅឡើយ រាប់ទាំងសេវាកម្មម្ហូបអាហារផងដែរ។ 

លោក អាន ឡាញ់ អះអាងថាអាជ្ញធរ មានគម្រោងអភិវឌ្ឍសហគមន៍ព្រៃឈើភ្នំព្រះនេះ ទៅជាតំបន់អេកូទេសចរណ៍នៅថ្ងៃអនាគត ដោយបន្ថែមការស្ថាបនាផ្លូវ និងប្រព័ន្ធទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងបង្កើតឲ្យមានសេវាកម្មម្ហូបអាហារសម្រាប់ទេសចរផងដែរ។ ទន្ទឹមនឹងនេះ លោក អាន ឡាញ់ សំណូមពរឱ្យភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់នោះឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយទេសចរនៅទីនោះផង និងជួយអភិវឌ្ឍន៍សហគមន៍ផងដែរ៕







រូបភាពពី U-Walker
 រូបភាពពី U-Walker
 

ព័ត៌មានទាក់ទង