នៅ​កម្ពុជា «​ខ្លារខិន​» ស្ទើរតែ​គ្មាន​ដោយសារតែ​ការ​បរបាញ់ និង​ទាក់​ចាប់ធ្វើ​អាជីវកម្ម​

29/12/2022 2:00 pm ភ្នំពេញ

នៅ​កម្ពុជា​រប៉ាយ​រស់នៅ​រប​ស់ស​ត្វ «​ខ្លារខិន​» មាន​តិចតួច​តាម​តំបន់​នានា ក្នុងនោះ​មាន​ភូមិភាគ​ឦសាន​, និរតី និង ភាគ​ជើង​នៃ​ប្រទេស ប៉ុន្តែ​នៅ​អាហ្វ្រិក​, អាស៊ី​ភាគខាងត្បូង រួមទាំង​អាស៊ីអាគ្នេយ៍ និង​កោះ​ចា​វា​នៅមាន​ច្រើន​។ «​ខ្លារខិន​» ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ ហើយ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​បរបាញ់ ទាក់​ចាប់​ដើម្បី​យក​ស្បែក​, ឆ្អឹង សំណាក​របស់​វា​ធ្វើ​អាជីវកម្ម ម្យ៉ាងទៀត​ការបាត់បង់​ទីជម្រក​ដែល​ធ្លាប់​រក​ចំណី​និង​រស់នៅ​។ «​ខ្លារខិន​» ត្រូវបាន​អង្គការ IUCN ចាត់​ចូលក្នុង​បញ្ជី​ក្រហម ថា​ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច ប៉ុន្តែ​នៅ​កម្ពុជា​គេ​កម្រ​ជួបប្រទះ​វា​ណាស់​។​



«​ខ្លារខិន​» មាន​ភិនភាគ​ងាយ​ចំណាំ​ណាស់ វា​មាន​ពណ៌​លឿង​ក្រម ត្នោត និង​អុចៗ ហើយ​ខ្មៅ ជា​កញ្ចុំ​នៅ​ពាសពេញ​ខ្លួន ពេលខ្លះ​គេ​ហៅថា «Black Panther» ដែលមាន​រូបរាង​ខ្មៅ​។ «​ខ្លារខិន​» ឈ្មោល អាចមាន​ទម្ងន់ ៥៥ គីឡូក្រាម ចំណែកឯ​ញី​វិញ មាន​ទម្ងន់ ៣០​គីឡូក្រាម​។ «​ខ្លារខិន​» វា​ដើរ​ជា​គូ​តែ​ក្នុង​រដូវ​បន្ត​ពូជ ចំពោះ​«​ខ្លារខិន​» ញី​អាច បង្កើតកូន​បាន​ពី​១-៤​ក្បាល បន្ទាប់ពី​ពពោះ​អស់​រយៈពេល ៩០-៩៥​ថ្ងៃ ហើយ​កូន​របស់​វា​រស់នៅ​ជាមួយ​មេ​ដល់​អាយុ​ពី ១-២​ឆ្នាំ​។ នេះ​បើតាម​សៀវភៅ​ថនិកសត្វ​កម្ពុជា​។​

​សៀវភៅ​ថនិកសត្វ​ខាងលើ បញ្ជាក់ថា ការរស់នៅ​របស់​សត្វ «​ខ្លារខិន​» គឺ​វា​រស់នៅ​ក្នុងព្រៃ​គ្រប់​ប្រភេទ ចាប់ពី​ព្រៃស្រោង​រហូតដល់​ព្រៃ​គម្ពោត​ដែលមាន​ផ្ទាំង​ថ្ម​។ «​ខ្លារខិន​» ជា​សត្វ​រហ័សរហួន និង​ចូលចិត្ត​ឡើងដើមឈើ ហើយ​វា​ពុំ​សូវ​ចាញ់​កម្ដៅថ្ងៃ​ដូច​ខ្លាធំ​ទេ និង​អាច​រស់នៅ​ឆ្ងាយ​ពី​ទឹកបាន​ទៀតផង​។ «​ខ្លារខិន​» ជា​អម្បូរ​ឆ្មា​ដែល មាន​មាឌធំ​លំដាប់​ទី​២​បន្ទាប់ពី​ខ្លាធំ​។​

​ចំណីអាហារ​របស់​«​ខ្លារខិន​»​មានដូចជា ប្រើស​,​ឈ្លូស​,​ជ្រូកព្រៃ​,​ស្វា​,​សត្វ​កកេរ និង​សត្វល្អិត ហើយ​ជារឿយៗ​វា​ចាប់​ចំណី ដោយ​លោត​កន្ត្រប់​ពីលើ​ដើមឈើ រួច​ទាញ​សត្វ​នោះ​ឡើងលើ​ដើមឈើ​ដើម្បី​ស៊ី​។ «​ខ្លារខិន​» វា​ចូលចិត្ត​រក​ចំណី​តែឯង និង​ជា​ត្វ​រាត្រីចរ​។ ប្រភព​នៃ​ឯកសារ​សត្វ​នេះ សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​សៀវភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston ឆ្នាំ​២០០៨៕

ព័ត៌មានទាក់ទង