សត្វ «​កែះ​» មាន​ភាពរហ័សរហួន​,​ពូកែ​ស្រង់ក្លិន និង​ភ្នែក​ពូកែ​

21/04/2023 2:00 pm ភ្នំពេញ

​សត្វ «​កែះ​» ក៏​ជា​ប្រភេទ​សត្វពាហនៈ​ស៊ី​ស្មៅ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត​ជា​ចំណី​អហារ ដែលមាន​ជើង​បួន ប៉ុន្តែ​វា​មាន​ភាពខុសប្លែក​ពីស​ត្វ​ដទៃ​ត្រង់​ថា​អាច​ឡើងលើ​ផ្ទាំង​ថ្ម​ចោតៗ​និង​ខ្ព​ស់បាន​ដោយសារតែ​ជើង​យ៉ាង​ចំណាប់​របស់​វា​។ ប្រភេទ​សត្វ​នេះ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប គេ​កម្រ​ឃើញ​វា​មាន​រស់​នៅតាម​តំបន់​ទំនាប​វាលស្មៅ ដូច​សត្វ​ទំពារ​អៀង​ដទៃទៀត​ណាស់​។ «​កែះ​» ជា​ប្រភេទ​សត្វ​ដែលមាន​ភាពរហ័សរហួន ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់​។

 

​សត្វ «​កែះ​» កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​ការបាត់បង់​ទីជម្រក ការ​ទាក់​ចាប់ ឬ​បរបាញ់ ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​។ «​កែះ​» ស្ថិតក្នុង​ក្រុម​មាន​ដោយ​កម្រ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អង្គការ IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​។ នេះ​បើតាម​សៀវភៅ​ថនិកសត្វ​កម្ពុជា​។​

​លក្ខណៈ​ជីវសាស្ត្រ «​កែះ​» ចូលចិត្ត​រស់នៅ​តំបន់​ព្រៃភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់ៗ ដែលមាន   គម្រប​ព្រៃ និង​មាន​ស្រទាប់​រុក្ខជាតិ​ថ្នាក់ ក្រោម​ច្រើន​។ «​កែះ​» ជា​ប្រភេទ​សត្វ​ដែលមាន​ភាពរហ័សរហួន ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់​ដូច្នេះ​គេ​កម្រ​ជួបប្រទះ​វា​ណាស់​។ 
 
«​កែះ​» ចូលចិត្ត​យក​រូងភ្នំ​រាក់ៗ​ធ្វើជា​ទីជម្រក ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា​បាន​ដោយសារ​គំនរ​លាមក​របស់​វា​។ នៅពេល​ថ្ងៃ​វា​ចូលចិត្ត​សម្រាក​តាម​គម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​នៅពេល​ព្រលឹម ឬ​ក្បាល​ព្រលប់​។ វា​ចូលចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ​។ នា​រដូវ​បន្ត​ពូជ​នៅ​ខែតុលា​និង​ខែធ្នូ កែះ​ញី អាច​កើតកូន​បាន​ម្ដង​១​ជួនកាល​ភ្លោះ ប៉ុន្តែ​វា​មាន​ដោយ​កម្រ​បន្ទាប់ពី​ពពោះ​រយៈពេល​៧​ខែ​។ កូន​ដែល​កើតមក​រស់នៅ​ជាមួយ​មេ​របស់​វា​ស្ទើរ​ពេញ​មួយឆ្នាំ​ទើប​ចាកចេញ​។​
 
​សត្វ «​កែះ​» គេ​អាច​សម្គាល់​បាន​គឺ វា​មាន​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែងៗ​ស្តើង ហើយ​មាន​ដងខ្លួន​ខ្លី ចំណែក​ជើង​ទាំង​៤​របស់​វា​វែង​។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ​មាន​ពណ៌​ចម្រុះ​ខ្មៅ​-​ប្រផេះ​-​លឿង កន្ទុយ​របស់​វា​ខ្លី មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។ នៅលើ​ពំនូល​ក្បាល​រហូតដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែងៗ​សណ្ឋាន​ដូចជា​ប្រែង​។ រីឯ​បបូរមាត់​របស់​វា​វិញ​ពណ៌​ស ហើយ​ផ្នែក​ក្រោម​កមាន​ពណ៌​លឿង ឬ​ពណ៌​ស ចំពោះ​ត្រចៀក​វា​វែង​ត្រង់​ទៅលើ​។ សត្វ «​កែះ​» វា​មាន​ស្នែង​ដូច​សត្វ​ពពែ​ដែរ ដោយ​ដុះ​កោង​ទៅក្រោយ​បន្តិច មាន​ប្រវែង​ប្រហែល ២៨០​ម​ម ពណ៌​ខ្មៅ និង​មាន​គន្លាក់ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់​។
ប្រភព​នៃ​ឯកសារ​សត្វ​នេះ សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​សៀវភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston ឆ្នាំ​២០០៨៕

ព័ត៌មានទាក់ទង