«​ការអភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​» ជា​ប្រធានបទ​សំខាន់​ក្នុង​ទិវា​បរិស្ថាន ៥​មិថុនា​ខាងមុខ​

02/06/2020 2:30 pm ភ្នំពេញ

​ភ្នំពេញ​៖ «​ការអភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​» គឺជា​ប្រធានបទ​ដែល​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា កម្ពុជា​បានកំណត់​យក​ដើម្បី​ប្រារព្ធ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី​៥ មិថុនា ខាងមុខ​។ ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា បច្ចុប្បន្ន ជីវៈចម្រុះ​នៅ​ក​ម្ព​ជា​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​អភិរក្ស​ទាំងអស់គ្នា ដើម្បី​យើងទាំងអស់គ្នា និង​ជៀសវាង​ស្តាយក្រោយ​នៅពេលដែល​បាត់បង់​។ នេះ​បើតាម​ការចុះផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១ មិថុនា​។​

​បើតាម​ក្រសួងបរិស្ថាន ជីវៈចម្រុះ សំដៅ​ដល់​សារពាង្គកាយ​ខុសគ្នា​នៅក្នុង​ប្រភេទ​តែមួយ ឬ​ប្រភេទ​ផ្សេងគ្នា និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់ និង​ប្រភព​ទាំងអស់ រួមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក ដែនសមុទ្រ ដែនទឹក​សាប និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​។​

ក្រសួងបរិស្ថាន បញ្ជាក់ថា នៅ​កម្ពុជា មាន​ធនធាន​ចម្រុះ​ដ៏​សម្បូរបែប ក្នុងនោះ​រួមមាន​ថនិកសត្វ ១២៣​ប្រភេទ​, សត្វ​ស្លាប ៥៤៥​ប្រភេទ​, ឧរង្គសត្វ ៨៨​ប្រភេទ​, រុក្ខជាតិ​តូចៗ​(Vascular plants) ២៣០៨​ប្រភេទ​, ត្រី ៨៧៤​ប្រភេទ​, ផ្កាថ្ម​រឹង ២៤​ប្រភេទ​, ផ្កាថ្ម​ទន់ ១៤​ប្រភេទ​, ស្មៅ​សមុទ្រ ១០​ប្រភេទ និង​ថលជលិក ៦៣​ប្រភេទ​។ ធនធាន​ចម្រុះ​ទាំងនេះ បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​ទៅលើ​វិស័យ ទេសចរណ៍ វប្បធម៌ បរិស្ថាន និង​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ជីវៈចម្រុះ​ដ៏​សម្បូ​បែបនេះ កំពុង​ទទួល​ការគំរាមកំហែង​យ៉ាងខ្លាំង ដែល​ទាមទា​ឲ្យ​មានការ​មើលថែ​អភិរក្ស និង​ការយកចិត្តទុកដាក់​ក្នុងការ​ការពារ​។ នេះ​បើតាម​ក្រសួងបរិស្ថាន​ដដែល​៕

ព័ត៌មានទាក់ទង