«ជាថ្មីម្តងទៀត សូមជម្រាបជូនដល់បង ប្អូន មា មីង អ្នកខេត្តស្ទឹងត្រែងទាំងអស់ឲ្យបានជ្រាបថា ស្ថានភាពត្រីក្នុងធម្មជាតិរបស់យើង គឺបានមកដល់ចំណុចភ្លើងលឿងហើយ។ ធនធានទាំងនេះអាចបន្តនូវគង់វង្ស ឬផុតពូជអស់ គឺស្ថិតលើការចូលរួមទាំងអស់គ្នា ជាពិសេសសូមអង្វរករចំពោះប្រជានេសាទមួយចំនួនតូច ដែលនៅតែលួចលាក់ប្រើឧបករណ៍ល្មើសច្បាប់ ដូចជា ឆក់ក្តៅ ឆក់ត្រជាក់ ជាដើម។ សូមចូលរួមទាំងអស់គ្នាដើម្បីកូនចៅយើងជំនាន់ក្រោយ»។
ជារៀងរាល់ឆ្នាំ ខេត្តស្ទឹងត្រែង បានប្រកាសរដូវបិទនេសាទចាប់ពីថ្ងៃ ០១ ឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយហាមឃាត់ឧបករណ៍នេសាទគ្រប់ប្រភេទ លើកលែងតែឧបករណ៍នេសាទលក្ខណៈគ្រួសារ មានដូចជា៖ សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រត់ ចាន់ តុម ទ្រូ និងកញ្ច្រែងដងត្រី។
ត្រីបបែលយក្ស
រំលឹកផងដែរថា ខេត្តស្ទឹងត្រែង គឺជាទីជម្រកលាក់ខ្លួន និងពងកូន នៃពពួកត្រីធ្វើចរាចរផ្លាស់ទីរាប់រយប្រភេទនៅក្នុងទន្លេមេគង្គ ជាពិសេស ប្រភេទត្រីយក្សជិតផុតពូជសំខាន់ៗ ដូចជា៖ ត្រីបបែលយក្ស (Urogymnus polylepis) គឺជាត្រីបបែលទឹកសាបដ៏ធំ មានប្រវែងទទឹងដងខ្លួនដល់ទៅ ២,៤០ ម៉ែត្រ និងទម្ងន់ខ្លួនរហូតដល់ ៦០០គីឡូក្រាម។ ប្រជាជនកម្ពុជាភាគច្រើន ពុំបានដឹង និងស្ទើរពុំជឿថា ត្រីបបែលយក្សប្រភេទនេះ មានរស់នៅក្នុងប្រទេសរបស់ខ្លួនឡើយ។
ត្រីរាជ ស្តេចត្រីឥតស្រកា
ដ្បិតតែមានរូបរាងស្រដៀងនឹងត្រីប្រាធំដែរ តែត្រីរាជ (Pangasianodon gigas) មានទំហំខ្លួនធំ និងធ្ងន់ជាង មានស្តង់ដាប្រវែងដងខ្លួនដល់ទៅ៣ម៉ែត្រ និងទម្ងន់៣០០គីឡូក្រាម វាត្រូវបានគេចាត់ទុកថាជាស្តេចត្រីទឹកសាប ប្រភេទឥតស្រកាធំជាងគេលើលោក។
ត្រីគល់រាំង សេ្តចត្រីមានស្រកា
ត្រីគល់រាំង (Catlocarpio siamensis) ក៏ជាស្តេចត្រីទឹកសាបប្រភេទមានស្រកាធំជាងគេលើលោកផងដែរ ហើយក៏ជាត្រីដែលត្រូវបានប្រកាសកំណត់ជាមច្ឆានិម្មិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នសរកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ត្រីនេះ មានស្តង់ដាប្រវែងដងខ្លួនដល់ទៅ៣ម៉ែត្រ និងទម្ងន់៣០០គីឡូក្រាម។
ស្តេចត្រីទាំងពីរ ដ្បិតតែមានខ្លួនធំ តែពួកវាជាប្រភេទត្រីស្លូតបូត មិនដែលរំខានដល់ជីវិតត្រីដទៃ ឬមនុស្សឡើយ វាស៊ីតែកម្ទេចកម្ទីកាកសំណល់ ប្លង់តុង និងស្លែជាអាហារប៉ុណ្ណោះ។
ត្រីគល់រាំង។ រូបភាព៖ ហ្សេប ហូហ្គេន
ចំពោះត្រីពោព្រុយ (Pangasius sanitwongsei) វាក៏ជាប្រភេទត្រីឥតស្រកាដ៏ធំ មានស្តង់ដាប្រវែងដងខ្លួនដល់ទៅ៣ម៉ែត្រ និងទម្ងន់៣០០គីឡូក្រាមដែរ។ បច្ចុប្បន្ននេះ គេកម្រឃើញវត្តមានរបស់វាណាស់។ ដូចគ្នានេះដែរ ត្រីប៉ាសាណាក (Aaptosyax grypus) គឺជាប្រភេទត្រីមានស្រកា មានស្តង់ដាប្រវែងដងខ្លួនដល់ទៅ ១.៣ម៉ែត្រ និងទម្ងន់៣០គីឡូក្រាមដែរ។ ត្រីនេះ មានរង្វះមាត់រាងដូចដង្កាប់ វាជាប្រភេទត្រីដែលមានភាពរហ័សរហួន និងសកម្មក្នុងការតាមចាប់ចំណីផងដែរ។ បច្ចុប្បន្ននេះ កម្រមានអ្នកនេសាទណាចាប់បានណាស់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com