ភ្នំពេញ៖ «កញ្ឆែត-ត្រកួន»នៅបឹងទំពុននិងបឹងជើងឯក ជាប្រភពធំជាងគេសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងរាជធានីភ្នំពេញ និងបន្តចែកចាយទៅតាមបណ្តាខេត្តនានា។ លោក មាស សែត ជាកសិករម្នាក់ដែលប្រកបរបរដាំកញ្ឆែតនៅបឹងទំពុនប្រមាណ៣០ឆ្នាំមកហើយ បានឲ្យដឹងថា កញ្ឆែតនៅបឹងទំពុននិងបឹងជើងឯង ត្រូវបានផ្គត់ផ្គងនៅលើទីផ្សារក្នុងរាជធានីភ្នំពេញចំនួនប្រមាណ២៥តោន ឬច្រើនជាងនេះ ក្នុងមួយថ្ងៃៗ។ ចំនួននេះ មានតែនៅរដូវសម្បូរកញ្ឆែតប៉ុណ្ណោះ ប៉ុន្តែ នៅរដូវលម្ហើយដែលដាំពុំសូវបាន គឺអាចផ្គត់ផ្គងបានត្រឹមតែប្រមាណ១០តោនប៉ុណ្ណោះ។ លោក មាស សែត បញ្ជាក់ថា ភាគច្រើនគ្រួសារនីមួយៗអាចផ្គង់ផ្គង់កញ្ឆែតនៅលើទីផ្សារបានរហូត១ទៅ២តោនក្នុងមួយថ្ងៃ ក្នុងចំណោមកសិកររាប់សិបគ្រួសារដែលកំពុងដាំដុះកញ្ឆែតនៅលើបឹងទំពុននិងបឹងជើងឯកនេះ។
សកម្មភាពនៃការកាត់ និងដឹកជញ្ជូនកញ្ឆែតទៅឲ្យម៉ូយនៅលើទីផ្សារមានទាំងព្រឹក ថ្ងៃ និងល្ងាច។ ចំនួនផ្គត់ផ្គង់ដ៏ច្រើនក្នុងមួយថ្ងៃៗនេះ នឹងធ្លាក់ចុះបន្តិចម្តងៗ ព្រោះសកម្មភាពបូមខ្សាច់លុបបឹងយកដីអភិវឌ្ឍន៍សំណង់អគារធំៗកាន់តែលឿន ហើយក៏បានធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់ពួកគាត់បណ្តើរៗផងដែរ។ កសិករជាច្រើនដែលសារព័ត៌មានថ្មីៗបានសម្ភាស គឺពួកគាត់កំពុងបារម្ភពីការបាត់បង់មុខរបរនេះ ព្រោះសកម្មភាពអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ធំៗ នាភាគខាងត្បូងរាជធានីភ្នំពេញនេះកាន់តែរហ័ស។ ទីតាំងដាំកញ្ឆែតនិងត្រកួនទាំងពីរនេះ គឺកសិករសុទ្ធតែជួលដីពីឯកជន ហើយបច្បុប្បន្ន ពួកគាត់ភាគច្រើនក៏មិនដឹងថា នឹងត្រូវប្តូរទៅប្រកបមុខរបរផ្សេងទេ ឬរកទីតាំងថ្មីដើម្បីបន្តមុខរបរចាស់ទៀតនៅឡើយទេ។
សូមអញ្ជើញទស្សនាទិដ្ឋភាពបឹងទំពុន ដែលអាចនឹងលែងមានបឹងកញ្ឆែតនិងត្រកួនទៀត ដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com