អ្នកបុរាណវិទ្យាធ្វើកំណាយនៅទួលដូនប៉ុក ដើម្បីស្វែងយល់ពីភូមិករខ្មែរនាសម័យអង្គរ
សៀមរាប៖ ក្រុមអ្នកបុរាណវិទ្យានៃសាកលវិទ្យាល័យហាវៃសហរដ្ឋអាមេរិក សហការជាមួយអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយនៅទួលដូនប៉ុក ស្ថិតនៅខាងលិចប្រាសាទវត្តអធ្ធា ឬខាងត្បូងនៃរាជធានីអង្គរ។ កំណាយនេះ ដើម្បីសិក្សាស្រាវជ្រាវពីភូមិកររបស់មនុស្សបុរាណដែលស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីអង្គរ ថាតើការតាំងទីនៅសម័យនោះមានសណ្ឋានដូចម្ដេច។
ចង់ជ្រាបច្បាស់ពីខ្លឹមសារទាំងស្រុង សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
**audio2**
ចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៩ មក ក្រុមអ្នកបុរាណវិទ្យានៃសកលវិទ្យាល័យហាវៃសហរដ្ឋអាមេរិក និងអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយនៅទីតាំងសំខាន់ៗ ដើម្បីដឹងពីរចនាសម្ព័ន្ធ ការតាំងទីរបស់មនុស្ស វត្ថុសក្ការបូជា ក៏ដូចជាភូមិករខ្មែរនៅសម័យអង្គរ។ ក្នុងគម្រោងស្រាវជ្រាវឈ្មោះថា គម្រោងរកទីតាំងមនុស្សរស់នៅ ទីសក្ការៈបូជា និងសម្ភារប្រើប្រាស់ពីបុរាណកាល បានកំណត់ទីតាំងសំខាន់ៗច្រើនកន្លែង លើភូមិករខាងត្បូងនៃក្រុងអង្គរ។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងខែ មករា ឬដើមខែកុម្ភៈ ឆ្នាំ២០២០។
លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្ដរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ លើកឡើងថា គោលបំណងនៃការធ្វើកំណាយទីតាំងនេះ ដើម្បីសិក្សាពីភូមិករ ការរៀបចំភូមិករខាងត្បូងក្រុងអង្គរ។ គម្រោងនេះ អ្នកស្រាវជ្រាវបានជ្រើសរើសទីតាំងច្រើនកន្លែង ដើម្បីធ្វើកំណាយ ក្នុងនោះក៏មានទួលដូនប៉ុកមួយដែរ ដែលជាតំបន់ប្រជុំជនសំខាន់នាសម័យនោះ។
ការជ្រើសរើសតំបន់ប្រាសាទសម្រាប់ការធ្វើកំណាយ ត្រូវបានអ្នកជំនាញពន្យល់ថា ជាទូទៅសហគមន៍តែងរស់នៅជុំវិញប្រាសាទ និងមានការប្រើប្រាស់សម្ភារប្រចាំថ្ងៃ។ តាមរយៈ ភាជន៍ដែលប្រើប្រាស់នាសម័យនោះ អាចឱ្យអ្នកស្រាវជ្រាវដឹងពីការស់នៅរបស់ប្រជាជននៅពេលនោះ។ នៅទីតាំងកំណាយនៅទួលដូនប៉ុក អ្នកបុរាណវិទ្យាបានរកឃើញនៃបំណែកភាជន៍២ប្រភេទ មានភាជន៍ក្នុងស្រុក និងភាជន៍នាំចូល។ លោក ភិរម្យ ពន្យល់ដូច្នេះថា៖«នៅទីនេះយើរកឃើញភាជន៍២ធំ មានភាជន៍ក្នុងស្រុក និងភាជន៍នាំចូល ភាជន៍នាំចូលមានពីរសម័យកាល សម័យក្រោយអង្គរមានក្នុងរាជ្យវង្សម៉ីង រាង្យវង្សឈិញ មានភាជន៍សេឡាដុនពណ៌បៃតងពីរាជ្យវង្សយួន...ដល់ពេលភាជន៍ខ្មែរមានមកពីឡ សសី ឡនៅម្ដុំបេងមាលា ភាជន៍ស្រទាប់រលោង បៃតង ភាជន៍មួយចំនួនទៀតជាប្រភេទផុយស្រួយ...»។
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនទាន់បញ្ជាក់បានទេថា តើកុលាលភាជន៍ទាំងនោះប្រើប្រាស់សម្រាប់កិច្ចពិធីបូជាឬសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស។ លោក ភិរម្យ ប្រាប់ថា ក្រុមការងាររបស់លោកត្រូវការពេលបន្ថែមដើម្បីប្រមូលភាជន៍ទាំងនោះ ឬបរិមាណនៅទីតាំងនីមួយៗដែលប្រទះឃើញជាមុនសិន ទើបអាចធ្វើសេចក្ដីសន្និដ្ឋានមួយឱ្យជាក់លាក់។
លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវៃសហរដ្ឋអាមេរិក ថ្លែងថា កន្លងមកគេស្គាល់តែអង្គរដែលជារាជធានី ហើយអ្នករស់នៅទីនោះក៏សុទ្ធសឹងមន្ត្រីមានឋានៈខ្ពស់។ ដូច្នេះដើម្បីដឹងថា ក្រៅពីរាជធានី តើតំបន់ជុំវិញពិសេសតំបន់ជិតបឹងទន្លេសាបឬក្នុងខេត្តសៀមរាបសព្វថ្ងៃមានអ្នកណាខ្លះរស់នៅ និងប្រកបរបរអ្វីខ្លះ ទើបក្រុមការងារលោកមកធ្វើកំណាយនៅទីតាំងនេះ។
ជាចំណុចដែលគួរកត់សម្គាល់ដែរនោះ តាមការបញ្ជាក់ពីលោក ពិភាល់ នៅប្រាសាទវត្តអធ្ធា នៅក្បែរទួលដូនប៉ុកដែលពីមុនជាប្រាសាទមួយដែរនោះ សង់ឡើងនៅអំឡុងស.វទី១២ គឺក្រោយទួលដូនប៉ុកដែលសង់នាស.វទី១០។ ក្រោយមានការដួលរលំ បាក់បែក ប្រាសាទដូនប៉ុកដែលសង់ដំណាលគ្នានឹងប្រាសាទបន្ទាយស្រី និងប្រាសាទព្រះឥន្ទកោសីយ បានក្លាយជាទីទួលធម្មតា ឬទួលអ្នកតា និងលែងក្លាយជាទីសក្ការៈបូជារបស់អ្នកស្រុកតទៅទៀត។
ការធ្វើកំណាយនៅទីតាំងបុរាណនានាដូចនៅពេលនេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងយល់ពីតម្លៃបេតិកភណ្ឌទាំងនោះ។ លោក វិទូ ភិរម្យ យល់ថា សង្គមកាន់តែមានការអភិវឌ្ឍ ធ្វើឱ្យការតាំងទីកាន់តែពង្រីក ដូច្នេះការធ្វើកំណាយរកភូមិករមនុស្សសម័យបុរាណនៅពេលនេះ អាចឱ្យប្រជាពលរដ្ឋយល់ពីកិច្ចការដែលអ្នកជំនាញកំពុងធ្វើ និងកំណត់ទីទួលបុរាណដ្ឋានឱ្យបានត្រឹមត្រូវសម្រាប់កិច្ចការអភិរក្ស និងការពារ ដើម្បីរក្សាទៅអនាគត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com