លោក អ៊ឹម សុ​ភ័​ក្រ ដាំ​ស្លឹក​ខ្ទឹម​លើដី​១​រ៉ៃ បាន​ផល​ជាង​៣​តោន និង​ចំណេញ​ជិត​២​ពាន់​ដុល្លារ ក្នុងពេល​៣៥​ថ្ងៃ

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ លោក អ៊ឹម សុ​ភ័​ក្រ ជា​កសិករ​ដាំ​បន្លែ​ច្រើន​មុខ​នៅក្នុង​ខេត្តបាត់ដំបង​។ ប៉ុន្តែ​កសិករ​វ័យ​៤០​ឆ្នាំ​រូបនេះ អះអាងថា​លោក ដាំ​ស្លឹក​ខ្ទឹម ជាប់​ជាប្រចាំ ព្រោះ​ប្រើពេល​ខ្លី ហើយ​អាច​ចំណេញ​បាន​ក្រាស់ក្រែល​ដែរ​។ កសិករ​រូបនេះ អះអាងថា ដាំ​ស្លឹក​ខ្លឹម​លើ​ទំហំ​ដី​១​រ៉ៃ ឬ​១,៦០០​ម៉ែត្រការ៉េ លោក​អាច​ប្រមូល​ផល​បាន​ប្រមាណ​៣​តោន​។ ក្រោយ​ទូទាត់​ចំណាយ លោក សុ​ភ័​ក្រ នៅសល់​ប្រាក់ចំណេញ​ជិត​២​ពាន់​ដុល្លារ រៀង​រាល់ពេល​ប្រមូល​ផល​ម្តងៗ​។​
 
​លោក អ៊ឹម សុ​ភ័​ក្រ ជា​កសិករ​ដាំ​បន្លែ នៅក្នុង​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ មាន​វ័យ​៤០​ឆ្នាំ កសិករ​រូបនេះ កំពុង​ដាំ​ដុះ​បន្លែ​ជាច្រើន​មុខ​រួមមាន ត្រប់​,​សណ្ដែកកួរ ប៉េងប៉ោះ​, ស្លឹក​ខ្ទឹម និង​បន្លែ​ស្ពៃ​ជាដើម​។ ក្រៅពី​ដាំ​បន្លែ និង​ដំណាំ​ទាំងនេះ លោក សុ​ភ័​ក្រ ក៏​ជា​អ្នក​ចិញ្ចឹម​ឃ្មុំ​ផងដែរ​។ 
 
​លោក សុ​ភ័​ក្រ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរ​សព្ទ​ថា ក្នុងចំណោម​បន្លែ​ដែល​គាត់​ដាំ មានតែ​ដំណាំ​ស្លឹក​ខ្ទឹម​ប៉ុណ្ណោះ ដែល​បាន​ដាំ​វិលជុំ​មិន​ឲ្យ​ដាច់​ឡើយ​។ កសិករ​រូបនេះ ពន្យល់ថា ស្លឹក​ខ្ទឹម​ងាយ​ដាំ និង​ចំណាយពេល​ខ្លី​ទទួលបាន​ផល ក្នុងនោះ​ផ្ទៃដី​ដាំ​ស្លឹក​ខ្ទឹម ១​រ៉ៃ ឬ​១៦០០​ម៉ែត្រការ៉េ គឺអាច​ប្រមូល​ផល​បាន​ជាង ៣​តោន​។ ជាទូទៅ ស្លឹក​ខ្ទឹម​មួយ​គីឡូក្រាម លោក សុ​ភ័​ក្រ អាច​លក់បាន​ក្នុងតម្លៃ ៤,០០០​រៀល ទៅ​៥,០០០​រៀល​។ 
 
​លោក អ៊ឹម សុ​ភ័​ក្រ រៀបរាប់​ដូច្នេះ​៖«​ស្លឹក​ខ្ទឹម​គុយទាវ​នេះ ពី​៣៥​ថ្ងៃ ទៅ​៤៥​ថ្ងៃ អាច​ប្រមូល​ផល​បាន​ហើយ​។ ទំហំ​ដី​១​រ៉ៃ​(១៦០០​ម៉ែត្រការ៉េ​) ខ្ញុំ​អាច​ចំណេញ​ជាង​១​ពាន់​ដុល្លារ ហើយ​ខែ​ខ្លះ​ជាង ៣​ពាន់​ដុល្លារ​។ អ៊ីចឹង​ហើយ​ទើប​បន្ត​ដាំ​ជាប្រចាំ ឆ្លាស់​ទី​តាំ​ចុះឡើង លើដី​ទំហំ​៣​ហិកតា​។ មួយ​ទៅ​ពីរ​អា​ទី​ត្យ ខ្ញុំ​ដាក់​ដាំ​ស្លឹក​ខ្ទឹម​ជា​បន្តបន្ទាប់ ក្នុង​ទំហំ​ដី​មួយ​រ៉ៃៗ​។ តែ​យើង​ចំណាយ​ពូជ​ប្រមាណ​២៥០​គីឡូក្រាម ដែល​តម្លៃ​មធ្យម ១​គីឡូ ១ ម៉ឺន​រៀល ហើយ​ដាក់​ជី បាញ់ថ្នាំ ការថែទាំ ទឹក កម្មករ​ផ្សេងៗ​ចំណាយ​ប្រមាណ​១​ពាន់​ដុល្លារ​»​។​


ចម្ការខ្ទឹមរបស់លោក សុភ័ក្រ។ (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)
 
​យ៉ាងណាក៏ដោយ ស្លឹក​ខ្ទឹម​ក៏​មិន​ផ្តល់​ល្អ​រហូត​ដែរ​។ បើតាម​កសិករ​សុ​ភ័​ក្រ ដែល​ដាំ​ដុះ​ស្លឹក​ខ្ទឹម​ប្រមាណ​៤​ឆ្នាំ​មកនេះ អាកាសធាតុ​នៅ​អំឡុង​ខែវិច្ឆិកា និង​ខែធ្នូ​នេះ  ដែលមាន​ទឹកសន្សើម បាន ធ្វើ​ឲ្យ​ស្លឹក​ខ្ទឹម​មាន​ពណ៌​ក្រហម ឬ​ខ្លោច​ស្លឹក​។ ជាក់ស្ដែង កាលពីដើម​ខែវិច្ឆិកា​នេះ លោក សុ​ភ័​ក្រ ខាត​ជាង​៤​ពាន់​ដុល្លារ ដោយសារ​ស្លឹក​ខ្ទឹម​ខូច​។ «​តម្លៃ​ស្លឹក​ខ្ទឹម​ធ្លាក់​ថ្លែ គឺ​ដោយមាន​ការនាំ​ចូល​ពី​ថៃ និង​វៀតណាម​។ ទោះបី​តម្លៃ​ទាប ក៏​លោក​មិន​ខាត​ដែរ គឺអាច​រួច​តម្លៃ​ដើម​។ ប៉ុន្តែ​ប្រសិនបើ​ខាត គឺ​កើតឡើង​ដោយសារ​ស្លឹក​ខ្ទឹមក្រហម​ស្លឹក​ខូច​»​។ នេះ​ជាការ​រៀបរាប់​របស់លោក អ៊ឹម សុ​ភ័​ក្រ ប្រាប់​សារព័ត៌មាន​ថ្មីៗ ២៥​។  
 
​បច្ចុប្បន្ន ស្លឹក​ខ្ទឹម របស់លោក សុ​ភ័​ក្រ កំពុង​ចែកចាយ​នៅ​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង និង​ចរាចរ​នៅតាម​បណ្តា​ខេត្ត​នានា​៕


លោក សុភ័ក្រ សម្រាក់នៅចម្ការ ខ្ទឹម (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)


សកម្មភាពពលរដ្ឋកំពុងដកស្លឹកខ្ទឹម (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)


សកម្មភាពពលរដ្ឋកំពុងបកនិងរៀបចំស្លឹកខ្ទឹម (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)


ស្លឹមខ្ទឹមដែលជួបបញ្ហាក្រហមស្លឹកកាលពីដើមខែវិច្ឆិកានេះ។ (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)

ព័ត៌មានទាក់ទង