អង្គការ WaterAid តាំងពិព័រណ៍​ពី​ទឹក និង​បរិស្ថាន ដើម្បី​ក្រើនរំឭក​ដល់​ការថែរក្សា​ទឹកស្អាត​

30/11/-0001 12:00 am កំពង់ឆ្នាំង

​កំពង់ឆ្នាំង​៖ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ចំណេះដឹង ទាក់ទង​នឹង​គុណប្រយោជន៍​នៃ​ទឹកស្អាត​អង្គការ WaterAid បានរៀបចំ​ការតាំងពិព័រណ៍​រូបភាព​ស្ដីពី​«​ទឹកជា​ជីវិត​» កាលពីពេល​កន្លងទៅ នៅក្នុង​ខេត្តកំពង់ឆ្នាំង​។

 
​រូបភាព​ក្នុង​ពិព័រណ៍ បានបង្ហាញ​ពី​ការប្រើប្រាស់​ទឹក​របស់​ប្រជាជន​ខ្មែរ​តាម​តំបន់​នានា តែ​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា ហើយ​រូបថត​នៅក្នុង​ពិព័រណ៍​នេះ​គឺជា​ស្នាដៃ​របស់​យុវជន​មកពី​ខេត្តកំពង់ឆ្នាំង ក្រចេះ កំពង់ចាម និង​ខេត្តកណ្ដាល​។ ផ្ទាំង​រូបថត​ខ្លះ បានបង្ហាញ​ឱ្យឃើញ​ពី​ការស្រោចស្រព​បន្លែ ការ​ដងទឹក​ពី​ក្នុង​ស្រះ ការស្វែងរក​ប្រភពទឹក​ពី​គ្រោះរាំងស្ងួត និង​ពី​គ្រប់​ជីវិត​គឺ​ត្រូវការ​ទឹកស្អាត​ជាដើម​។ 
 
​នៅក្នុង​ពិធី​ពិព័រណ៍​នេះ លោក ឆា​ត់ សុភាព នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ WaterAid បានបញ្ជាក់​ដោយ​ផ្អែកលើ​ពិសោធ​ការងារ​ទាក់ទង​នឹង​ទឹកស្អាត​កន្លងមក​ថា នៅតាម​តំបន់​ជនបទ​មួយចំនួន ខ្វះខាត​ប្រភពទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ឬ​នៅពេល​ជួប​គ្រោះរាំងស្ងួត​។ ចំណែក​តំបន់​ខ្លះទៀត គឺ​ខ្វះខាត​ទឹកស្អាត​ដើម្បី​ប្រើប្រាស់​។ 
 
​លោក ឆា​ត់ សុភាព បញ្ជាក់​បន្ថែមថា​៖«​បឹង​ក្នុង​តំបន់​ខ្លះ​ដែល​ធ្លាប់តែ​មានទឹក​គ្រប់​រដូវ ពេលនេះ​ក៏ត្រូវ​រីងស្ងួត​អស់​ដែរ​។ រូបភាព​ទាំងនេះ មាន​ខ្លឹមសារ​គ្រប់គ្រាន់ ដើម្បីឱ្យ​ប្រជាជន​ក៏ដូចជា រដ្ឋាភិបាល ត្រូវ​រួមគ្នា​ថែរក្សា​ប្រភពទឹក​ឱ្យមាន​អនាម័យ​»​។​
 
​នាយក​អង្គការ WaterAid ប្រចាំ​ប្រទេស​កម្ពុជា បានបង្ហាញ​ពី​គោលដៅ​របស់​អង្គការ​ខ្លួន​ថា  WaterAid បាន​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី ដើម្បី​រួមគ្នា​សម្រេច​ផែនការ​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល ដែល​បាន​កំណត់ថា​ពលរដ្ឋ​មួយរយ​ភាគរយ នឹង​ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ នៅត្រឹម​ឆ្នាំ​២០២៥៕


លោក ឆាត់ សុភាព នាយក​ប្រចាំ​ប្រទេស​កម្ពុជានៃ​អង្គការ Waterait

ព័ត៌មានទាក់ទង