រាជបណ្ឌិត្យសភា គ្រោង​បង្កើត «​ធនាគារ​គោ​» ជួយ​ពលរដ្ឋ​ចិញ្ចឹម​គោ​យក​ទឹកដោះ​លក់​

30/11/-0001 12:00 am ព្រះវិហារ

​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាស​ពី​គម្រោង​នៃ​ការបង្កើត​ធនាគារ​មួយ ដែល​មិន​ធ្លាប់​ឮ​ពីមុនមក​នៅ​កម្ពុជា គឺ​ធនាគារ​គោ​។ លោក ប្រកាស​ពី​គម្រោង​នេះ ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រ​ទេវី​របស់​រាជបណ្ឌិត្យសភា ក្រោម​វត្តមាន​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

 
​បន្ថែម​ពីលើ​ការ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រ​ទេវី លោក សុខ ទូច ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថា ការបង្កើត​ធនាគារ​គោ គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ខ្វះខាត ឲ្យ​មានលទ្ធភាព​ចិញ្ចឹម​គោ (​គោ​ទឹកដោះ) ដែល​នាំចូល​ពី​បរទេស​មក​។ លោក ថា ទីតាំង​ធនាគារ​គោ នឹងត្រូវ​បង្កើតឡើង​ក្នុង​ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ​។​
 
​លោក លើកឡើងថា បើ​ប្រជាពលរដ្ឋ​ណា មានបំណង​ចង់បាន​គោ​ទឹកដោះ​ទៅ​ចិញ្ចឹម ធនាគារ​គោ នឹង​ផ្តល់ជូន​ពួកគាត់ ដោយ​មិន​តម្រូវ​ឲ្យ​ចំណាយ​ប្រាក់​ឡើយ តែ​ពេល​គោ​របស់​ពួកគាត់ ផលិត​បាន​ទឹកដោះ ពួកគាត់ ត្រូវ​បែងចែក​ទឹកដោះគោ​នោះ​ខ្លះ ទៅ​ឲ្យ​ធនាគារ​គោ ដើម្បី​ជាការ​កាត់កង​ចំពោះ​តម្លៃ​គោ ដែល​ពួកគាត់ ទទួល​ពី​ធនាគារ​គោ​។ 
 
​បើ​គោ​១​ក្បាល អាច​ផលិត​បាន​ទឹកដោះ​២០​លី​ត គឺ​ពួកគាត់ ទុក​លក់​ខ្លួនឯង​១០​លី​ត និង​ត្រូវ​ឲ្យ​១០​លី​ត ទៅ​ធនាគារ​គោ​។ បើ​១០​លី​ត ថ្លៃ​៥​ដុល្លារ (២​ពាន់​រៀល​ក្នុង​១​លី​ត​) ពួកគាត់ អាច​នឹង​ចំណាយពេល​ពី​១​ឆ្នាំទៅ​២​ឆ្នាំ ដើម្បី​សង​គ្រប់​ចំនួន​ថ្លៃ​គោ​១​ក្បាល ដែលមាន​តម្លៃ​២​ពាន់​ដុល្លារ​។ ក្រោយ​ពួកគាត់ សង​គ្រប់​ចំនួន​ហើយ គោ​១​ក្បាល​នោះ នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​ពួកគាត់​។ ទាំងនេះ​គឺជា​ឧទាហរណ៍របស់​លោក សុខ ទូច ដែលលោក លើកយកមកពន្យល់ពីគម្រោងនៃការបង្កើតធនាគារគោ។  
 
​លោក បន្តថា មុននឹង​ចែក​គោ​ទឹកដោះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ ធនាគារ​គោ ត្រូវ​បណ្តុះបណ្តាល​ពួកគាត់ ឲ្យ​មាន​ជំនាញ​ក្នុងការ​ចិញ្ចឹម​ជាមុនសិន​។ លើសពីនេះ ពួកគាត់ ក៏ត្រូវ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ចិញ្ចឹម​គោ​ទឹកដោះ​ដែរ​។ 
 
​លោក បន្ថែមថា ធនាគារ​គោ ជា​កន្លែង​ចាត់ចែង​ក្នុងការ​ចែកចាយ​គោ​ទឹកដោះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ ហើយ​ពួកគាត់​សង​វិញ​ជា​ផលិតផល​ទឹកដោះគោ មិនមែនជា​កន្លែង​ផ្តល់​កម្ចី ដូច​ធនាគារ​ទូទៅ​ឡើយ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​មិន​ដូច [​ធនាគារ​ទូទៅ​] ទេ ខុសគ្នា​ឆ្ងាយ​ណាស់​»​។​
 
​លោក អះអាងថា គម្រោង​នៃ​ការបង្កើត​ធនាគារ​គោ គឺជា​គំនិត​របស់លោក​និង​រាជបណ្ឌិត្យសភា​ផ្ទាល់ មិនមែន​យក​គំ​រូពី​ប្រទេស​ណា​នោះទេ​។ យ៉ាងណា លោក ពុំទាន់​អាចនិយាយបាន​ឡើយ​ថា ធនាគារ​គោ នឹងត្រូវ​បង្កើតជា​ផ្លូវការ​នៅពេលណា​។ លោក អាច​ត្រឹម​និយាយបានថា ធនាគារ​គោ នឹងត្រូវ​បង្កើតឡើង នៅពេល​ការចិញ្ចឹម​គោ​ទឹកដោះ និង ការសិក្សា​កែច្នៃ​ទឹកដោះគោ ទទួលបាន​ជោគជ័យ​។
 
​បច្ចុប្បន្ន រាជបណ្ឌិត្យសភា កំពុង​ចិញ្ចឹម​គោ​ទឹកដោះ​ប្រមាណ​១០០​ក្បាល ក្នុង​ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប​។ គោ​ទឹកដោះ​ទាំងនេះ នាំ​មកពី​ប្រទេស​ដា​ណឺ​ម៉ាក ចូលមក​កម្ពុជា​ជា​លើកដំបូង កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​។ 
 
​បើតាម​ការរៀបរាប់​លោក សុខ ទូច ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រ​ទេវី មកដល់ពេលនេះ គោ​ទឹកដោះ​ទាំង​១០០​ក្បាល​នោះ អាច​ផលិត​ទឹកដោះ​បាន​ប្រមាណ​៨០០​លី​ត​ក្នុង​១​មួយថ្ងៃ និង​ចាប់ផ្តើម​ចរាចរ​លក់​ហើយ ក្នុង​ទីផ្សារ​រាជធានី​ភ្នំពេញ និង​ក្នុង​ផ្សារ​តាម​បណ្តា​ខេត្ត​នានា​។ តែ​លោក ត្អូញត្អែរថា រាជបណ្ឌិត្យសភា មិនទាន់​រកបាន​ទីផ្សា​រ​ទូលំទូលាយ​នោះទេ ក្នុង​ការលក់​ផលិតផល​ទឹកដោះគោ​នេះ ដោយសារ​ប្រជាពលរដ្ឋ មិនទាន់​ស្គាល់ និង​មិនទាន់មាន​ទម្លាប់​ទទួលទាន​ផលិតផល​របស់​ខ្មែរ​។ 
 
​លោក បាន​លើក​ពី​គុណសម្បត្តិ​ថា ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប បាន​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ​។ លោក បរិយាយ​បែបនេះ​ថា​៖«...​ប្រជាពលរដ្ឋ ឈប់​កាប់​ព្រៃ ឈប់​បរបាញ់​សត្វ​។ ពួកគាត់ ងាក​មក​បម្រើ​ការងារ​នៅក្នុង​ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប ដូចជា ដាំ​ស្មៅ ដាំ​ដើមឈើ​ឡើងវិញ និង អនាគត ពួកគាត់ នឹង​ដើរតួ​ជាម​គ្គុ​ទេស​ក៏​ទេសចរ ព្រោះ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គម្រោង​ប្រែក្លាយ​ឧទ្យាន​នេះ ឲ្យ​ទៅជា​ឧទ្យាន​គំរូ ទាំង​ការអភិរក្ស​សត្វព្រៃ អភិរក្ស​ព្រៃឈើ វប្បធម៌ និង ទេសចរណ៍​»​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សុខ ទូច បាន​ឲ្យ​ដឹងថា រាជបណ្ឌិត្យសភា កំពុង​សិក្សា​ពី​ការកែច្នៃ​ទឹកដោះគោ ទៅជា​ផលិតផល​ច្រើនយ៉ាង ​ដូចជា ប៊័រ និង ឈី​ស (Cheese ) ជាដើម ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ទាំងនេះ​ពី​បរទេស​។ ក្រៅពី​កែច្នៃ​ទឹកដោះគោ ទៅជា​ផលិតផល​ផ្សេង រាជបណ្ឌិត្យសភា ក៏ត្រូវ​សិក្សា​ពី​គុណភាព​ដែរ ដោយ​ត្រូវ​ប្រើ​រូបមន្ត​បែបណា ដើម្បី​រក្សាទុក​ផលិតផល​ទាំងនោះ​ឲ្យ​បានយូរ អាច​ដល់​១​ឆ្នាំ​ឬ​២​ឆ្នាំ​។ 
 
​ប្រធាន​រាជបណ្ឌិត្យសភា បានបង្ហាញ​ភាពលំបាក​ថា ការចិញ្ចឹម​គោ​ទឹកដោះ និង ការបង្កើត​ធនាគារ​គោ​នេះ មិនមែនជា​រឿង​ងាយស្រួល ហើយ​ងាយ​ទទួលជោគជ័យ​នោះទេ​។ លោក លើកឡើង​ដូច្នេះ​ថា​៖«​យើង ដឹង​ហើយ ធ្វើ​កសិកម្ម​ហ្នឹង អត់​ចំណេញ​ទេ វា ខុសពី​លក់​ដី​ឡូ​តិ៍ ខុសពី​លក់​ឡាន ខុសពី​កាប់​ឈើ​លក់ ព្រោះ​អានេះ វា ត្រូវការ​ខាត យើង​ត្រូវការ​ពេលវេលា​។  ប៉ុន្តែ បើ​វា​ជោគជ័យ វាជោគជ័យ​មួយជីវិត​របស់​ប្រទេស​...»៕ 

ព័ត៌មានទាក់ទង