មនុស្ស​ច្រើន​កុះករ​រីករាយ​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ ខេត្តស្វាយរៀង

30/11/-0001 12:00 am ស្វាយរៀង

​មនុស្ស​ដ៏​ច្រើន​កុះករ រីករាយ​ក្នុង​ពិធី​ប្រណាំងទូក នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩ កន្លងមក​។ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នេះ​។ ក្រៅពី​តំណាង​ស្ថាប័ន​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន ពិធី​នេះ ក៏មាន​ការចូលរួម​ផងដែរ​ពី​គណៈប្រតិភូ​យោធភូមិភាគ​ទី​៧ កងពល​លេខ​៥ កងទ័ព​ប្រជាជន​វៀតណាម និង​គណៈប្រតិភូ​ខេត្ត​ឡុង​អាន​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។​



​លោកស្រី ម៉ែន សំអន បាន​អះអាងថា ការរៀបចំ​ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង​នេះ គឺ​បន្ត​តាម​គំនិត​ផ្តួចផ្តើម​របស់លោក ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ លោក សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមជាមួយ​អាជ្ញាធរខេត្ត គឺជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​។​



​យោងតាម​រដ្ឋបាលខេត្ត​ស្វាយរៀង  ទូក​សរុប​ចំនួន​៥៤​គ្រឿង បាន​ចូលរួម​ប្រកួតប្រជែង​នា​ឆ្នាំ​២០១៩​នេះ ដោយ​ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំណុះ ២២​នាក់ មាន​ចំនួន ៤៤​គ្រឿង និង​ប្រភេទ​ទូក​ក្ដារ​បីសន្លឹក ចំណុះ ៣​នាក់ មាន​ចំនួន ១០​គ្រឿង និង​មាន​កីឡាករ សរុប​ចំនួន ១ ២៨៣​នាក់ (​នារី ០៩​នាក់​)​។​

​ក្រៅពី​ទូក​ដែល​ស្ថិតនៅក្នុង​ខេត្តស្វាយរៀង ក៏មាន​ទូក​ពី​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងទៀត​ផងដែរ ពិសេស​ទូក​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កង​រាជ​អា​វុ​ត្ថ​ហត្ថ ដូចជា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះវិហារ​, បន្ទាយមានជ័យ​, សៀមរាប ជាដើម​។ សម្រាប់​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​ទាំងពីរ​ផែន ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា ៣០​លាន​រៀល លេខ​២ ២០​លាន​រៀល លេខ​៣ ១០​លាន​រៀល ប្រភេទ​ទូក​ខ្នាត​ក្ដារ​បីសន្លឹក ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា ២​លាន រៀល លេខ​២ ១​លាន ៥​សែន រៀល និង​លេខ​៣ ១​លាន រៀល​។​



​ក្រៅពី​រីករាយ​ទស្សនាការ​ប្រណាំងទូក​នៅ​លើ​ទន្លេ​វ៉ៃ​គោ ពលរដ្ឋ ជាពិសេស​អ្នក​ខេត្តស្វាយរៀង ក៏​រីករាយ​ទស្សនា​ការសំដែង​សិល្បៈ​នាពេល​រាត្រី ក៏ដូចជា​ការទិញ​ទំនិញ និង​ម្ហូបអាហារ​ផ្សេងៗ​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​សម្គាល់​បន្ថែមទៀត ពិធី​ប្រណាំងទូក​នៅ​ទ​ន្លែ​វ៉ៃ​គោ​នា​ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ចំពេល​ដែល​កីឡដ្ឋាន​បាល់ទាត់​ខេត្តស្វាយរៀង​ដែល​នៅក្បែរនោះ រៀបចំ​ការប្រកួត​ចុងក្រោយ​នៅក្នុង​ដី​សម្រាប់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។​

​មនុស្ស​ប្រមាណ​៥០០០​នាក់ បាន​ទៅ​ទស្សនាការ​ប្រកួត​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង និង​អាស៊ី​អឺរ៉ុប ដោយ​ម្ចាស់ផ្ទះ​បាន​យកឈ្នះ ៦-១ មុន​ពេលដែល​ពួកគេ​រៀបចំ​ពិធី​លើក​ពាន​ជើងឯក​មិត្ត​ហ្វូ​ន ជា​ផ្លូវការ​៕





































ព័ត៌មានទាក់ទង