«កោះសាមសិប»អេកូទេសចរណ៍ថ្មីនៅក្រចេះ ប្រៀបបានដូច«គ្រាប់ពេជ្រ»នៃទន្លេមេគង្គ?
ភ្នំពេញ៖«កោះសាមសិប»ជាសហគមន៍អេកូទេសចរណ៍ថ្មីមួយ នៅតាមបណ្ដោយដងទន្លេមេគង្គ ជាប់ព្រំប្រទល់ខេត្តក្រចេះនិងស្ទឹងត្រែង ដែលទើបបង្កើតបានជាងមួយឆ្នាំប៉ុណ្ណោះ។ លោក ជា ថុង សា្ថបនិកក្រុមហ៊ុនទេសចរណ៍ Vana Adventure Travel ដែលបានទៅដល់ទីនោះ បានប្រដូច«សហគមន៍ទេសចរណ៍កោះសាមសិប»នេះ ទៅនឹងគ្រាប់ពេជ្រនៃទន្លេមេគង្គ ដែលគ្របដណ្ដប់ដោយព្រៃឈើ, មច្ឆាជាតិ និងសត្វស្លាបកម្រ ព្រមទាំងមានវាលខ្សាច់សក្បុសផងដែរ។ អ្នកទេសចរទៅកម្សាន្តនៅសហគមន៍កោះសាមសិប ដែលស្ថិតនៅក្នុងឃុំអូរគៀង ស្រុកសំបូរ ខេត្តក្រចេះនេះ អាចជិះទូកមើលថ្ងៃរះនិងថ្ងៃហៀបលិចដ៏ស្រស់ស្អាត, គយគន់ព្រៃលិចទឹក សត្វស្លាប និងប្រភេទត្រីកម្រ, បោះតង់ស្នាក់នៅលើកោះ ស្រូបយកជំនោរខ្យល់ត្រជាក់នៃទន្លេមេគង្គជាដើម។
សូមអញ្ជើញទស្សនាវីដេអូ ខាងក្រោមនេះ៖
ក្រៅពីតំបន់ទន្លេមេគង្គនេះ លោក ជា ថុង បានឲ្យផងដែរថា មានតំបន់សមុទ្រ តំបន់ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរ៉ែក ដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិ និងដំណើរផ្សងព្រេងក្នុងព្រៃភ្នំ ដោយពុំសូវាមានភ្ញៀវទេសចរបានស្គាល់និងទៅដល់ ព្រោះមិនទាន់មានអ្នករៀបចំបានស្រួលបួល និងចំណាយថ្លៃសេវារៀបចំដំណើរទេសចរណ៍បែបនេះអស់ច្រើន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com