ភ្នំពេញ៖ បេក្ខជនចំនួន១៨៩នាក់ ដែលបានប្រឡងអាហារូបករណ៍១០០ភាគរយជាប់ជាស្ថាពរ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាំបាច់ត្រូវបង្ហាញខ្លួន និងបំពេញសំណុំបែបបទចូលរៀន នៅទីកន្លែងគ្រឹះស្ថានសិក្សារៀងៗខ្លួន ចាប់ពីថ្ងៃទី៨-២១តុលា ឆ្នាំ២០១៩។ នេះបើតាមយោងក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្សាយបញ្ជីបេក្ខជនជាប់ស្ថាពរអាហារូបករណ៍នៅតាមគ្រឹះស្ថានសិក្សា។
ក្នុងបញ្ជីសិស្សជាប់ស្ថាពរអាហារូបករណ៍កម្រិតបរិញ្ញបត្រក្នុងគ្រឹះស្ថានសិក្សាទាំងពីរខាងលើ បានអនុម័តថា ប្រសិនបើបេក្ខជនប្រឡងជាប់អាហារូបករណ៍ទាំងនោះ មិនបានបង្ហាញខ្លួនតាមការកំណត់នៅត្រឹមថ្ងៃទី២១តុលាខាងនេះទេ គ្រឹះស្ថានសិក្សាទាំងនោះ នឹងជ្រើសរើសបេក្ខជនជាប់បម្រុងមកជំនួសវិញ។ ការជំនួសនេះ គឺស្ថិតនៅក្រោមមូលហេតុបេក្ខជនបោះបង់អាហារូបករណ៍របស់ខ្លួន ទើបមិនមកតាមការកំណត់។
ទន្ទឹមនឹងការទទួលបានអាហារូបករណ៍ពីគ្រឹះស្ថានឧត្តមសិក្សានានា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបេក្ខជនម្នាក់ មានសិទ្ធិទទួលបានបានអាហារូបករណ៍ចូលរៀនតែមួយកន្លែងទេ។ ក្នុងករណីដែលក្រសួងអប់រំ រកឃើញបេក្ខជនណាម្នាក់ទទួលបានអាហារូបករណ៍២កន្លែង នោះក្រសួងលុបឈ្មោះបេក្ខជននោះ ចេញពីអាហារូបករណ៍តែម្តង។
សូមជម្រាបថា ចំនួនបេក្ខជនដែលប្រឡងជាប់ស្ថាពរអាហារូបករណ៍ខាងលើមាន ១០១នាក់ ជាប់អាហារូបករណ៍នៃជំនាញខុសៗគ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបេក្ខជន៨៨នាក់ទៀត ជាប់អាហារូបករណ៍សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងនោះ មាននៅសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តត្បូងឃ្មុំចំនួន៨នាក់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com