មិន តាំងលីវ ជម្នះនឹងបំណងម្តាយឲ្យរៀន«ពេទ្យ» មកចាប់យកជំនាញ«អគ្គិសនី»
ភ្នំពេញ៖ «ដោយសារម្តាយខ្ញុំ គាត់ជាពេទ្យ អីចឹងពេលដែលចប់ថ្នាក់ទី១២ភ្លាម គាត់ប្រាប់ថាឲ្យខ្ញុំទៅរៀនពេទ្យ ប៉ុន្តែ ខ្ញុំប្រាប់គាត់វិញថា ខ្ញុំចង់រៀនវិស្វករ។ ពេលរៀនដល់ឆ្នាំទី៣ ត្រូវជ្រើសរើសជំនាញជាក់លាក់ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចាប់យកជំនាញអគ្គិសនី ហើយគាត់ (ម្តាយ) សួរខ្ញុំវិញថា ម្ដេចក៏មិនរៀនគីមីអាហារ ឬរៀនជំនាញផ្សេង»។ នេះជាសម្តីរបស់និស្សិតស្រី មិន តាំងលីវ បានជម្នះនឹងបំណងរបស់ម្តាយដែលចង់ឲ្យខ្លួនរៀនពេទ្យ។ បើទោះជា ម្តាយរបស់ តាំងលីវ មិនពេញចិត្តនឹងអ្វីដែលកូនស្រីរបស់ខ្លួនកំពុងរៀន តែក៏មិនបានចាប់បង្ខំ តាំងលីវ ឲ្យរៀនជំនាញពេទ្យតាមបំណងគ្រួសារនោះដែរ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយកញ្ញា មិន តាំងលីវ និស្សិតផ្នែកអគ្គិសនី និងស្វ័យប្រវត្តិកម្ម ដូចតទៅ៖
និស្សិតស្រី មិន តាំងលីវ ជំនាញអគ្គិសនី និងស្វ័យប្រវត្តិកម្ម ឆ្នាំទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ចេញសមត្ថភាពតាមរយៈការបង្កើតស្នាដៃជាក្រុម ក្នុងការធ្វើ Robot យកទៅប្រកួត រហូតបានជាប់លេខមួយទូទាំងប្រទេស និងតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសវៀតណាមទៀតដែរ។ តាមរយៈស្នាដៃទាំងនេះ ផ្គួបផ្សំនឹងការស្រាវជ្រាវរៀនសូត្របន្ថែម ជាហេតុផលមួយចំនួនដែល តាំងលីវ បានបង្ហាញឲ្យក្រុមគ្រួសារនិងអ្នកនៅជុំវិញខ្លួន បានឃើញពីការខិតខំប្រឹងធ្វើនូវអ្វីដែល តាំងលីវ ស្រឡាញ់ចូលចិត្ត។
និស្សិតស្រី មិន តាំងលីវ ជំនាញអគ្គិសនី និងស្វ័យប្រវត្តិកម្ម ឆ្នាំទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ចេញសមត្ថភាពតាមរយៈការបង្កើតស្នាដៃជាក្រុម ក្នុងការធ្វើ Robot យកទៅប្រកួត រហូតបានជាប់លេខមួយទូទាំងប្រទេស និងតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសវៀតណាមទៀតដែរ។ តាមរយៈស្នាដៃទាំងនេះ ផ្គួបផ្សំនឹងការស្រាវជ្រាវរៀនសូត្របន្ថែម ជាហេតុផលមួយចំនួនដែល តាំងលីវ បានបង្ហាញឲ្យក្រុមគ្រួសារនិងអ្នកនៅជុំវិញខ្លួន បានឃើញពីការខិតខំប្រឹងធ្វើនូវអ្វីដែល តាំងលីវ ស្រឡាញ់ចូលចិត្ត។
រយៈពេល៤ ឆ្នាំ នៃជំនាញអគ្គិសនី និងស្វ័យប្រវត្តិកម្ម ដែលសិក្សាអំពីការបញ្ជាសសេរកូដ ធ្វើសៀគ្វី នេះ ត្រូវបាននិស្សិត មិន តាំងលីវ ឲ្យដឹងទៀតថា ជំនាញអគ្គិសនីនេះ មិនសូវឃើញមានវត្តមានមនុស្សស្រីរៀនក៏ដោយ ប៉ុន្តែ គេផ្តល់អាទិភាពឲ្យមនុស្សស្រីច្រើនជាង។ «នៅពេលដែលខ្ញុំធ្វើការ (ចុះកម្មសិក្សា) គឺគេលើកទឹកចិត្តដល់មនុស្សស្រីឲ្យធ្វើការងារនេះច្រើន»។ នេះជាការបញ្ជាក់របស់និស្សិត មិន តាំងលីវ ដែលធ្លាប់បានចុះកម្មសិក្សានៅក្នុងក្រុមហ៊ុន CESK Trading Co., Ltd រយៈពេលពីរខែកន្លះ។
ទោះបីជំនាញអគ្គិសនីនេះ មានផលលំបាកមួយចំនួនចំពោះមនុស្សស្រីក៏ដោយ ប៉ុន្តែ និស្សិតវ័យ២២ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ រូបនេះ មិនរួញរានឹងលើកទឹកចិត្តដល់សិស្សនិស្សិតស្រី ដែលចង់ចាប់យកជំនាញវិជ្ជាជីវៈទាំងឡាយ ដែលខ្លួនស្រលាញ់ឡើយ។ និស្សិតស្រីជំនាញអគ្គិសិនី ដែលបានជម្នះនឹងបំណងម្តាយឲ្យទៅរៀនពេទ្យ រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ទោះបីគាត់ជាមនុស្សស្រីក៏ដោយ មិនត្រូវគិតថា រៀនជំនាញហ្នឹងពិបាក, ជំនាញហ្នឹងសម្រាប់តែមនុស្សប្រុស, គេមើលមកមនុស្សស្រី មិនអាចរៀនកើតក៏ដោយ ប៉ុន្តែ យើងត្រូវដឹងថា អ្វីដែលយើងស្រឡាញ់ យើងខំធ្វើ យើងប្រាកដជាអាចធ្វើបាន»។
នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ តាំងលីវ នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញអគ្គិសនី និងស្វ័យប្រវត្តិកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមុខជំនាញនេះត្រូវរៀនរយៈពេល៥ឆ្នាំ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ កញ្ញា មិន តាំងលីវ មានបំណងចង់ធ្វើជាវិស្វករនៃជំនាញរបស់ខ្លួន នៅក្នុងក្រុមហ៊ុនមួយ ដើម្បីដកស្រង់បទពិសោធ មុននឹងចាប់ផ្តើមធ្វើជំនួញលើមុខជំនាញរបស់ខ្លួន នៅថ្ងៃអនាគត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com