ខ្យល់កន្ត្រាក់បំផ្លាញសាលារៀន និងផ្ទះពលរដ្ឋជិត១០០ខ្នង នៅបន្ទាយមានជ័យ
ភ្នំពេញ៖ ឥទ្ធិពលខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងកាលពីថ្ងៃទី៥ កក្កដា បានបណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងបំផ្លាញសាលារៀន រួមទាំងផ្ទះប្រជាពលរដ្ឋជិត ១០០ខ្នង នៅតំបន់មួយចំនួននៃខេត្តបន្ទាយមានជ័យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បញ្ជាក់ថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ កើតកាលពីរសៀលថ្ងៃទី៥ កក្កដា ដោយបោកបក់លើមូលដ្ឋានមួយចំនួនក្នុងស្រុក-ក្រុងចំនួន ៨របស់ខេត្ត និងធ្វើឲ្យផ្ទះជិត ១០០ខ្នង រងការខូចខាត។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារ AKP។
តាមរបាយការណ៍លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ក្រុង-ស្រុក ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់រួមមាន ក្រុងប៉ោយប៉ែត ខូចខាតផ្ទះ០៦ខ្នង, ក្រុងសិរីសោភ័ណ ខូចខាតផ្ទះ០៩ខ្នង, ស្រុកមង្គលបូរី ខូចខាតផ្ទះ១ខ្នង, ស្រុកថ្មពួក ខូចខាតផ្ទះ២១ខ្នង, ស្រុកស្វាយចេក ខូចខាតផ្ទះ២១ខ្នង, ស្រុកព្រះនេត្រព្រះ ខូចខាតផ្ទះ១៣ខ្នង, ស្រុកភ្នំស្រុក ខូចខាតផ្ទះ២៧ខ្នង, សាលារៀន០១ខ្នង, និងស្រុកអូរជ្រៅ ខូចខាតផ្ទះ០១ខ្នង។
ភ្លាមៗក្រោយកើតហេតុ អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុក-ក្រុង និងកងកម្លាំងនគរបាល យោធា អាវុធហត្ថ បានចុះសួរសុខទុក្ខ និងអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនេះផងដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com