ខេត្តព្រះវិហារ រៀបចំសង្ក្រាន្ត នៅប្រាសាទកោះកែរ
ភ្នំពេញ៖ អភិបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្តកោះកែរ» ជាលើកទី២។ ព្រឹត្តិការណ៍ជាលក្ខណៈទ្រង់ទ្រាយធំនេះ ធ្វើឡើងនៅថ្ងៃទី១៤-១៦ ខែមេសា នៅបរិវេណប្រាសាទកោះកែរ ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដើម្បីថែរក្សាកេរិ៍្តមរតកខ្មែរដែលបានបន្សល់ទុក។
លោក សំ លាងទ្រី អនុប្រធានរៀបចំព្រឹត្តិការណ៍ «ព្រះវិហារសង្រា្កន្តកោះកែរ» បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងដែលខេត្តព្រះវិហាររៀបចំព្រឹត្តិការណ៍នេះ គឺក្នុងន័យជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ជាតិ និងបង្ហាញពីភាពរីកចម្រើនរបស់ខេត្តព្រះវិហារ។ លោក សំ លាងទ្រី យល់ថា ព្រឹត្តិ្កការណ៍នេះ អាចរួមចំណែកអភិរក្សប្រាសាទកោះកែរ។ «មូលហេតុដែលយើងរៀបចំសង្ក្រាន្តនៅប្រាសាទកោះកែរ គឺយើងមានគោលបំណងធំគឺចង់ឲ្យពលរដ្ឋខ្មែរបានស្គាល់ ដោយសារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបំណងដាក់ប្រាសាទកោះកែរនេះទៅជាបេតិកភណ្ឌពិភពលោកនារយៈពេលខាងមុខនេះ»។ នេះជាការបញ្ជាក់របស់លោក សំ លាងទ្រី។
រូបភាពពី លោក សំ លាងទ្រី អនុប្រធានទទូលបន្ទុករៀបចំព្រឹត្តិការណ៍«ព្រះវិហារសង្រ្កាន្តកោះកែរ»
រូបភាពពី លោក សំ លាងទ្រី អនុប្រធានទទូលបន្ទុករៀបចំព្រឹត្តិការណ៍«ព្រះវិហារសង្រ្កាន្តកោះកែរ»
បើតាមអនុប្រធានរៀបចំព្រឹត្តិការណ៍«ព្រះវិហារសង្រា្កន្តកោះកែរ» ប្រាសាទកោះកែរ គឺជាប្រាសាទដែលមានទីឆ្លាធំទូលាយដែលងាយស្រួលក្នុងការបង្កើតផ្ទាំងទស្សនីយភាពសប្បាយៗដូចជា ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ, ការរាំកម្សាន្ត, កម្មវិធីប្រគុំតន្ត្រី, ល្បែងវៃខែល និងទម្រង់សិល្បៈបែបបុរាណដែលសម្តែងដោយជនជាតិភាគតិច និងមានបទចម្រៀងដែលទាក់ទងនឹងខេត្តព្រះវិហារ។
«ព្រះវិហារសង្ក្រាន្តកោះកែរ» ជាព្រឹត្តិការណ៍ដែលបានរៀបចំជាទ្រង់ទ្រាយធំអស់រយៈពេលឆ្នាំ២ហើយ ដោយឆ្នាំមុន មានអ្នកចូលរួមប្រមាណជិត១ម៉ឺននាក់ សម្រាប់ឆ្នាំនេះផងដែរ លោក សំ លាងទ្រី សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរទៅចូលរួមកាន់តែច្រើនជាងមុន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com