តំណាង​អ្នក​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក្សាទុក​ឋានៈ​អនុគ្រោះ​ពន្ធ EBA

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ ៖ ​តំណាង​អ្នក​ផលិត​ស្ករត្នោត​កំពង់ស្ពឺ ដែលជា​ទំនិញ​ភូមិសាស្ត្រ​ទើប​ទទួលស្គាល់ និង​ការពារ​ដោយ​សហភាព​អឺរ៉ុប បាន​សម្តែង​ការព្រួយបារម្ភ និង​ការមិន​ពេញចិត្ត ចំពោះ​ការ​ប្រឈម​នឹង​ការសម្រេច​របស់​សហភាព​អឺរ៉ុប​អំពី​ការដក​កម្ពុជា ជា​បណ្តោះអាសន្ន​ចេញពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ «​អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» Everything But Arms ឬ (EBA)​។​
 
​ស្ករត្នោត​កំពង់ស្ពឺ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ចុះបញ្ជី​ការពារ​និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩​។ ស្ករត្នោត​កំពង់ស្ពឺ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​ខ្មែរ​ទី​ពីរ​បន្ទាប់ពី​ម្រេច​កំពត​ត្រូវបាន​ចុះបញ្ជី​ការពារ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​។​
 
​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​ប្រាប់ VOA ក្រោយ​ការចុះបញ្ជី​ស្ករត្នោត​កំពង់ស្ពឺ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ថា លោក​មិន​ចង់ឃើញ​ក្រុម​អ្នកនយោបាយ​ណាមួយ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់ ឋានៈ​អនុគ្រោះ​ពន្ធ EBA ដែល​អនុញ្ញាត​ឲ្យ​អ្នក​នាំ​ស្ករត្នោត​កំពង់ស្ពឺ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​មិនបាច់​បង់ពន្ធ​គយ​នោះទេ​។​
 
​លោក​និយាយថា ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​អ្នក​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​ផងដែរ​។​
 
«​ត្រូវតែ​ពាក់ព័ន្ធ ត្រូវតែ​ប៉ះពាល់​ក្មួយ​។ បើសិនជា​អឺរ៉ុប​ឃ្លុំ​ហ្នឹង​វា ក៏​យើង​ស្នើសុំ​ដែរ សុំ​ថា ធ្វើ​ម៉េច​ឲ្យ​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​។ យើង​ត្រូវ​ថា កុំ​ធ្វើ​អ្វីដែល​មិនគួរ​នឹងធ្វើ​ទីមួយ​។ ទី​ពីរ កុំ​ធ្វើ​ទៅតាម​បុគ្គល​មួយ​នាក់ ពីរ​នាក់ ស្នើសុំ​ទៅហើយ សុទ្ធតែ​និយាយ​អ៊ីចេះ អ៊ីចុះ​។ អាហ្នឹង​គឺ​ខ្ញុំ​អត់​សប្បាយចិត្ត​ទេ​។ សម្រាប់​ប្រជាជន​យើង ទីមួយ គឺ​អ្នក​ដែល​ស្នើសុំ​ទៅ​ពាក់ព័ន្ធ​អ្នកស្នើសុំ អ្នក​ដែល​និយាយ​អត់​ហេតុផល​នោះ​។ អត់​ដឹងថា ប្រជាជន​កម្ពុជា​រង់ចាំ​យ៉ាងម៉េច​ទេ​»​។​
 
​លោក សំ សារឿន លើកឡើង​បន្តទៀតថា​៖
 
«​កន្លង​ទៅបាន​លើកលែង​ពន្ធ គឺ​ប្រជាជន​កម្ពុជា​សប្បាយចិត្ត​ណាស់ ក៏ប៉ុន្តែ​ដល់ពេល​អស់លោក​មួយ​ក្តាប់​តូច ដែល​តូច​បំផុត​ហ្នឹង មិនដឹង​ជា​ប្រជាជន​យ៉ាងម៉េច មិនដឹង​ស្រុក​ខ្មែរ​យ៉ាងម៉េច​ផង​ស្រែក​ទៅ​អ៊ីចេះ ស្រែក​ទៅ​អ៊ីចុះ ធ្វើ​ឲ្យ​មាន​បញ្ហា​កើតឡើង​»​។​
 
​តំណាង​កសិករ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ មកពី​បី​ស្រុក​ក្នុងប្រទេស​កម្ពុជា ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ពិចារណា ការពារ​កុំ​ឲ្យ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ដ៏​មាន​សារៈសំខាន់​នេះ​៖
 
«​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​សមាគម​តំណាង​ឲ្យ​កសិករ បី​ស្រុក​ក្នុង​តំបន់​សមាគម​នេះ គឺ​សុំ​ប្រឆាំង​ដាច់ខាត ចំពោះ​ជន​... ដែល​ធ្វើ​ឲ្យ​មានការ​ជាប់ពន្ធ​នៅក្នុង​ការនាំចេញ​ផលិតផល​កសិករ ព្រោះ​កសិករ​របស់ខ្ញុំ​មិនមែន​ធ្វើ​តែ​ត្នោត​ទេ គាត់​មាន​ធ្វើស្រែ គាត់​មាន​ធ្វើ​អីៗ​។ ជួនកាល គាត់​ធ្វើ កូន​គាត់​ធ្វើ​កម្មករ​រោងចក្រ​អី​អ៊ីចឹងទៅ អាហ្នឹង​ជា​បញ្ហា​មួយ​ដែរ ណា​ប្អូន​!»​។​
 
​ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​នានា​មើលឃើញថា បញ្ហា​ឋានៈ​អនុគ្រោះ​ពន្ធ EBA គឺជា​វិបត្តិ​មួយ ដែល​ផ្សាភ្ជាប់​ជាមួយនឹង​ការជាប់គាំង​នយោបាយ​នាពេល​បច្ចុប្បន្ន ដោយហេតុ​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ខ្មែរ​រំលាយចោល​កាលពី​ឆ្នាំ​២០១៧​នោះ មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​វិល​មករក​ឆាកនយោបាយ​កម្ពុជា​វិញ​។​
 
​ការធ្លាក់ចុះ​នូវ​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ផ្សេងទៀត ក៏​ជា​ផ្នែក​មួយ ដែល​អាច​នឹងធ្វើ​ឲ្យ​កម្ពុជា បាន​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ចំណេញ​ប្រាក់​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​ការនាំចេញ​ទំនិញ​ដោយ​មិន​បង់ពន្ធ​។​
 
​ការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ការធ្លាក់ចុះ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​នាំ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ប្រកាស​ការចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ពី​ការដែល​អាចដកហូត​ប​ណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ EBA ដដែល​នេះ​ពី​ប្រទេស​កម្ពុជា​។​
 
​សហគមន៍​អឺរ៉ុប​ប្រកាស​ពី​ដំណើរ​នៃ​ការដកហូត​ការអនុគ្រោះ​នេះ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយបាន​ផ្តល់​ហេតុផល​ត្រួសៗ​ថា កម្ពុជា​មិនទាន់​អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ​មួយចំនួន ក្នុងនោះ​មានការ​ច្រានចោល​សិទ្ធិ​នយោបាយ សកម្មភាព​រឹតបន្តឹង​នានា​ទៅលើ​សង្គម​ស៊ីវិល សហជីព ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន និង​ការដោះស្រាយ​បញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្តោត​ជាពិសេស​លើដី​ដែល​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​ការផលិត​ស្ករស​។​
 
​លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករង​ក្រុមហ៊ុន​កែច្នៃ​ស្ករត្នោត​កំពង់ស្ពឺ Confirel ដែលជា​អ្នក​នាំចេញ​ស្ករត្នោត​កំពង់ស្ពឺ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​អាស៊ី ដូចជា​កូរ៉េ និង​ជប៉ុន​សុំ​មិន​ធ្វើការ​អធិប្បាយ​ចំពោះ​បញ្ហា EBA​។ តែ​លោក​ជឿថា រដ្ឋាភិបាល​កម្ពុជា នឹង​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​សម្រួល​ដល់​ការព្រួយបារម្ភ​របស់​អ្នកបញ្ជា​ទិញ ក៏ដូចជា​កសិករ​។​
 
​ជំនួស​ឲ្យ​ការបារម្ភ​នឹង​លទ្ធភាព​នៃ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA​នេះ លោក ហ៊ឹម ពិសិដ្ឋ អះអាងថា ក្រុមហ៊ុន​លោក​នឹង​បង្កើន​ការទិញ​ស្ករត្នោត​កំពង់ស្ពឺ​មួយ​ជា​ពីរ ឬមួយ​ជា​បី​ដង​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។​
 
​លោក ពិសិដ្ឋ បញ្ជាក់ប្រាប់ VOA ថា​៖ «​យើង​នឹង នឹង​បង្កើន​ការទិញ​ហ្នឹង​ឲ្យ​បាន​មួយ​ជា​ពីរ ទៅមួយ​ជា​បី​ដង​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម យល់ថា កម្ពុជា​នៅមាន​សក្តានុពល​គ្រប់គ្រាន់ ក្នុងការ​នាំចេញ​ទំនិញ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​របស់​សហ​គម​ន៍​អឺរ៉ុប បើទោះបីជា​សហគមន៍​នេះ ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ ចេញពី​កម្ពុជា​ជា​បណ្តោះអាសន្ន​ក៏ដោយចុះ​។​
 
​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​រូបនេះ​អះអាងថា ការកែទម្រង់​ជាច្រើន ដូចជា ការកាត់បន្ថយ​របាំង​ពាណិជ្ជកម្ម ដែល​រដ្ឋាភិបាល​បានធ្វើ​រួចមកហើយ និង​ដែល​កំពុង​បន្តធ្វើ​ទៀត​នោះ​នឹង​បើកផ្លូវ​ឲ្យ​អ្នកជំនួញ​មានលទ្ធភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​សហភាព​អឺរ៉ុប​។​
 
​ជាងនេះទៅទៀត ការលក់ទំនិញ GI ឬ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប នឹង​នៅមាន​ភាព​ប្រកួតប្រជែង​ច្រើន​ដដែល ដោយសារតែ​ទំនិញ​នេះ​លក់បាន​ក្នុងតម្លៃ​មួយ​ខ្ពស់ជាង​ទំនិញ​ដទៃ​៖
 
«​ទំនិញ GI ឧទាហរណ៍ ម្រេច​អ៊ីចឹង នៅ​អឺរ៉ុប​ហ្នឹង លក់បាន​ថ្លៃ ដូច្នេះ គាត់​មានលទ្ធភាព​ប្រកួតប្រជែង ជាមួយ​ហ្នឹង​គេ អ៊ីចឹង​ស្ករត្នោត ខ្ញុំ​សង្ឃឹមថា ដូច​អ៊ីចឹង​ដែរ​។ តែមាន GI គាត់​អាច​លក់​នៅ​អឺរ៉ុប​បាន​ថ្លៃ តែ​បាន​ថ្លៃ បានន័យថា បាន​ចំណេញ​ច្រើន​អំពី [​ការ​]​នាំ​ចេញពី​កម្ពុជា​ទៅ​។ ដូច្នេះ បើសិនជា​មិនមាន EBA ក៏​គាត់​មាន​កម្លាំង​ប្រកួត​។ ប៉ុន្តែ​បើសិន​ជាមាន ចំណេញ​បាន​ច្រើនជាង អា​អត់​មាន​»​។​
 
​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បានបញ្ជាក់​ទៀតថា ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​ទទួលស្គាល់​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ឆ្នាំ​២០១០​។ បន្ទាប់មក ស្ករត្នោត​ដែលមាន​លក្ខណៈពិសេស​នេះ ក៏​ត្រូវបាន​ចុះបញ្ជី​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​ប្រទេស​ថៃ និង​វៀតណាម មុន​ពេលដែល​សហភាព​អឺរ៉ុប​ចុះបញ្ជី​ស្ករត្នោត​កំពង់ស្ពឺ​ជា​ទំនិញ​ភូមិសាស្ត្រ និង​ដែល​ត្រូវបាន​ការពារ​ផង​នោះ​។​
 
​ចាប់តាំងពី​ការ​ចងក្រង​សមាគម​ក្នុង​ឆ្នាំ​២០០៨​មក​នោះ សមាគម​នេះ មាន​សមាជិក​ដែលជា​អ្នក​ផលិត និង​ទិញ​ស្ករត្នោត​ចំនួន​១៨៧​នាក់​។ សមាគម​នេះ អាច​ផលិត​ស្ករត្នោត​បាន​ប្រមាណ ២០០​តោន នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​ស្ករ​ដែល​អាច​លក់​ក្នុងឋានៈ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​បាន គឺមាន​តែ​៨០​តោន​ប៉ុណ្ណោះ ដោយសារតែ​ក្រុមហ៊ុន​ខ្លះ​មិន​ចង់​ប្រើ​ស្លាក​សញ្ញា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​។​
 
​ស្ករត្នោត​កំពង់ស្ពឺ ដែល​បាន​ក្លាយជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ចុះបញ្ជី​ការពារ​នៅ​សហគមន៍​អឺរ៉ុប​កាលពីពេល​ថ្មីៗ​នេះ មាន​ប្រភពដើម​មកពី​ស្រុក​ចំនួន​បី គឺ​ស្រុក​ឧ​ត្តុ​ង្គ ស្រុក​សំរោង​ទង​របស់​ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គស្នួល​របស់​ខេត្តកណ្តាល​៕
 

ព័ត៌មានទាក់ទង