ផលិតផលប្រើប្រាស់ពីដើមត្នោត មានការគាំទ្រខ្លាំងពីប្រជាជនក្នុងស្រុក ពីមួយឆ្នាំទៅមួយឆ្នាំ
ពោធិ៍សាត់៖ ផលិតផលប្រើប្រាស់ និងវត្ថុអនុស្សាវរីយ ដែលផលិតចេញពីដើមត្នោត និងត្រឡោកដូង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការគាំទ្រកាន់ឡើងពីប្រជាពលរដ្ឋខ្មែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាការលើកឡើងរបស់អ្នកស្រី ផាន ភឿន ម្ចាស់សិប្បកម្មកែច្នៃវត្ថុប្រើប្រាស់ ពីដើមត្នោត និងត្រឡោកដូង ខេត្តពោធិ៍សាត់ ក្នុងពិធីតាំងពិព័រណ៌ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២០តុលា។
អ្នកស្រី ផាន ភឿន បាននិយាយដូច្នេះ បានជាផលិតផលទាំងនេះ ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនខ្មែរ គឺដោយសារវាមានលក្ខណៈស្រស់ស្អាតបែបធម្មជាតិ ដែលចេញពីការច្នៃប្រឌិត និងភាពប៉ិនប្រសព្វរបស់សិប្បករ ឬជាង។ ម្យ៉ាងវិញទៀត វាជាផលិតផលដែលកែច្នៃពីដើមត្នោតរបស់ខ្មែរតែម្តង។ ដូច្នេះហើយបានជាមានការគាំទ្រកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបែបនេះ។
អ្នកស្រី ផាន ភឿន ម្ចាស់សិប្បកម្មផលិតផលប្រើប្រាស់ និងវត្ថុអនុស្សាវរីយពីដើមត្នោត និងត្រឡោងដូង នៅខេត្តពោធិ៍សាត់
សព្វថ្ងៃ ក្នុងសិប្បកម្មផលិតផលប្រើប្រាស់ពីដើមត្នោតនេះ មានបុគ្គលិកជាង១០០នាក់ ដែលអាចផលិតរបស់របរប្រើប្រាស់បានរាប់ពាន់មុខ ទៅតាមតម្រូវការអតិថិជន។ លើលពីនេះ ក៏មានការកម្ម៉ង់ ឬបញ្ជាទិញលក់ពីបណ្តាខេត្តនានា ជាប្រចាំសម្រាប់លក់បន្តផងដែរ។ នេះបើតាមអ្នកស្រី ផាន ភឿន។
ផលិតផលប្រើប្រាស់ដែលធ្វើពីដើមត្នោត និងត្រឡោកដូងទាំងនោះ មានដូចជា ទូកត្នោត ទូដាក់សម្លៀកបំពាក់តុ កៅអី សាឡុង រនាបក្រាលការ៉ូ បង្កាន់ដៃកាំជណ្តើរផ្ទះ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ និងផលិតផលជាច្រើនទៀត ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com