ក្រុមហ៊ុនមួយ គ្រោងបោះទុន៥០លានដុល្លារ សាងសង់ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែតឆ្នាំ២០២០
បន្ទាយមានជ័យ៖ គម្រោងព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត ដែលបានផ្អាកកាលពីឆ្នាំ២០០៨ នឹងអាច ដំណើរការឡើងវិញ ខណៈតំបន់នេះកាន់តែទាក់ទាញវិនិយោគិន និងទេសចរ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) លោក ស៊ិន ចាន់សេរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុនឯកជនក្នុងស្រុក PoiPet Airport Investment ជាអ្នកវិនិយោគគម្រោងសាងសង់បន្តមួយនេះ ដែលនឹងបោះទុនប្រហែល ៥០លានដុល្លារអាមេរិក។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា គម្រោងនេះបច្ចុប្បន្ន កំពុងស្ថិតក្នុងការសិក្សាឡើងវិញ ហើយគ្រោងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២០ និងបញ្ចប់ក្នុងអំឡុង៣ទៅ៥ឆ្នាំ។
រដ្ឋាភិបាលគ្មានទិសដៅស្ថាបនាព្រលានយន្តនៅបន្ទាយមានជ័យនេះឡើយ តែនេះជាការសម្លឹងឃើញឱកាសរបស់វិស័យឯកជនដោយផ្ទាល់។ លោក ចាន់សេរីវុត្ថាថ្លែងដូច្នេះថ៖«រដ្ឋាភិបាលគ្មានផែនការសាងសង់អាកាសយានដ្ឋាននៅក្រុងប៉ោយប៉ែតទេ ប៉ុន្តែដោយសារវិស័យឯកជនមើលឃើញពីសក្ដានុពល ហើយគេមកសុំច្បាប់សាងសង់ យើងក៏យល់ព្រម»។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានអះអាងថានឹងសាងសង់លើផ្ទៃដីជាង ១០០ហិកតា។ បើតាមអ្នកនាំពាក្យ SSCA ខាងលើនេះ ព្រលាននេះអាចទទួលការចុះចតតែសម្រាប់យន្តហោះក្នុងស្រុកប៉ុណ្ណោះ។
ការប្រកាសគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ធ្វើឡើងខណៈក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមានសក្ដានុពលទាក់ទាញភ្ញៀវអន្តរជាតិ និងវិនិយោគិន ពិសេសជនជាតិចិន។ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានអះអាងប្រាប់អ្នកកាសែតថា វត្តមានជនជាតិចិនកំពុងប្រែក្លាយប៉ោយប៉ែតទៅជាតំបន់សក្ដានុពលមួយបន្ទាប់ពីក្រុងព្រះសីហនុ។ លោកថា ជនជាតិដែលដើរទេសចរ និងរកស៊ីនៅប៉ោយប៉ែតមានចំនួនសរុបជាង ២ម៉ឺននាក់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com