បាត់ដំបង៖ ភ្នំសំពៅ គឺជារមណីដ្ឋានធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំសំពៅ មានកម្ពស់១០០ម៉ែត្រ ដែលមានចម្ងាយ១២គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ នៅលើភ្នំសំពៅនេះ មានវត្តអារ៉ាម ល្អាង និងទីតាំងធម្មជាតិជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរ។ ក្នុងចំណោមទីតាំងធម្មជាតិលើភ្នំសំពៅនេះ សារព័ត៌មានថ្មីៗ សូមលើកយកទីតាំងល្អាងប្រចៀវ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជម្រាបជូនទស្សនិកជនដូចតទៅ៖
នៅពេលដែល លោក-អ្នកនាង ធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ចេញពីក្រុងបាត់ដំបងចម្ងាយ១២គីឡូម៉ែត្រ លោក-អ្នកនាង នឹងបានទៅដល់ទីតាំងភ្នំសំពៅ ដែលស្ថិតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅទីនោះលោកអ្នកនាង ប្រាកដជាឮសំឡេងទ្រហឹង អឺងកងរបស់សត្វប្រចៀវ រាប់លានក្បាលនៅក្នុងល្អាង នៅលើភ្នំសំពៅនេះ។ ល្អាងប្រចៀវនេះ គឺជាល្អាងមួយក្នុងចំណោមល្អាងទាំងបី នៃភ្នំសំពៅ ដែលមានសំបុកសត្វប្រចៀវជ្រួញបបូរមាត់រស់នៅប្រមាណជា២លានក្បាល។
សត្វប្រចៀវជ្រួញបបូរមាត់នៅក្នុងល្អាងភ្នំសំពៅនេះ អាចហើរបានចម្ងាយ៥០គីឡូម៉ែត្រ ។ ហើយពួកវាតែងតែហើរចេញពីល្អាង នៅម៉ោង៦ល្ងាចជារៀងរាល់ថ្ងៃ ដោយធ្វើដំណើរទៅកាន់តំបន់ព្រៃជុំវិញបឹងទន្លេសាប ដើម្បីចាប់សត្វល្អិតជាចំណីអាហារ ដូចជាសត្វមូស សត្វមមាច និងសត្វល្អិតដែលបំផ្លាញទិន្និផលកសិកម្មជាដើម។ ប្រចៀវប្រភេទនេះមួយក្បាល អាចស៊ីចំណីអាហារពី៥០ទៅ១០០ភាគរយ នៃទម្ងន់ខ្លួនរបស់វា (១៥០ក្រាម) ជារៀងរាល់យប់ ។ដូច្នេះការស៊ីសត្វល្អិតទាំងនេះ វាអាចជួយការពារទិន្និផលស្រូវ បានលើសពី២០០០តោនក្នុងមួយឆ្នាំ ។
តាមរយៈទិដ្ឋភាពហើរជាហ្វូងរបស់សត្វប្រចៀវជិត២លានក្បាលនៅភ្នំសំពៅនេះ វាក៏ជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។ ជាពិសេសការផ្ដល់ចំណូលដល់ប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរចំណីរអាហារនៅទីនោះ។
សត្វប្រចៀវជ្រួញបបូរមាត់នេះ ត្រូវបានគេរកឃើញមានចំនួន១៣សំបុកក្នុងប្រទេសកម្ពុជា ដែលមានសត្វប្រចៀវសរុបជាង៦,៥ លានក្បាល ដោយក្នុងនោះសំបុកសត្វប្រចៀវនៅភ្នំសំពៅនេះ មានចំនួនច្រើនជាងគេ។ សំបុកសត្វប្រចៀវប្រភេទជ្រួញបបូរមាត់នេះ មិនសូវមានការកើនឡើងទេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែមានការបរបាញ់ និងការគាស់ថ្មនៅកន្លែងដែលពពួកវារស់នៅ៕ នេះបើតាមរបាយការណ៍អង្គការ FAUNA & FLORA៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com