យុវជនទៅបោះជំរំនៅសហគមន៍ខេត្តកំពតដើម្បីឈ្វេងយល់បន្ថែមពីអេកូទេសចរណ៍
កំពត៖ យុវជនចំនួន១០០រូប ដែលមកពីស្ថាប័នផ្សេងគ្នា បានបោះជំរំជុំគ្នានៅខេត្តកំពត ដែលមានការដឹកនាំដោយអង្គការអាក់សិនអេត(Actionaid)។ កម្មវិធីនេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ក្នុងគោលបំណងដើម្បីបណ្តុះសា្មតីយុវជនឲ្យស្រឡាញ់ធនធានធម្មជាតិ។ យុវជនទាំងនោះធ្វើការរួមគ្នា និងពិភាក្សា បញ្ចេញមតិ លើបញ្ហានានា ដើម្បីលើកកម្ពស់ ការគោរព និងថែរក្សាការពារធនធានធម្មជាតិ។
កម្មវិធីបោះជំរំនេះ មានការចូលរួមពីយុវជន១០០នាក់ដែលមកពីបណ្តាសកលវិទ្យាល័យ ស្ថាប័នចំនួន២០ផ្សេងគ្នា មានម្ចាស់សមាគមន៍នៅត្រពាំងសង្កែ មន្ត្រីជលផលខេត្តកំពត និងតំណាងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងដៃគូពាក់ព័ន្ធ។ កម្មវិធីបោះជំរំនេះនឹងលើកយកបញ្ហានានាដែលកើតមាននៅក្នុងសហគមន៍ និងជាឱកាសឲ្យយុវជនមានការចែករំលែកបទពិសោធ តស៊ូមតិ ជុំវិញការការពារធនធានធម្មជាតិ។
យុវជនទាំង១០០រូបនេះ នឹងសិក្សាឈ្វេងយល់ពីប្រព័ន្ធអេកូឡូស៊ីជលផល ដែលពឹងផ្អែកគ្នាទៅវិញទៅមករវាង ត្រី ក្តាម បង្គា ព្រៃកោងកាង ស្មៅសមុទ្រ សិក្សាពីក្តីបារម្ភអំពីការបាត់បង់ធនធាននេសាទ, សិទ្ធិកាន់កាប់ដីធ្លី, ការដាំកោងកាង,ការបណ្តុះពូជកោងកាង និងការរៀនសូត្រពីសហគមន៍នៅតំបន់ទេសចរណ៍ត្រពាំងសង្កែ។
លោកស្រី ហ៊ុន បូរមី តំណាងអង្គការ អាក់សិនអេត បានប្រាប់ថា ការបង្កើតកម្មវីធីនេះ អាចឲ្យយុវជនទាំងនោះឈ្វេងពីការថែរក្សាធនធានធម្មជាតិ ចែករំលែកចំណេះដឹង និងពិភាក្សាវែកញែកពីបញ្ហាប្រឈមនានា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងល្អ និងសាងមិត្តភាពយ៉ាងជិតស្និទ្ធគ្នាទៅវិញទៅមកផងដែរ។ លោកស្រី ហ៊ុន បូរមី បានបញ្ជាក់ថា៖ តាមរយៈកម្មវិធីបោះជំរុំនេះគឺអាចឲ្យពួកគេ ចុះទៅទស្សនកិច្ចជាមួយ ប្រជាពលរដ្ឋផ្ទាល់ដើម្បីជួបសំណេះសំណលជាមួយនៅសហគមន៍ខេត្តកំពត។ ខ្ញុំជឿជាក់ថាយុវជននឹងរួមចំណែកការការផ្សព្វផ្សាយ ការគោរព ការគាំពារ និងការស្រឡាញ់ធនធានធម្មជាតិ។
តំណាងអង្គការ អាក់សិនអេត បញ្ជាក់ទៀតថា ដើម្បីឲ្យតំបន់ធនធានធម្មជាតិ មានការអភិរក្សនិងការអភិវឌ្ឃប្រកដោយនិរន្តភាព តំបន់នោះត្រូវតែមានការចូលរូមពីយុវជន សហគមន៍ ដើម្បីបណ្តុះសា្មរតីពួកគេឲ្យស្រឡាញ់ធនធានធម្មជាតិ។ កញ្ញាបន្តថា ក្នុងសកម្មភាពការងារជាក្រុមរបស់យុវជន នឹងជំរុញឲ្យពួកគេក្លាយជាយុវជនគំរូ សម្រាប់អភិវឌ្ឃតំបន់ទេសចរណ៍។ លោកស្រីបន្ថែមដូច្នេះថា៖ «យើងបានបែងចែកជាការងារជាក្រុម ដើម្បីឲ្យពួកគេមានសាមគ្គីភាព ពង្រឹងសមត្ថភាព ក្នុងការវិភាគ និងតស៊ូមតិលើបញ្ហា និងរកដំណោះស្រាយនានាជុំវិញតំបន់ទេសចរណ៍នេះ»។
កម្មវិធីបោះជំរុំនេះ ត្រូវបានរៀបចំដោយអង្គការអាកសិនអេត សហភាពអឺរ៉ុប(EU) និងដៃគូពាក់ព័ន្ធទៀតផងដែរ ដែលដឹកនាំយុវជន១០០នាក់ទៅឈ្វេងយល់តំបន់អេកូទេសចរណ៍ នៅភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com