លទ្ធផលបឋម៖ បក្សប្រជាជនកម្ពុជាបានសំឡេងជាង៧៥ភាគរយនៅខេត្តប៉ៃលិន
គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ២២ ៧៨៩សំឡេង ស្មើ៧៥,៤១ភាគរយ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខេត្តប៉ៃលិន មានសរុបទាំងអស់១១៨ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ៣៨ ១៥១នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៣០ ២២២នាក់ ស្មើ៧៩,២២ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន២៨ ២៤២សំឡេង និងមិនបានការមាន១៩៨០ ។
ក្នុងចំណោមគណបក្សទាំង១១ដែលចូលរួមប្រកួតប្រជែងយក១អាសនៈនៅខេត្តប៉ៃលិននេះ គណបក្សដែលទទួលបានការគាំទ្រលំដាប់បន្ទាប់គឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ១៤៦៩សំឡេង (៤,៨៦ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច ១៣០០សំឡេង (៤,៣០សំឡេង) និងគណបក្សឆន្ទៈខ្មែរ ១១៤២ (៣,៧៨សំឡេង)។
លោកស្រី បាន ស្រីមុំ ជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ខណៈលោក សៅ សារ៉ាត់ លោក រាម សុមាន លោក អ៊ី ហឿន និងលោក ឌឹន គឹម ឈរជាបេក្ខជនបម្រុង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com