ក្រុមយុវជនកង់ខ្មែរ បានរៀបចំពិព័រណ៍រូបថត ស្ដីពីសម្រស់ធម្មជាតិនៃព្រៃកោង ដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃព្រៃកោងកាង និងបង្ហាញសក្ដានុពលទេសចរណ៍នៅតំបន់នោះឲ្យសាធារណជនបានស្គាល់។
ពិព័រណ៍រូបថតនេះ ចាប់ផ្ដើមពីថ្ងៃទី២៤ខែមេសា ដល់ថ្ងៃទី១ ឧសភា ឆ្នាំ២០១៨ នៅបណ្ណាល័យបញ្ញវន្ត។ លោក ម៉ូត គីមរី គណៈកម្មការបោះជំរំកោងកាងលើកទី២ បានប្រាប់សារព័ត៌មានថ្មីៗថា ការតាំងពិព័រណ៍រូបថតនេះ គឺដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ តំបន់ព្រៃកោងកាង នៅខេត្តកោះកុង ឱ្យភ្ញៀវទេសចរបានដឹង។ ពិព័រណ៍ ក៏ចង់បំផុសឲ្យយុវជន ចូលរួមអភិរក្សព្រៃកោងកាង ការពារបរិស្ថាន និងឲ្យពួកគេទៅកម្សាន្តនៅទីនោះផងដែរ។ លោក គីមរី បញ្ជាក់ដូច្នេះ៖«ពិព័រណ៍រូបថតនេះ អាចជាផ្លូវមួយ សម្រាប់អ្នកដែលមិនបានទៅដល់ ឱ្យពួកគាត់ឃើញពីទេសភាពនៅទីនោះ។ យើងចង់បង្ហាញពីសក្ដានុពលទេសចរណ៍នៅទីនោះ ព្រោះវាពិតជាស្អាត។ ពួកយើងបានទៅម្ដងហើយ យើងនៅតែចង់ទៅទៀត»។
បើតាម លោក ម៉ូត គីមរី ពិព័រណ៍នេះរៀបចំឡើងបន្ទាប់ពី ក្រុមយុវជនកង់ខ្មែរ យល់ថាតំបន់ព្រៃកោងកាងនេះ មានសម្រស់ស្រស់ស្អាតមិនចាញ់តំបន់ទេសចរណ៍ផ្សេងៗទៀតនៅកម្ពុជាឡើយ ប៉ុន្ដែអ្នកទេសចរ មិនសូវចាប់អារម្មណ៍ទៅកម្សាន្ត។ តាមរយៈពិព័រណ៍នេះ លោក ម៉ូត គីមរី រំពឹងថានឹងមានទេសចរកាន់តែច្រើន ធ្វើដំណើរកម្សាន្ត ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com