ភូមិចំនួន២០ ទទួលបានកិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍ពីគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា

មណ្ឌលគិរី៖ ភូមិចំនួន ២០ បានទទួលកិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍ របស់គម្រោងរេដបូកនៃដែនជម្រកសត្វព្រៃកែវសីមា ពីក្រសួងបរិស្ថាន ដែលសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ កិច្ចព្រមព្រៀងនេះ សហគមន៍ នឹងទទួលបានថវិកាពីការលក់ឥណទានកាបូននៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ(WCS)។

គម្រោងរេដបូក ជាគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការ រេចរឹលនៃព្រៃឈើ។ គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីម៉ា ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ជាង១៤លានតោនសម្រាប់រយៈពេល១០ឆ្នាំ ចន្លោះឆ្នាំ២០១០ ដល់ ២០១៩។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងក្នុងដែនជម្រកសត្វព្រៃកែវសីមាទៅឲ្យក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក។
លោក សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីលើកជំរុញការការពារព្រៃឈើ និងសត្វព្រៃ និងជាប្រភពផ្តល់ប្រាក់ចំណូលសម្រាប់ជីវភាព រស់នៅរបស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បន្តថា ឥឡូវនេះ ប្រជាសហគមន៍អាចប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូននៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់អភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ដូចជាការសាងសង់ហេរដ្ឋាសម្ព័ន្ធ ការជីកជាអណ្តូងទឹក ឬរៀបចំសហគ្រាសសហគមន៍ជាដើម។


ប្រធានអង្គការ WCS ប្រចាំនៅកម្ពុជា លោក កែន សេរីរដ្ឋា បានលើកឡើងថា ប្រជាសហគមន៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាឲ្យនៅគង់វង្សជាច្រើនជំនាន់មកហើយ។ ប្រធានអង្គការ WCS ប្រចាំនៅកម្ពុជារូបនេះ បន្តថា ប្រជាសហគមន៍ បានសហការជាមួយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា បាននិងកំពុងលះបង់ពេលវេលា និងប្រឈមគ្រោះថ្នាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ។
លោក កែន សេរីរដ្ឋា បន្ថែមថា ការលក់ឥណទានកាបូន ស្ថិតនៅក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងបរិស្ថាន និងអង្គការWCS កំពុងអនុវត្តរួមគ្នាបង្កើតនូវយន្តការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដើម្បីអភិរក្សធានធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃនេះ។
ឥណទានកាបូននេះ ស្ថិតនៅលើទីផ្សារកាបូនស្ម័គ្រចិត្តនៅឡើយដែលអាចឲ្យក្រុមហ៊ុន ឯកជន អង្គការ និងបុគ្គលម្នាក់ៗ ធ្វើការបង់ប្រាក់សម្រាប់សកម្មភាពជាច្រើនដែលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បរិមាណ និងគុណភាពនៃឥណទានកាបូន ត្រូវបាន ផ្ទៀងផ្ទាត់ដោយប្រព័ន្ធត្រួតពិនិត្យឈានមុខគេចំនួន០២ គឺស្តង់ដារផ្ទៀងផ្ទាត់កាបូន និងអាកាសធាតុ និងស្តង់ដារសហគមន៍ និងជីវចម្រុះ។


សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា ផ្តល់ជាទីជម្រកដល់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCNជាប្រភេទរងការគំរាមកំហែងជាសាកល។ ដែនជម្រកសត្វព្រៃនេះ ក៏មានសារះសំខាន់ជាសាកលសម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿង ពពួកខ្លា ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។ នេះបើតាមសេចក្ដីប្រកាសដដែល៕

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

