
ភ្នំពេញ៖ រដ្ឋាភិបាលបានដាក់ឲ្យដំណើរការស្ពានកោះប៉ែនថ្មី ដើម្បីផ្ដល់ភាពងាយស្រួលដ៏ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជំនួសការឆ្លង«ទូកដរ»។ ស្ពានកោះប៉ែន ត្រូវបានរដ្ឋាភិបាល ចំណាយថវិកាសាសងក្នុងទំហំ១៣លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីសម្ពោធស្ពាន នៅព្រឹកថ្ងៃទី១៤ មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ទឹកប្រាក់១៣លានដុល្លារនេះ សាងសងស្ពានកោះប៉ែននេះ ជាទឹកប្រាក់របស់រដ្ឋាភិបាល ដោយពុំមានជំនួយបរទេសនោះទេ។ បើតាមប្រមុខរដ្ឋាភិបាល ការកសាងស្ពាននេះឡើង ដើម្បីកាត់បន្ថយភាពលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដែលត្រូវចំណាយពេលវេលា និងថវិកាច្រើនក្នុងការឆ្លងទូកដ។ « ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ឬអ្នកមានជំងឺ ពិតជាពិបាកណាស់ព្រោះគ្មានចម្បងទូកដសម្រាប់ឆ្លងកាត់ពេលយប់នេះទេ។ យើងផ្គុំគ្រឿងចក្រយើង យើងមានដើមទុន និងមានក្រុមបចេ្ចកទេស យើងមិនមានជំនួយពីបរទេសនោះទេ នេះជាមោទកភាពណាស់របស់ប្រទេសកម្ពុជា ដើម្បីសា្ថបនាស្ពានមួយនេះបាន»។ នេះជាការលើកឡើងរបស់សម្តេច។
ស្ពានកោះប៉ែន ត្រូវបានកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ មកម្លេះ។ ស្ពាននេះមានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ ដែលឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

