បង់ ១៥ដុល្លារ ពេលភ្ញៀវឃើញសត្វកម្រមួយប្រភេទ ក្នុងតំបន់អេកូទេសចរណ៍អណ្ដូងក្រឡឹង

មណ្ឌលគិរី៖ ពពួកសត្វកម្រ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាតំបន់អេកូទេសចរណ៍ធម្មជាតិអណ្ដូងក្រឡឹង ក្នុងខេត្តមណ្ឌលគិរី។--
បន្ថែមលើថ្លៃស្នាក់នៅ ម្ហូបអាហារ និងថ្លៃសេវាកម្មផ្សេងៗទៀត ភ្ញៀវទេសចរ ត្រូវបង់ប្រាក់លើការមើលឃើញសត្វកម្រក្នុងតំបន់អេកូទេសចរណ៍អណ្ដូងក្រឡឹង។ សត្វកម្រ៤ប្រភេទ ដែល ភ្ញៀវនិយមបង់ថ្លៃទស្សនា មានដូចជា ទោចថ្ពាល់លឿង ស្វាកន្ទុយស ប៉ាក់ខ្ទៀវពោះបង្កង់ និងមាន់ទោពណ៌ប្រាក់។

បើតាមលោក ណាច ណប់ អ្នកសម្របសម្រួលនៅក្នុងតំបន់អេកូទេសចរណ៍អណ្ដូងក្រឡឹង អ្នកទេសចរណ៍មកកម្សាន្តនៅតំបន់នេះ ព្រោះចង់ឃើញពពួកសត្វកម្រ។ លោកបន្ថែមថា ភ្ញៀវបានកំណត់ប្រភេទសត្វកម្រ ដែលខ្លួនចង់ទស្សនា រួចត្រូវបង់ថ្លៃ ១៥ដុល្លារ បើឃើញសត្វនោះ។

ប៉ុន្តែនេះមិនមែនជាការទស្សនាសត្វព្រៃក្នុងទ្រុងនោះទេ។ ទេសចរមកតំបន់នេះ ត្រូវដើរព្រៃជាមួយអ្នកនាំផ្លូវ ដើម្បីស្វែងរកសត្វផ្សេងៗ ក៏ដូចជាទស្សនាទេសភាពក្នុងតំបន់ទាំងមូល។
ជាទេសចរមកពីប្រទេសអង់គ្លេស លោកស្រី ឡឺ វ៉ាន់តា ដែលបានមកកម្សាន្តតំបន់នេះជាមួយស្វាមី បានបង្ហាញការពេញចិត្តនឹងការមកទស្សនាតំបន់អេកូធម្មជាតិមួយនេះ។ លោកស្រីថ្លែងដូច្នេះថា៖«ខ្ញុំពិតជារំភើបដែលបានមកកាន់ទីកន្លែងដ៏ស្រស់ស្អាតមួយនេះ ជាពិសេសខ្ញុំបានឃើញសត្វស្វាកន្ទុយស ដែលជាសត្វកម្រមួយ»។ លោកស្រីបន្ថែមថា កម្ពុជាសម្បូរសត្វស្លាប និងថនិកសត្វផ្សេងៗ ដែលលោកស្រីចង់ឃើញ និងស្វែងយល់ពីសត្វទាំងនោះ។


អេកូទេសចរណ៍អណ្ដូងក្រឡឹង ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១២ ដែលគ្រប់គ្រងដោយសហគមន៍នៅទីនោះ ដោយមានការសម្របម្រួល និងផ្ដល់បច្ចេកទេសពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ។ តំបន់ទេសចរណ៍មួយនេះ ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី លើផ្ទៃដីជាង ១៤០០ហិកតា ដែលជាទីតាំងទេសចរណ៍សក្ដានុពលមួយរបស់តំបន់ដែនជម្រកសត្វព្រៃកែវសីមា។ មិនមែនមានត្រឹមតែសត្វកម្រ តំបន់អេកូទេសចរណ៍នេះមានសត្វព្រៃជាង ៣០០ប្រភេទឯណោះ។


ក្នុងឆ្នាំ២០១៧ អេកូទេសចរណ៍អណ្ដូងក្រឡឹងទទួលបានភ្ញៀវទេសចរ ២៥០នាក់ ធៀបនឹង ១៨៥នាក់ កាលពីឆ្នាំ២០១៦ ។ កម្រៃពីការមើលសត្វកម្រសរុបមានចំនួនជាង ៣០០០ដុល្លារ និងជាង ៦០០០ដុល្លារផ្សេងទៀតជាការចំណាយរបស់ភ្ញៀវលើសេវាកម្មផ្សេងៗ។ លោក តាន់ សេដ្ឋា ទីប្រឹក្សាអង្គការ WCS Cambodia ឲ្យដឹងថា ថវិកាទាំងនេះ បានផ្ដល់ចំណូលដល់គ្រួសារសហគមន៍បានមួយចំនួន ខណៈថវិកាមួយផ្នែកត្រូវយកទៅអភិវឌ្ឍន៍សហគមន៍ និងអភិរក្សសត្វព្រៃ ព្រៃឈើ ក្នុងតំបន់នោះ។


ដែនជម្រកសត្វព្រៃកែវសីមា មានតំបន់អេកូធម្មជាតិដល់ទៅ ១៤កន្លែង ប៉ុន្តែទើបតែរៀបចំបានមួយកន្លែងនៅអណ្ដូងក្រឡឹង។ នេះបើតាមលោក តាន់ សេដ្ឋា ដែលបានជំរុញឲ្យស្ថាប័នរដ្ឋគិតគូររៀបចំតំបន់អេកូទេសចរណ៍ដែលនៅសេសសល់ទាំងនោះ។ លោកអះអាងថា ការបង្កើតតំបន់អេកូទេសចរណ៍ធម្មជាតិ នឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ និងការងារអភិរក្សសត្វ និងព្រៃឈើ ព្រមទាំងវិស័យទេសចរណ៍របស់ខេត្ត៕

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

