
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបើកពិធីបុណ្យសមុទ្រលើកទី៦នៅខេត្តកែបនាល្ងាចថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៧ នេះនៅមុខសាលាខេត្តកែប។ បុណ្យសមុទ្រក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន» នៅឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
ពិធីបុណ្យក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះនឹងបើកដំណើរការជាផ្លូវការនៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមវត្តមានសម្តេច ហ៊ុន សែន។ ទោះបីពិធីបុណ្យសមុទ្រលើកទី៦ទើបបើកជាផ្លូវនៅថ្ងៃនេះ តែព្រឹត្តិការណ៍នេះបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ។
បើយោងតាមលោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ៥ម៉ឺនបានមកទស្សនាដើរកម្សាន្តនៅពិធីបុណ្យសមុទ្រក្នុងថ្ងៃដំបូង។ លោករំពឹងថា បន្ទាប់ពីពិធីបើកផ្លូវការក្រោមវត្តមានសម្តេច ហ៊ុន សែន នៅល្ងាចនេះ នឹងទទួលបានភ្ញៀវទេសចរណ៍ពី៧ទៅ៨ម៉ឺននាក់នៅថ្ងៃបុណ្យសមុទ្រថ្ងៃទី២នេះ។
ពិធីបុណ្យសមុទ្រដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រៅពីធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាតំបន់ទេសចរណ៍ឆ្នេរសមុទ្រខេត្តកែប ក៏ដើម្បីបញ្ជ្រាបការយល់ផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ដល់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះចង់ឲ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករយល់ដឹងពីគុណតម្លៃនៃផលិតផលទេសចរណ៍ធម្មជាតិ និងរបៀបផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរណ៍។
ដើម្បីអបអរពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ ក្រៅពីការប្រកួតនិងសម្តែងកីឡា១១ប្រភេទដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានការតាំងស្តង់ពិព័រណ៍ផលិតផលអន្តរជាតិកម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌា ការប្រគំតន្ត្រី និងសម្តែងសិល្បៈអន្តរជាតិដែលជាការសម្តែងរួមគ្នារវាងក្រុមសិល្បៈកម្ពុជា ថៃ ចិន និងឥណ្ឌាផងដែរ៕
relate
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

