កណ្តុរហិតមីន មានសមត្ថភាពអាចរុករកសារធាតុផ្ទុះក្នុងជម្រៅដីពី៣០ ទៅ ៤០ សង់ទីម៉ែត្រ
សៀមរាម៖ សត្វកណ្តុរ និងសុនខ បាននិងកំពុងក្លាយជាឧបករណ៍ជំនួយរាវរកមីនដ៏សំខាន់ សម្រាប់បណ្តាប្រទេសមួយចំនួន ក្នុងនោះក៏មានកម្ពុជាផងដែរ។ កណ្តុរហិតមីន ត្រូវបាននាំចូលដោយអង្គការ អាប៉ូប៉ូ (Apopo) ដែលជាដៃគូដ៏សំខាន់របស់អង្គការ ស៊ីម៉ាក់។
សត្វកណ្តុរហិតមីន ត្រូវបាននាំចូលពីប្រទេសនៅតំបន់អាហ្វ្រិក។ គេត្រូវបន្សុាំវាឱ្យផ្សុាំទៅនឹងអាកាសធាតុនៅតំបន់រាវរកមីនយ៉ាងហោចណាស់ចន្លោះពី ១ឆ្នាំទៅ២ឆ្នាំ មុននឹងដាក់វាឱ្យប្រតិបត្តិការរុករកសារធាតុផ្ទុះផ្សេងៗ។ នេះបើតាមការឱ្យដឹងពីលោក ផូម៉ាកាហ្សី ជនជាតិអង់គ្លេស ដែលជាប្រធានគម្រោងរបស់ អង្គការ អេប៉ូប៉ូ ដែលមានស្នាក់ការនៅខេត្តសៀមរាប ។
លោក ផូ ម៉ាកាហ្សី បានបន្តឱ្យដឹងថា កណ្តុរហិតមីន អាចប្រតិបត្តិការរុករកសារធាតុផ្ទុះពី៦ឆ្នាំ ទៅ៨ឆ្នាំ ដោយវាមានសមត្ថភាពហិតក្នុងជម្រៅដីពី ៣០ ទៅ៤០ សង់ទីម៉ែត្រឯណោះ។ អ្វីដែលពិសេសទៀតនោះ គឺវាមានសមត្ថភាពហិតរកតែសារធាតុរំសេវ ឬជាតិផ្ទុះតែប៉ុណ្ណោះ ខុសពីគ្រឿងម៉ាស៊ីន ដែលពិបាកក្នុងការរុករក ព្រោះថា វាចាប់រាល់សារធាតុដែក ដែលមានក្នុងដី ដែលធ្វើឱ្យយឺតយ៉ាវក្នុងការសម្អាតមីននៅកម្ពុជា។
នៅខេត្តសៀមរាប សត្វកណ្តុរ និងសុនខ ត្រូវបានគេដាក់ក្នុងប្រតិបត្តិការហិតមីននៅគោលដៅឃុំស្រែណូយ ស្រុកវ៉ារិន ជាមួយសកម្មភាពប្រតិបត្តិការរាវរកមីនរបស់កងឯកភាពចំចាត់មីនកម្ពុជាទី៤ ដែលមានទីបញ្ជាការនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ តាមប្រធានអង្គការ អាប៉ូប៉ូ សត្វកណ្តុរសម្រាប់ហិតមីននេះ គឺមានអាជ្ញាបណ្ណ័បញ្ជាក់ពីប្រទេសដៃគូរ ក្រោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវរួចមក ថាវាពិតជាមានសមត្ថភាពហិតក្លិនរកសារធាតុមីន ឬគ្រឿងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះ។ សត្វកណ្តុរ វាធ្វើការដូចទៅនឹងមនុស្សដែរ គឺវាអាចធ្វើការបានយូរ នៅពេលអាកាសធាតុត្រជាក់ល្អ ហើយវាធន់នឹងអាកាសធាតុរហូតដល់៣៩អង្សាសេ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com