កម្ពុជា ដាក់តំបន់ធម្មជាតិ២ទៀតនៅក្រចេះ និងកំពង់ឆ្នាំង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចដាក់តំបន់ធម្មជាតិចំនួន២ទៀត ដែលមានផ្ទៃដីសរុបជិត៦ពាន់ហិកតា ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង និងឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ តំបន់ទាំង២ មានតំបន់«សសរស្តម្ភសត្វតោ» ៨៣៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ និងតំបន់«ភ្នំនាងកង្រី-ភ្នំទូកមាស» ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

តំបន់«សសរស្តម្ភសត្វតោ» និង«ភ្នំនាងកង្រី-ភ្នំទូកមាស» ដែលមានផ្ទៃដីសរុបជិត៦ពាន់ហិកតា ត្រូវបានរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ តាមក្រសួងបរិស្ថាន តំបន់«ភ្នំនាងកង្រី-ភ្នំទូកមាស» មានផ្ទៃដី៥០៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រីឯតំបន់«សសរស្តម្ភសត្វតោ» មានផ្ទៃដីសរុបចំនួន៨៣៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ។
មានគោលបំណង៥យ៉ាង ដែលក្រសួងបរិស្ថាន ស្នើឲ្យរបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទាំងពីរនេះ។ ទី១ គឺដើម្បីធានាឱ្យមានការថែទាំទីជម្រក និងស្ថេរភាព នៃប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់យូរអង្វែង។ ទី២ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ទី៣ លើកទឹកចិត្តឲ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព។ ទី៤ បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី តំបន់ការពារធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។ និងទី៥ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។
តំបន់ប្រើប្រាស់ច្រើនយ៉ាង សំដៅដល់តំបន់ក្នុងដែនដីគោក ឬដែនទឹក ដែលសម្បូរដោយប្រព័ន្ធធម្មជាតិ និងពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឲ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការការពារ ការថែទាំធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ពេលយូរអង្វែង។ ទន្ទឹមនឹងនេះដែរ វាអាចផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន កម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៥០កន្លែង ដោយបូកបញ្ចូលតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស»និង«សសរស្តម្ភសត្វតោ» និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៧,៥លានហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីទូទាំងប្រទេស៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

