
កោះកុង៖ អណ្ដើកហ្លួង ឬ អណ្ដើកសរសៃ ជាអណ្ដើកមួយប្រភេទក្នុងចំណោមអណ្ដើកទាំង ២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើសកលលោក។ អណ្ដើកហ្លួង ជាប្រភេទអណ្ដើកដែលជិតផុតពូជនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ អណ្តើកហ្លួង ត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា កាលពីឆ្នាំ២០០៥។ នៅកម្ពុជា មានដែនជម្រកអណ្ដើកហ្លួងតែមួយគត់ គឺក្នុងតំបន់ប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។
អណ្ដើកហ្លួងនៅកម្ពុជា ត្រូវបានគេគិតថាផុតពូជទៅហើយ ប៉ុន្តែនៅក្នុងឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វារស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង។ បើតាមអង្គការ WCS នៅឆ្នាំ២០០១ អង្គការ WCS បានសហការជាមួយរដ្ឋបាលជលផល ចាប់ផ្ដើមកម្មវិធីការពារសំបុកដោយមានការចូលរួមពីប្រជាសហគមន៍នៅស្រុកស្រែអំបិល។
ដើម្បីអភិរក្សសត្វអណ្ដើកហ្លួងនៅកម្ពុជា អង្គការ WCS និងរដ្ឋបាលជលផល បានជ្រើសរើសអតីតអ្នកប្រមូលពង និងកូនអណ្ដើកហ្លួង ឲ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោង ដើម្បីស្វែងរក និងការពារសំបុកអណ្ដើកហ្លួង ជំនួសឲ្យការប្រមូលយកពងទៅលក់។ បន្ថែមលើនេះ ក្នុងឆ្នាំ២០១៧នេះ ពងអណ្ដើកហ្លួងចំនួន ១ សំបុក មានពងចំនួន ១៤គ្រាប់ ត្រូវបានអ្នកភូមិនប្រទះឃើញនៅតាមបណ្ដោយឆ្នេរព្រែកក្អោងដែលជាផ្នែកមួយនៃប្រព័ន្ធព្រែកស្រែអំបិល។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCS បញ្ជាក់ថា សត្វអណ្ដើកហ្លួងនៅកម្ពុជា ជាប្រភេទអណ្ដើកដែលជិតផុតពូជ និងបានចាត់ទុកជាសត្វល្មូនតំណាងកម្ពុជាផងដែរ។ ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCSរូបនេះ បន្ថែមថា អង្គការ WCS និងរដ្ឋបាលជលផល បានលែងអណ្ដើកហ្លួង ទៅរស់នៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដើម្បីតាមដានពីការបំលាស់ទី ការប្រើប្រាស់ទីជម្រក និងការរស់រានរបស់វា ព្រោះទីតាំងនេះ ជាទីតាំងតែមួយគត់របស់អណ្ដើកហ្លួងនៅកម្ពុជា។
លោក សោម ស៊ីថា លើកឡើងថា បញ្ហាប្រឈមសម្រាប់អណ្ដើកហ្លួង កើតឡើងពីការកាប់បំផ្លាញព្រៃឈើ ការបូមខ្សាច់ និងការនេសាទខុសច្បាប់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អង្គការ WCS បានអប់រំដល់ពលរដ្ឋក្នុងសហគមន៍ពីសារប្រយោជន៍របស់អណ្ដើកហ្លួង និងការអភិរក្សសត្វអណ្ដើកហ្លួងនេះ។
សូមបញ្ជាក់ថា អណ្ដើកហ្លួង មានរស់នៅតែក្នុងប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ពិសេសចំនួនរបស់ពួកវានៅលើសាកលលោកមានប្រមាណ៥០០-៧០០ក្បាលប៉ុណ្ណោះ។ សម្រាប់កម្ពុជា នៅមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនក្នុងខេត្តកោះកុង មានអណ្ដើកហ្លួងចំនួន ១៩៣ក្បាល រួមទាំងក្នុងប្រព័ន្ធព្រែកស្រែអំបិលមួយចំនួនទៀតផងដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

