មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​កោះកុង ដាក់​ដំណើរការ​សម្រាប់​អភិរក្ស​អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី ដែល​ជិត​ផុត​ពូជ

30/11/-0001 12:00 am កោះកុង

​កោះកុង​៖ មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា​នេះ​។ មជ្ឈមណ្ឌល​នេះ ផ្ដោតលើ​ការអភិរក្ស និង​ការ​បង្កាត់​ពូជ​សត្វ​អណ្ដើក​ហ្លួង​និង​ក្រពើ​ត្រី ដែល​កំពុង​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ​នៅ​កម្ពុជា​។



​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​នេះ មាន​សត្វ​អណ្ដើក​ហ្លួង​ចំនួន ១៩៣ ក្បាល និង​ក្រពើ​ត្រី​ចំនួន ២១​ក្បាល ដែល​ត្រូវ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ថែរក្សា ចិញ្ចឹម​និង​បង្កាត់​។ មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង មាន​ទំហំ ៩.៧ ហិកតា ដោយ​ចំណាយ​ថវិកា​ប្រមាណ​២០​ម៉ឺន​ដុល្លារ លើ​ការទិញ​ដី និង​សាងសង់ រួមទាំង​សម្ភារ​ឧបករណ៍​ផ្សេងៗ ដែល​ស្ថិតនៅ​ភូមិ​ទួល​គគីរ​លើ ឃុំ​ទួល​គគីរ ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង​។



​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ខេត្តកោះកុង​នៃ​អង្គការ WCS បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​នេះ មាន​លក្ខណៈ​ស្ដង់ដា​អន្តរជាតិ សម្រាប់​ការរស់នៅ​រប​ស់ស​ត្វ​។ លោក សោម ស៊ីថា បាន​បន្តថា បញ្ហា​ប្រឈម​របស់​អណ្ដើក​ហ្លួង គឺ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បូម​ខ្សាច់ រួមទាំង​ការនេសាទ​ខុសច្បាប់​។

​ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ខេត្តកោះកុង​នៃ​អង្គការ WCS​រូបនេះ បាន​បញ្ជាក់ថា ៖«​គោលបំណង​ចម្បង​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​នេះ គឺ​ដើម្បី​បង្កាត់​ពូជ​អណ្ដើក​ហ្លួង សម្រាប់​លែង​ឲ្យ​រស់នៅក្នុង​តំបន់​ធម្មជាតិ​វិញ​»​។

​លោក Joe Waltson ប្រធាន​អង្គការ​WCS បាន​បញ្ជាក់ថា មូលហេតុ​សំខាន់​ចំនួន ៣ ដែល​នាំ​មានជោគ​ជ័យ​លើ​ការអភិរក្ស​អណ្ដើក​ហ្លួង គឺ​ការ​ខំប្រឹង​របស់​WCS និង​រដ្ឋបាល​ជលផល រួមទាំង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​។



​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​នេះ ជា​កិច្ចប្រឹងប្រែង​រួមគ្នា​រវាង​រដ្ឋបាល​ជល​ផល និង​អង្គការ WCS ដើម្បី​សង្គ្រោះ​សត្វ​អណ្ដើក​ហ្លួង​នៅ​កម្ពុជា​។ ជាមួយគ្នានេះ​សត្វ​អណ្ដើក​ហ្លួង ជា​សត្វ​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក ក្នុងចំណោម​អណ្ដើក​ទាំង​២៥​ប្រភេទ ដែល​ប្រឈម​គ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត​៕













ព័ត៌មានទាក់ទង