លិង្គព្រះឥសូរធ្វើពីថ្មភក់ ត្រូវបានយកទៅកម្កល់ទុកក្នុងសារមន្ទីរជាតិ ក្នុងខេត្តព្រះវិហារ

លិង្គព្រះឥសូរ ដែលសាងពីថ្មភក់ ដែលត្រូវបានបុរាណវិទូ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ ប្រទះឃើញកាលពីខែមេសា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានយកទៅតម្កល់ទុកនៅសារមន្ទីរជាតិ នៃខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកញ្ញា។ បើតាមអគ្គនាយកដ្ឋានអជ្ញាធរជាតិប្រាសាទព្រះវិហារ លិង្គព្រះឥសូរនេះ ឆ្លាក់នៅដំណាក់កាលមួយនៅពេលសាងសង់ប្រាសាទព្រះវិហារ ក្នុងអំឡុងសតវត្សរ៍ទី១១ និង១២។

លិង្គព្រះឥសូរដែលសាងពីថ្មភក់ ត្រូវបានយកទៅតម្កល់ទុកនៅសារមន្ទីរជាតិ ដែលស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុក ជាំក្សាន្តនៃខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកញ្ញា។ លិង្គព្រះឥសូរ ត្រូវបានក្រុមបុរាណវិទូ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ ប្រទះឃើញ នៅពេលចុះសិក្សាស្រាវជ្រាវ ប្រព័ន្ធបង្ហូរទឹកបុរាណនៅសងខាងជណ្ដើរ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១៧កន្លងទៅ។

បើតាមលោក គឹម សេតតារា អគ្គនាយកដ្ឋានអជ្ញាធរជាតិប្រាសាទព្រះវិហារ ដែលដកស្រង់សំដីដោយសារព័ត៌មានជាតិ (AKP) លិង្គព្រះឥសូរនេះ មានប្រវែង២,១៤ ម៉ែត្រ ផ្នែកក្រោមខាងគល់ ឆ្លាក់រាងបួនជ្រុង មានប្រវែង១,២២ម៉ែត្រ និងមានកម្ពស់០,៤៦ម៉ែត្រ។ រីឯផ្នែកកណ្ដាល រាងប្រាំបីជ្រុង មានប្រវែង០,៤៦ម៉ែត្រ និងផ្នែកខាងលើ ឬខាងចុង ឆ្លាក់រាលមូល មានប្រវែង០,៤៦ម៉ែត្រ ហើយមានអង្កត់ផ្ចិត០,២៥ម៉ែត្រ។ លិង្គនេះ ឆ្លាក់នៅដំណាក់កាលមួយនៅពេលសាងសង់ប្រាសាទព្រះវិហារ ក្នុងអំឡុងសតវត្សរ៍ទី១១ និង១២។ នេះបើតាម អគ្គនាយកដ្ឋានអជ្ញាធរជាតិប្រាសាទព្រះវិហារដដែល។

តាមលោក គឹម សេតតារា ក្រោយប្រទះឃើញ ក្រុមការងារបានសម្រេចធ្វើកំណាយបុរាណវិទ្យា នៅថ្ងៃទី២៤ និងទី២៥ ខែ មេសា បន្តទៀត ដើម្បីសិក្សាលម្អិតអំពីប្រភព និងមូលហេតុដែលលិង្គព្រះឥសូរនៅទីតាំងនោះ។ នៅក្នុងរណ្ដៅកំណាយជាមួយលិង្គព្រះឥសូរនេះ ក្រុមការងារ ក៏ប្រទះឃើញមានបំណែកឧបករណ៍ថ្ម កិនថ្នាំបុរាណមួយដុំ ដែលធ្វើអំពីថ្មភក់ បណ្ដោយប្រវែង១៧សង់ទីម៉ែត្រ និងទទឹង១៦សង់ទីម៉ែត្រ និងកម្រាស់៤សង់ទីម៉ែត្រផងដែរ។ នេះបើតាមលោក គឹម សេតតារា ដែលបានបន្តទៀតថា បំណែកនេះ បានបាក់មួយចំហៀង គឺបំណែកលាលភាជន៍ ដែលដុតក្នុងសីតុណ្ហភាពមធ្យម និងបំណែកភាជន៍ដុតក្នុងសីតុណ្ហភាពទាប និងបំណែកភាជន៍ពណ៌សឺឡែន។ ក៏មានដែរ បំណែកក្បឿង ដែលផលិតនៅសម័យអង្គរ៕
ប្រភព៖AKP
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

